ការិយាល័យប្រធានាធិបតីបាននិយាយថា កោះតៃវ៉ាន់នឹងក្លាយជា “កម្លាំងដ៏សំខាន់” ហើយបានបន្តស្វែងរកការគាំទ្រពីអន្តរជាតិកាន់តែច្រើនថែមទៀត បន្ទាប់ពីកោះដែលទាមទារដោយប្រទេសចិនមួយនេះ បានទទួលការគាំទ្រមិនធ្លាប់មានពីមុនមក ពីក្រុម G7។ មេដឹកនាំប្រទេស G7 កាលពីថ្ងៃអាទិត្យ ទី១៣ ខែមិថុនា បានស្តីបន្ទោសប្រទេសចិន ចំពោះសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង ដោយបានអំពាវនាវឱ្យទីក្រុងហុងកុងរក្សាស្វ័យភាពកម្រិតខ្ពស់ និងបានបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីតៃវ៉ាន់លោក Xavier Chang បាននិយាយថា នេះជាលើកទីមួយហើយ ដែលសេចក្តីថ្លែងការណ៍របស់មេដឹកនាំប្រទេស G7 បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ លោកបានបន្ថែមថា កោះតៃវ៉ាន់ និងប្រទេសជាសមាជិក G7 បានចែករំលែកតម្លៃជាមូលដ្ឋាន ដូចជា ប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិមនុស្ស។ លោក Chang បាននិយាយថា «កោះតៃវ៉ាន់ប្រាកដជាប្រកាន់ខ្ជាប់នូវតួនាទីរបស់ខ្លួន ក្នុងនាមជាសមាជិក មានការទទួលខុសត្រូវនៅក្នុងតំបន់ ហើយក៏នឹងការពារយ៉ាងរឹងមាំនូវប្រព័ន្ធប្រជាធិបតេយ្យ និងការពារតម្លៃជាសកលរួមផងដែរ។ លោកបាននិយាយថា តៃវ៉ាន់នឹងបន្តធ្វើឱ្យស៊ីជម្រៅភាពជាដៃគូ ជាមួយរដ្ឋ G7 និងបណ្តាប្រទេសដែលមានគំនិតដូចគ្នា និងខិតខំដើម្បីទទួលបានការគាំទ្រកាន់តែច្រើនពីសហគមន៍អន្តរជាតិ។ លោក Chang បានបន្ថែមទៀតថា កោះតៃវ៉ាន់នឹងចូលរួមចំណែកយ៉ាងខ្លាំងនូវកម្លាំងដ៏ធំបំផុត សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ប្រទេសចិនបានបង្កើនសម្ពាធរបស់ខ្លួន ប្រឆាំងនឹងកោះតៃវ៉ាន់ នៅក្នុងប៉ុន្មានខែថ្មីៗនេះ ដោយបានធ្វើសមយុទ្ធយោធាជាទៀងទាត់នៅក្បែរកោះនេះ ដែលខ្លួនព្យាយាមអះអាងអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង៕ Reuters