ទិវាអូឡាំពិកនឹងរៀបចំ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១តាមប្រព័ន្ធអនឡាញ

0
278

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហើបឲ្យដឹងថាទិវាអូឡាំពិក(Olympic Day)
នឹងរៀបចំនៅថ្ងៃទី២៣មិថុនាខាងមុខនេះតាមប្រព័ន្ធអនឡាញ ។
នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងថានៈជាសមាជិកពេញសិទ្ធិរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោមការចង្អុលបង្ហាញពីឯកឧត្តមថោង ខុនប្រធានគណៈកម្មាធិការជារិអូឡាំពិកកម្ពុជា។
ជារៀងរាល់ឆ្នាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិ((IOC)តែងតែដាក់ចេញនូវគោលការណ៍នេះឲ្យបណ្តាប្រទេសជាសមាជិកនានានៅលើពិភពលោក រៀបចំទិវាអូឡាំពិកពិភពលោក នៅក្នុងខែមិថុនា ក្នុងគោលបំណងផ្សព្វផ្សាយក្រើនរំឭកនូវចលនាអូឡាំពិក ដាស់ស្មារតីមនុស្សជាតិនៅលើពិភពលោក ឲ្យបានស្គាល់ពីគុណតម្លៃអូឡាំពិក គុណតម្លៃនៃជីវិត និង សកម្មភាពកីឡា។

នៅក្នុងការរំឭកគុណនៃទិវាអូឡាំពិកនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងប្រារព្ធពិធីដ៏ពិសេសមួយនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ដែលមិនអាចប្រមូលផ្តុំគ្នាបាន ហើយអូឡាំពិកអន្តរជាតិ ក៏ធ្លាប់បានណែនាំឲ្យបណ្តាប្រទេសនានាជុំវិញពិភពលោក ឲ្យធ្វើដូចៗគ្នា ដូចជាការរួបរួមគ្នាហាត់ប្រាណ ដើម្បីឈ្នះជំងឺកូវីដ-១៩។
ដូច្នេះ មានន័យថា ទិវាអូឡាំពិកនេះ នឹងជួយបំផុសឲ្យកីឡាករ កីឡាការិនី បានរស់នៅដោយសកម្ម ធ្វើសកម្មភាពឲ្យបានខ្លាំងក្លា ក្នុងបរិបទថ្មី ដែលមិនអាចធ្វើទំនាក់ទំនងបានល្អប្រសើរក្នុងសង្គម ដូចកាលពីពេលមុនបាន។

ហេតុនេះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងប្រមែលប្រមូល អត្តពលិកអូឡាំពិកកម្ពុជា ដែលធ្លាប់បានចូលរួមប្រកួតកីឡាអូឡាំពិក នឹងបង្ហាញខ្លួននៅក្នុងកម្មវិធី «ទិវាអូឡាំពិក» ដើម្បីណែនាំអំពីរបៀបរបបនៃការធ្វើលំហាត់ប្រាណ ជូនដល់ប្រជាពលរដ្ឋ យុវជននានា ឲ្យយល់ដឹង និងចូលរួមប្រកបដោយសុខភាព។
យើងនឹងរួមគ្នាបង្កើតព្រឹត្តិការណ៍ហាត់ប្រាណតាមប្រព័ន្ធអនឡាញនៅតាមផ្ទះរៀងៗខ្លួនដើម្បីទទួលបាននូវឱកាសផ្លាស់ប្តូរអារម្មណ៍ជាមួយគ្នារវាងប្រជាជន យុវជន និងកីឡាករ កីឡាការិនីអូឡាំពិក នៅក្នុងសង្គមរបស់យើង ដើម្បីបញ្ជ្រាបអំពីគុណតម្លៃ អត្ថប្រយោជន៍អូឡាំពិក សម្រាប់វិស័យអប់រំកាយ និងកីឡារបស់យើង»។

នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។
សូមបញ្ជាក់ថា តាមការគ្រោងទុក នឹងមានកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសរុបចំនួន១០០នាក់ នឹងចូលរួមក្នុងកម្មវិធីនេះ ក្នុងនោះមានក្រុមជម្រើសជាតិប្រដាល់សកល ទ្រីយ៉ាត្លុង ទោចក្រយាន ហុកគី កាយសម្ព័ន្ធ ហែលទឹក អត្តពលកម្ម ខណៈភ្ញៀវប្រចាំកម្មវិធី គឺកីឡាការិនី ស៊ន សៀវម៉ី និងកីឡាការិនី ហែម ថុនវិទិនី៕

LEAVE A REPLY

Please enter your comment!
Please enter your name here