រដ្ឋាភិបាលកោះតៃវ៉ាន់បានបញ្ជាក់ថា យន្តហោះកងទ័ពអាកាសចិន ចំនួន ២៨ គ្រឿង ដែលក្នុងនោះរួមមានទាំង យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក ដែលមានសមត្ថភាពអាចផ្ទុកអាវុធនុយក្លេអ៊ែរបានផងដែរនោះ បានហោះចូលក្នុងតំបន់ការពារដែនអាកាស (ADIZ) របស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ។ ទោះបីជាមិនទាន់មានការបកស្រាយណាមួយភ្លាមៗពីរដ្ឋាភិបាលក្រុងប៉េកាំងក៏ដោយ ក៏ព័ត៌មាននេះបានលេចឡើង បន្ទាប់ពីក្រុមប្រទេស G-7 បានចេញសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃអាទិត្យ រិះគន់ប្រទេសចិនលើបញ្ហាជាច្រើន និងបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ ការលើកឡើងរបស់ក្រុមប្រទេស G-7 នេះ ត្រូវបានចិនថ្កោលទោសថា ជា «ការមួលបង្កាច់»។ កោះតៃវ៉ាន់បានត្អូញត្អែរក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះថា កងទ័ពអាកាសចិនបានធ្វើបេសកកម្មម្តងហើយម្តងទៀត នៅជិតដែនដីនៅភាគនិរតី នៃតំបន់ការពារដែនអាកាសរបស់ខ្លួន នៅជិតប្រជុំកោះ Pratas ដែលខ្លួនត្រួតត្រា។ ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា បេសកកម្មថ្មីចុងក្រោយបំផុតរបស់ចិននេះមានការចូលរួមពីយន្តហោះចម្បាំងប្រភេទ J-16 ចំនួន ១៤ គ្រឿង យន្តហោះចម្បាំងប្រភេទ J-11 ចំនួន ៦ គ្រឿង យន្តហោះទម្លាក់គ្រាប់បែកប្រភេទ H-6 ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរបាន ចំនួន ៤ គ្រឿង និងយន្តហោះប្រើមេដែកអគ្គិសនី ដែលអាចទប់ទល់នឹងនាវាមុជទឹក និងអាចឲ្យសញ្ញាជាមុន។ នេះ គឺជាការទន្ទ្រានទ្រង់ទ្រាយធំបំផុត ចាប់តាំងពីក្រសួងការពារជាតិតៃវ៉ាន់បានចាប់ផ្តើមរាយការណ៍ជាប្រចាំ អំពីសកម្មភាពរបស់កងទ័ពអាកាសចិន នៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ កាលពីឆ្នាំមុន៕ Reuters