ក្រសួងបរិស្ថាននិងអង្គការ WCS កំពុងរៀបចំធ្វើសារពើភណ្ឌព្រៃឈើ សិក្សាលទ្ធភាពលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅដែនជម្រកសត្វព្រៃ ក្នុងខេត្តព្រះវិហារ

0
155

(ព្រះវិហារ)៖ ក្រោមការតាំងចិត្ត និងគោលនយោបាយការពារធនធានធម្មជាតិ ព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានក្រសួងបរិស្ថានជាសេនាធិការ កម្ពុជា បានក្លាយជាប្រទេសឈានមុនមួយក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ លើកិច្ចការងារលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្ត, ខណៈក្រសួងបរិស្ថាន និងអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS) ដោយ កំពុងតែសិក្សាលទ្ធភាពដើម្បីលក់ឥណទានកាបូន នៅភូមិភាគខាងជើង ដែលគ្របដណ្តប់ទៅលើតំបន់ការពារធនធានធម្មជាតិមួយចំនួនក្នុងខេត្តព្រះវិហារ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានអនុញ្ញាតឱ្យអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អនុវត្តនូវគម្រោងរេដបូក (REDD+) នៅតំបន់ការពារធម្មជាតិចំនួន៤ នៅលើដីនៃខេត្តព្រះវិហាររួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការនិងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង។ លោកបានបន្តថា តំបន់ទាំង៤ ដែលត្រូវសិក្សានេះ ត្រូវបានយកគំរូចំនួន ៤៣ ទីតាំង ដើម្បីធ្វើការសិក្សាវាយតម្លៃ ដើម្បីឱ្យមន្ត្រីជំនាញផ្សេងទៀតវាយតម្លៃ មុននឹងដាក់លក់នៅលើទីផ្សារអន្តរជាតិ ដែលជាទីផ្សារស្ម័គ្រចិត្ត។ លោកថាទីផ្សារលក់ឥណទានកាបូននេះ ពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជារបស់យើង ការបោះជំហ៊ាននៅក្នុងទីផ្សារឥណទានកាបូន គឺបញ្ជាក់ពីភាពប្រសើរឡើងនៃការការពារធនធានធម្មជាតិរបស់យើង។

អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅក្នុងដំណាក់កាលនៃតំបន់ធម្មជាតិ ចំនួន៤ ដែលយើងធ្វើការងារជាមួយអង្គការ WCS ដែលក្រសួងបរិស្ថាន ប្រគល់តួនាទីនឹងឱ្យអង្គការ WCS ក្នុងការអនុវត្តគម្រោង និងសម្របសម្រួលលក់ឥណទានកាបូន នៅលើទីផ្សារស្ម័គ្រចិត្តនេះ បាន
កំពុងតែតែឈានដល់ដំណាក់កាលធ្វើសារពើភណ្ឌ និងប្រឹក្សាយោបល់ជាមួយសហគមន៍ពិនិត្យទៅលើការចាប់ផ្តើមក្នុងការធ្វើកំណត់តំបន់ ក្នុងការសិក្សា វាយតម្លៃលើកម្រិត បាយអូម៉ាស់ នៅក្នុងតំបន់ទាំងអស់ហ្នឹង ហើយបន្ទាប់ទៅហ្នឹងមានការជួបជាមួយសហគមន៍ និងការចុះមកវាយតម្លៃពីអ្នកវាយ
តម្លៃឯករាជ្យ លើស្ថានភាពទាំងអស់ហ្នឹង មុននឹងដាក់លក់ជាសាធារណៈ ហើយព័ត៌មានដែលពាក់ព័ន្ធនឹងដាក់ជូនសាធារណៈ ដើម្បីឱ្យសាធារណជនបានដឹង»។

លោក កែន សេរីរដ្ឋា នាយកកម្មវិធីរបស់អង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជា (WCS) បានឱ្យដឹងថា គម្រោងរេដបូក ដែលយើងរៀបចំនៅភូមិភាគខាងជើង ដែលគ្របដណ្តប់ទៅលើតំបន់ការពារធនធានធម្មជាតិមួយចំនួន ដែលយើង ចាប់ផ្តើមពីតំបន់ការពារសត្វព្រៃឆែប ដែលជម្រកសត្វ
ព្រៃព្រះរកា ដែលជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនេះ គឺជាជំហ៊ានបឋម ដើម្បីឱ្យយើងអាចឈានទៅពង្រីកការគ្របដណ្តប់វិសាលភាព នៃផ្ទៃដីគម្រោងរេដបូក សម្រាប់ភូមិសាស្ត្រខេត្តព្រះវិហារទាំងមូល»។

