ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានប្រាប់រស្មីកម្ពុជា ឲ្យដឹងថាៈ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ពោលគឺ រយៈពេល ៣ថ្ងៃ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានចុះរុះរើផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ សំណង់មិនរៀបរយ និងបែចិញ្ចឹមត្រី លើផ្ទៃទន្លេ នៅក្នុងខណ្ឌចំនួន ៥ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ រួមមានៈ ខណ្ឌព្រែកព្នៅ ខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ ខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ បានជាង ១.៣០០ ផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី និងនៅសេសសល់ មួយចំនួនទៀត កំពុងតែបន្តរុះរើ។
ប្រភពដដែល បាឲ្យដឹងថាៈ ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ សំណង់មិនរៀបរយ និងបែចិញ្ចឹមត្រី លើផ្ទៃទន្លេ ក្នុងខណ្ឌចំនួន ៥ ដែលបានរុះរើ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានដូចជាៈ
១. នៅខណ្ឌព្រែកព្នៅ ផ្ទះបណ្តែតទឹកមានចំនួនសរុប ៨២ រុះរើរួចទាំង ៨២ និងបែចិញ្ចឹមត្រី មានចំនួន ២៩៦ រុះរើបានចំនួន ១៧៩។
២. នៅខណ្ឌជ្រោយចង្វារ ផ្ទះបណ្តែតទឹក មានចំនួនសរុប ២១០ រុះរើរួចបានចំនួន ៩ និងបែចិញ្ចឹមត្រី មានចំនួន ១២៩ រុះរើបានចំនួន ៨៥។
៣. ខណ្ឌឫស្សីកែវ ផ្ទះបណ្តែតទឹក មានចំនួនសរុប ៣០៨ រុះរើរួច ទាំង ៣០៨ និងបែចិញ្ចឹមត្រី មានចំនួន ១៥៧ រុះរើបានចំនួន ១៤៧។
៤. ខណ្ឌច្បារអំពៅ ផ្ទះបណ្តែតទឹក មានចំនួនសរុប ២៤៩ រុះរើរួច ២១០ និងបែចិញ្ចឹមត្រី មានចំនួន ២៩៣ រុះរើបានចំនួន ២៤៧។
៥. ខណ្ឌមានជ័យ ផ្ទះបណ្តែតទឹក មានចំនួនសរុប ១២ រុះរើរួច ៩ និងបែចិញ្ចឹមត្រី មានចំនួន ៥ រុះរើទាំងអស់។
សរុបរួម ផ្ទះបណ្តែតទឹក នៅលើផ្ទៃទន្លេ ក្នុងខណ្ឌទាំង ៥ ខាងលើ មានចំនួន ៨៦១ រុះរើរួច បានចំនួន ៦២៨ និងបន្តរុះរើ ចំនួន ២៣៣ , បែចិញ្ចឹមត្រី សរុបរួមមាន ចំនួន ៨៨០ រុះរើរួច បានចំនួន ៧៦៣ និងកំពុងបន្តរុះរើ ចំនួន ១៧១។
ចំណែក លោក សាន សុខសីហា អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជាថាៈ ទាក់ទងនឹងដំណើរការ នៃការអនុវត្តតាមសេចក្តីណែនាំ របស់សាលារាជធានីភ្នំពេញ ស្តីពីការរុះរើបណ្តែតទឹក ផ្ទះទូកតូចៗ សំណង់មិនរៀបរយ និងបែចិញ្ចឹមត្រី លើផ្ទៃទន្លេ នៅក្នុងខណ្ឌ ចំនួន ៥ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ គឺឃើញមានការចូលរួម អនុវត្តច្រើន និងនៅមានមួយចំនួនតូច បន្តធ្វើការរុះរើ។
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ដោយប្រកាស ចំពោះអ្នករស់នៅ និងប្រកបបរបរ លើផ្ទៃទឹកទន្លេ ឱ្យរុះរើ ឬចល័ត ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយ ឱ្យអស់ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដោយទុករយៈពេល ៧ ថ្ងៃ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ ការរស់នៅ និងប្រកបមុខរបរ លើផ្ទៃទឹកទន្លេ បែបអនាធិបតេយ្យនេះ បានបង្កឱ្យរងផលប៉ះពាល់ ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ ពាសវាលពាសកាល ក្នុងទន្លេ ធ្វើឱ្យខូចខាតធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់សោភ័ណភាព រាជធានីភ្នំពេញ និងព្រមទាំងប៉ះពាល់ ដល់សុខភាព ប្រជាពលរដ្ឋ ដែលប្រើប្រាស់ទឹក មិនស្អាតផងដែរ។
ក្នុងអំឡុងពេល នៃការចុះអនុវត្ត ឱ្យរុះរើនោះផងទៀត គឺរដ្ឋបាលរាជធានីភ្នំពេញ មិនទទួលខុសត្រូវ រាល់ការខូចខាត ឬបាត់បង់ណាមួយនោះឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរសមត្ថកិច្ច នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕
ប្រភព :រស្មីកម្ពុជា