ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចុះត្រួតពិនិត្យកន្លែងឈាបនដ្ឋានសម្រាប់បូជាសព អ្នកជំងឺកូវីដ-១៩ ស្ថិតនៅឃុំខ្វាវ ស្រុកទ្រាំង

0
257

តាកែវ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោកស្រីអភិបាលរងខេត្ត ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង ព្រមទាំងមន្រ្តីចំណុះរដ្ឋបាលស្រុក នៅព្រឹកអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យក្រុមជាង កំពុងស្ថាបនាឈាបនដ្ឋាន សម្រាប់បូជាសពអ្នកជំងឺ កូវីដ-១៩ ស្ថិតនៅវត្តស្រីសិទ្ធ ក្នុងភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

មានប្រសាសន៍នាឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំដល់ ក្រុមការងារចម្រុះថ្នាក់ខេត្ត ដែលទទួលមុខការសម្រាប់ការសាងសង់ឈាបនដ្ឋាននេះដែរ ត្រូវធ្វើការត្រួតពិនិត្យមើលឱ្យត្រឹមត្រូវស្របតាមបច្ចេកទេស ដើម្បីទុកប្រើប្រាស់បានយូរអង្វែង។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការរៀបចំសាងសង់ឈាបនដ្ឋានបូជាសពស្លាប់ដោយជំងឺ កូវីដ-១៩ ពេលនេះ គឺដើម្បីប្រការទុកជាមុននៅពេលមានការចាំបាច់ តែមិនមានន័យថា ក្នុងខេត្តតាកែវទាំងមូលមានករណីឆ្លងកូវីដច្រើន ឬមានអ្នកជំងឺច្រើនធ្ងន់ធ្ងរនោះទេ។

សូមបញ្ជាក់ដែរថា ដោយសារតែមានការឆ្លងរាត្បាត ជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រាជរដ្ឋាភិបាលបានណែ​នាំឱ្យអាជ្ញាធររាជធានី ខេត្ត រៀបចំសាងសង់ឈាបនដ្ឋាន ឬកន្លែងបូជាសព សម្រាប់អ្នកស្លាប់ដោយជំងឺ កូវីដ១៩ដោយមិន អនុញ្ញាតឱ្យមានការបញ្ចុះសពឡើយលើកលែងតែជនជាតិខ្មែរអ៊ីស្លាម និងជនជាតិដើមភាគតិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here