លោក កែន សេរីរដ្ឋា បានបន្តថា សម្រាប់គម្រោងរេដបូកនេះ គឺទទួលបានការគាំទ្រផ្នែកគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការបច្ចេកទេស ដោយបានផ្តល់នូវកិច្ចគាំទ្រទៅលទិដ្ឋភាពផ្លួវច្បាប់ និងបច្ចេកទេសសម្រាប់ធ្វើលើកិច្ចការងារនេះ។ បន្ថែមនេះ អង្គការ WCS បានទទួលជំនួយពីគម្រោង USAID តាមរយៈគម្រោងព្រៃឡង់បៃតង សម្រាប់ជួយឧបត្ថម្ភប្រើប្រាស់នូវថវិកា ក្នុងការដំណើរការទូទៅនេះជាដើម។

លោក កែន សេរីរដ្ឋា បានបន្តថា សម្រាប់កិច្ចការរៀបចំកម្រោងលក់ឥណទានកាបូននេះ គឺអង្គការរបស់លោកបានរៀបចំដកស្រង់នូវបទពិសោធន៍មួយចំនួនដែលអង្គការ WCS បាននឹងកំពុងតែអនុវត្តបានដោយជោគជ័យ ចំពោះការងាររៀបចំគម្រោងរេដបូកនេះ នៅភាគខាងកើតប្រទេស
កម្ពុជា គឺក្នុងដែនជម្រកសត្វព្រៃកែវសីមា ដូច្នេះ សម្រាប់បទពិសោធន៍ដែលយើងទទួលបានជោគជ័យនៅដែនជម្រកសត្វព្រៃកែវសីមា ដែលមានរយៈពេល១ឆ្នាំកន្លងមកនេះ នឹងត្រូវយកមកអនុវត្តគម្រោងនេះ នៅក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តព្រះវិហារ។

លោកបានបន្ថែមថា ការលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្តកម្ពុជា ដែលទទួលបានជោគជ័យកន្លងមក និងជាមោទនភាពមួយរបស់កម្ពុជា ដែលយើងបានចូលរួមជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺកម្ពុជា ជាប្រទេសមួយដែលបានឈានមុនគេក្នុងការលក់ឥណទានកាបូន។ លោកបានគូសបញ្ជាក់ថា នេះជាមោទភាពមួយដែលកម្ពុជា ពីមុនត្រូវរងការរិះគន់ ពីសំណាក់មហាជនមួយចំនួនថា កម្ពុជា ជាតំបន់មួយដែលបាត់បង់ព្រៃឈើ តាមការកាប់បំផ្លាញព្រៃឈើ។ល។ និង ។ល។ ដូច្នេះ តាមរយៈការតាំងនេះរបស់កម្ពុជាលើកិច្ចការពារព្រៃឈើ និងធនធានធម្មជាតិ តាមរយៈការលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្តនេះ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការការពារព្រៃឈើរបស់ខ្លួន។

តំបន់ការពារធម្មជាតិចំនួន៤ នៅលើដីនៃខេត្តព្រះវិហារ រួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មានផ្ទៃដីសរុប ចំនួន ៥៤៦,១២៩,៤១ហិកតា។ តំបន់ការពារធម្មជាតិទាំង៤ គាំទ្រដល់ ការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានជិត ១០,០០០គ្រួសារ និងមានសត្វព្រៃ រងការគំរាមកំហែងជាសកលជាង ៣០ប្រភេទ

ដូចជាដំរីអាស៊ី និងសត្វស្លាបជិតផុតពូជបំផុត៥ប្រភេទមាន៖ ត្មាតផេះ ត្មាតត្នោត ត្មាតភ្លើង ត្រយងយក្ស និងត្រយងចង្កំ-កស ជាដើម។

ជាមួយគ្នានេះដែរ លោកបានបន្តថា ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែធ្វើការសិក្សានិងអនុវត្តគម្រោងឥណទានកាបូន សាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។

មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការ របស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧.៣លានហិកតា ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៩ កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០នាក់ ដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូនានា បាននិងកំពុងឈរជើងការពារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here