លោក ចូ បៃដិន តែងតាំងឯកអគ្គរដ្ឋទូតប្រចាំអ៊ីស្រាអែល ម៉ិកស៊ិក និងអង្គការណាតូ

0
53

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃអង្គារ បានប្រកាសតែងតាំងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ីស្រាអែល ម៉ិកស៊ិក និងអង្គការណាតូ ខណៈដែលលោកកំពុងព្យាយាមពង្រឹងសម្ព័ន្ធមិត្តរបស់អាមេរិក នៅក្នុងតំបន់ដែលមានភាពតានតឹង។ ក្នុងចំណោមបញ្ជីឈ្មោះដែលប្រកាសដោយសេតវិមាន កាលពីថ្ងៃអង្គារ មានលោក Thomas Nides ដែលធ្លាប់បំរើការជាឧបការីរងរដ្ឋមន្ត្រីការបរទេស ក្រោមអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដើម្បីធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅអ៊ីស្រាអែល។ សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិកកំពុងស្វាគមន៍រដ្ឋាភិបាលថ្មីមួយ បន្ទាប់ពីសភាអ៊ីស្រាអែលបានបញ្ចប់ការកាន់អំណាច រយៈពេល ១២ ឆ្នាំរបស់លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ពីនាយករដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យ។ លោក បៃដិន ក៏បានជ្រើសរើសលោក Ken Salazar ដែលជាអតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីរដ្ឋ Colorado ជាឯកអគ្គរដ្ឋទូតរបស់លោកប្រចាំនៅម៉ិកស៊ិក។ ប្រទេសនេះ គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់សហរដ្ឋអាមេរិក ហើយរដ្ឋបាលលោក បៃដិន កំពុងធ្វើការ ដើម្បីគ្រប់គ្រងអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក។ លោកក៏បានជ្រើសរើសអ្នកជំនាញផ្នែកសន្តិសុខ Julianne Smith ដើម្បីធ្វើជាតំណាងឱ្យសហរដ្ឋអាមេរិក នៅក្រុមប្រឹក្សានៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលជាកម្លាំងដ៏ខ្លាំងប្រឆាំងនឹងរុស្ស៊ី។ លោក បៃដិន និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងជួបគ្នានៅទីក្រុងហ្សឺណែវ នៅថ្ងៃពុធនេះ នៅពេលដែលមានភាពតានតឹងកើនឡើង រវាងមហាអំណាចទាំងពីរ។ សេតវិមានក៏បាននិយាយផងដែរថា លោក បៃដិន ក៏បានជ្រើសរើសយកលោក Sullenberger ធ្វើជាឯកអគ្គរដ្ឋទូត និងធ្វើជាតំណាងសហរដ្ឋអាមេរិក នៅក្រុមប្រឹក្សានៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ លោក Sullenberger បានទទួលកិត្តិនាមល្បីល្បាញ ក្នុងឆ្នាំ២០០៩ បន្ទាប់ពីលោកបើកយន្តហោះ Airbus A320 របស់លោក ទៅរកការចុះចតដោយសុវត្ថិភាព នៅលើដងទន្លេ Hudson បន្ទាប់ពីបុកប៉ះហ្វូងសត្វស្លាប នៅក្នុងអ្វីដែលត្រូវបានគេស្គាល់ថា ជាអព្ភូតហេតុនៅលើទន្លេ Hudson។ លោកក៏បានចូលរួមជាមួយលោក បៃដិន នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីផងដែរ។ លោក Biden ក៏បានតែងតាំងឯកអគ្គរដ្ឋទូតប្រចាំប្រទេសស្រីលង្កា ហ្កាំបៀរ ហ្គីណេ ប៉ារ៉ាហ្គាយ និងកូស្តារីកាផងដែរ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here