លោក គីម ជុងអ៊ុន និយាយថា ស្ថានភាពស្បៀងអាហារមានភាពតានតឹង ដោយសារព្យុះទីហ្វុង និងកូវីដ១៩

0
119

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសនេះ មានភាពប្រសើរឡើងនៅឆ្នាំនេះ ប៉ុន្តែបានអំពាវនាវឱ្យមានវិធានការ ដើម្បីដោះស្រាយស្ថានភាពស្បៀងអាហារ ដែលបណ្តាលមកពីគ្រោះមហន្តរាយនៃការរាតត្បាតជំងឺកូវីដ១៩ និងព្យុះទីហ្វុង កាលពីឆ្នាំមុន។ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បានឱ្យដឹងថា លោក គីម បានដឹកនាំកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សពលករកំពុងកាន់អំណាច កាលពីថ្ងៃអង្គារ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាពលើគោលនយោបាយសំខាន់ៗ និងវិធានការសិប្បកម្ម ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច។ គណៈកម្មាធិការបានកំណត់គោលដៅនិងភារកិច្ច ដើម្បីសម្រេចផែនការសេដ្ឋកិច្ច រយៈពេល ៥ ឆ្នាំថ្មីរបស់ខ្លួន ដែលបានគូសបញ្ជាក់នៅក្នុងសម័យប្រជុំមុនរបស់ខ្លួន នៅក្នុងខែកុម្ភៈ រួមមាន ការបង្កើនផលិតកម្មអាហារ និងលោហៈ។ លោក គីម បាននិយាយថា សេដ្ឋកិច្ចទាំងមូលបានប្រសើរឡើង នៅឆមាសទីមួយ នៃឆ្នាំនេះ ដោយទិន្នផលឧស្សាហកម្មមានការកើនឡើង ២៥ ភាគរយ ពីឆ្នាំមុន។ លោកបាននិយាយថា “មានគម្លាតជាបន្តបន្ទាប់” នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្ស ក្នុងការអនុវត្តផែនការនេះ ដោយសារតែមានឧបសគ្គជាច្រើន។ លោក គីម បាននិយាយថា “ស្ថានភាពស្បៀងអាហាររបស់ប្រជាជនឥឡូវនេះ កាន់តែតានតឹង ដោយសារវិស័យកសិកម្មមិនបានបំពេញតាមផែនការ ឯគ្រាប់ធញ្ញជាតិខូចខាតដោយព្យុះទីហ្វុង កាលពីឆ្នាំមុន”។ កាលពីខែមករា លោក គីម បាននិយាយថា ផែនការសេដ្ឋកិច្ច រយៈពេល ៥ ឆ្នាំ មិនទទួលបានជោគជ័យស្ទើរតែគ្រប់វិស័យទាំងអស់ ខណៈវិស័យថាមពលដ៏រ៉ាំរ៉ៃ និងកង្វះស្បៀងអាហារកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារការដាក់ទណ្ឌកម្ម ការរាតត្បាតនៃជំងឺ និងទឹកជំនន់។ ប្រទេសកូរ៉េខាងជើងមិនបានបញ្ជាក់ជាផ្លូវការនូវករណីកូវីដ ១៩ នោះទេ ប៉ុន្តែប្រទេសឯកោមួយនេះ បានដាក់ចេញនូវវិធានការប្រឆាំងនឹងការរាតត្បាយនៃជំងឺកូវីដ១៩ យ៉ាងតឹងរឹង រួមមាន ការបិទព្រំដែន និងការរឹតត្បិតការធ្វើដំណើរក្នុងស្រុក។ កម្មវិធី COVAX ដែលជាគំនិតផ្តួចផ្តើមសកល សម្រាប់ចែករំលែកវ៉ាក់សាំងកូវីដ១៩ ជាមួយប្រទេសក្រីក្រ បាននិយាយថា ខ្លួននឹងផ្តល់វ៉ាក់សាំងជិត ២ លានដូស ដល់កូរ៉េខាងជើង ប៉ុន្តែការដឹកជញ្ជូនត្រូវបានពន្យាពេល ចំពេលមានការពិគ្រោះយោបល់៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here