ចំនួនអ្នកស្លាប់ដោយសារការផ្ទុះហ្គាស នៅភាគកណ្តាលប្រទេសចិន កើនដល់ ២៥ នាក់

0
24

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងប៉េកាំង បានរាយការណ៍កាលពីថ្ងៃច័ន្ទ ទី១៤ ខែមិថុនាថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះហ្គាសនៅភាគកណ្តាលប្រទេសចិន បានកើនឡើងដល់ ២៥ នាក់ហើយ នៅពេលដែលអាជ្ញាធរបានបន្តប្រតិបត្តិការជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំ។ អគារជាច្រើនត្រូវបានបាក់រលំក្លាយជាគំនរបាក់បែក ហើយមនុស្សជាង ១០០ នាក់ បានរងរបួស ដោយសារការផ្ទុះនេះ ដែលបានវាយប្រហារអគារកម្ពស់ ២ ជាន់ ដែលមមាញឹកទៅដោយអ្នកដើរទិញឥវ៉ាន់ និងមនុស្សបរិភោគអាហារពេលព្រឹក នៅទីក្រុង Shiyan ខេត្ត Hubei កាលពីព្រឹកថ្ងៃអាទិត្យ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានរាយការណ៍កាលពីថ្ងៃច័ន្ទថាចំនួនអ្នកស្លាប់ពេលនេះបានកើនឡើងដល់ ២៥ នាក់ ច្រើនជាងទ្វេដង បើប្រៀបធៀបតួលេខដំបូង។ រដ្ឋាភិបាលទីក្រុងបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះប្រមាណ ២០០០ នាក់ ត្រូវបានគេដាក់ពង្រាយនៅលើទីតាំងនោះ ដោយមនុស្ស ៩០០ នាក់ ត្រូវបានជម្លៀសចេញ ខណៈអគារដែលនៅជុំវិញអាចរងការខូចខាតដោយសារការផ្ទុះនេះ។ ការផ្ទុះនេះបានកើតឡើងនៅក្នុងអគារមួយ ដែលកាលពីមុនមានក្រុមហ៊ុនផលិតស៊ុមរថយន្តនៅទីនោះ។ អ្នកនៅរស់រានជីវិតមួយចំនួន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា បំពង់បង្ហូរឧស្ម័នបានធ្លុះធ្លាយបាក់បែក បន្ទាប់ពីរោងចក្របានរើចេញ កាលពីឆ្នាំមុន។ គ្រោះថ្នាក់ឧស្សាហកម្ម គឺជារឿងធម្មតានៅក្នុងប្រទេសចិន ដោយសារតែស្តង់ដារសុវត្ថិភាពខ្សោយ និងអំពើពុករលួយក្នុងចំណោមមន្រ្តីដែលមានកាតព្វកិច្ចអនុវត្ត។ ការផ្ទុះកាលពីថ្ងៃអាទិត្យ បានធ្វើឱ្យមានសេចក្តីថ្លែងការណ៍ដ៏កម្រមួយចេញពីប្រធានាធិបតីចិនលោក ស៊ី ជិនពីង ជំរុញឱ្យមន្រ្តីមូលដ្ឋាន “រៀនសូត្រពីមេរៀនដ៏ជ្រាលជ្រៅពីឧប្បត្តិហេតុនេះ”។ លោកបានមានប្រសាសន៍ថា “គ្រប់តំបន់ និងមន្ទីរពាក់ព័ន្ធត្រូវតែទាញយកមេរៀន និងរៀនសូត្រពីគ្នាទៅវិញទៅមក ធ្វើការស៊ើបអង្កេតអំពីសុវត្ថិភាពផ្សេងៗ និងការពារកុំអោយមានភាពអាសន្ន”៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here