ភ្នំមួយនៅខាងកើតហៅភ្នំស្រី ឬភ្នំធំ មួយទៀតទាបនៅខាងលិច ហៅភ្នំប្រុស ឬភ្នំព្រះបាទ ភ្នំទាំងពីរនេះ គេហៅរួមគ្នាថា “ភ្នំជើងព្រៃ” បានជាគេហៅដូច្នេះ ព្រោះមានរឿងព្រេងនិទានថា មនុស្សស្រីនិងប្រុសបានភ្នាល់គ្នាលើកភ្នំនេះដូច “ភ្នំស្រីភ្នំប្រុស” នៅឯស្រុកំពង់សៀម នៃខេត្តកំពង់ចាមដែរ ។
ភ្នំស្រី ឬភ្នំធំនេះមានជណ្តើរឡើង៣ ពីទិសខាងជើង ខាងត្បូង និងខាងកើត ដែលមាន កំពស់ ប្រមាណ ៤០ម៉ែត្រ ។ ចំណែកខាងភ្នំប្រុស ឬភ្នំព្រះបាទមានកំពស់ ៣០ម៉ែត្រ រថយន្តអាចឡើងដល់កំពូល ភ្នំបាន មូលហេតុដែលគេហៅថាភ្នំព្រះបាទគឺដោយសារ នៅទីនោះមានពុទ្ធបាទដែលបានបន្សល់តាំងពីបុរាណកាល មកដល់បច្ចុប្បន្ននេះ ។ គួរឲ្យឆ្ងល់ណាស់ថា នៅលើភ្នំស្រីមានប្រាសាទបុរាណដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនា ប៉ុន្តែ នៅលើភ្នំស្រីបែរជាមានពុទ្ធបាទតាំងពីបុរាណបានបន្សល់នៅលើភ្នំប្រុសនោះទៅវិញ ម៉្យាងវិញទៀត គេសង្កេតឃើញថាមានផ្តែរប្រាសាទនៅលើភ្នំប្រុសនោះផងដែរ ដូច្នេះគេអាចសន្និដ្ឋានបានថា នៅលើភ្នំប្រុស ក៏មានប្រាសាទមួយផងដែរ ។ ប្រាសាទដែលគេសន្និដ្ឋាននៅលើភ្នំប្រុសនោះក៏ទំនង ជាសាងសង់ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាផងដែរ តែដោយសារការបាក់បែកខ្ទេចខ្ទាំ រឺដោយសារ វិវាទសាសនា? ធ្វើឲ្យពុទ្ធបរិស័ទកសាងព្រះវិហារនៅលើភ្នំនោះវិញ ហើយកសាងពុទ្ធបាទជាទីគោរពបូជា ។
យ៉ាងណាមិញពុទ្ធបាទនោះមិនមែនទើបតែកសាងនោះទេ តែប្រហែលជាកសាងនៅក្នុងសម័យអង្គរ រឺក្រោយអង្គរមកម្ល៉េះ (សម័យលង្វែក?) ។ ក្នុងនោះដែរ រវាងភ្នំទាំងពីរនេះ មានចម្ងាយពីគ្នា៥០០ម។ ឧបាសក ឧបាសិកាដែលមានជំនឿមុតមាំលើផ្លូវព្រះពុទ្ធសាសនា តែងតែនាំយកទឹកទៅចាក់ត្រង់ស្នាមព្រះបាទ នៅលើផ្ទាំងសិលាធំ លុះទឹកនោះហូរហៀរមកវិញ គេយកផ្តិល ឬចានត្រង់យកទៅផ្ទះទុកផ្ញើរកូនចៅ គ្រាន់បានលុបមុខ និងទទួលទាន ។
គេបាននិយាយថា កាលដើមឡើយមនុស្សស្រីនិងប្រុសបានភ្នាល់គ្នាលើកភ្នំនេះ ដូចរឿង ភ្នំប្រុស ភ្នំស្រីនៅកំពង់សៀមដែរ ប្លែកតែខាងភ្នំជើងព្រៃនេះរណ្តៅដីនៅភ្នំស្រី ដែលស្រីៗជីកយកមក ធ្វើភ្នំ ក្លាយទៅជាស្រះធំមួយ មានទឹកខួបប្រាំងខួបវស្សា ហៅថា #ស្រះទឹកព្រះ ។ រីឯរណ្តៅនៅជិតភ្នំប្រុស ដែលខាងប្រុសជីកយកដីមកធ្វើជាភ្នំក្លាយទៅជាស្រះធំមួយដែរ ប៉ុន្តែគ្មានទឹកខួបប្រាំងខួបវស្សាឡើយ ហើយគេឲ្យឈ្មោះថា #ស្រះកំពែងស្ងួត ។
សព្វថ្ងៃនេះស្រះទឹកព្រះនៅល្អដូចដើម និងមានទឹកថ្លាឆ្វេងជាទីអាស្រ័យនៃពួកមច្ឆាជាតិ និង មានផ្កាឈូកដុះរីកស្គុះស្គាយដេរដាស ប្រៀបបាននឹងបឹងតូចមួយគួរជាទីគយគន់ក្រៃលែង ។ រីឯរណ្តៅ ដីដែលប៉ែកខាងបុរស ជីកយកមកធ្វើភ្នំហើយក្លាយទៅជាស្រះកំពែងស្ងួតនោះ មានទំហំ ប្រមាណ១០០ម បួនជ្រុងស្មើមិនដែលមានទឹកទេ ទោះបីខែវស្សាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ ដោយ ។ គួរឲ្យឆ្ងល់ណាស់ស្រះទាំងពីរនេះស្ថិតនៅឆ្ងាយពីគ្នាមិនដល់១០០ម ផង ម្ត៉េចបានជាស្រះមួយមាន ទឹកមិនចេះរីងស្ងួត ឯស្រះមួយទៀតរីងហួតហែងដូច្នេះ ។ ប៉ុន្តែតាមការដំណាលរបស់តាៗ បានឲ្យដឹង ថាការដែលស្រះខាងប្រុសស្ងួតដូច្នេះ ព្រោះត្រូវបណ្តាសារបស់ពួកស្រីៗ ដែលនោះជាអបិយជំនឿ តំណាលរបស់អ្នកស្រុក ។ នៅខាងទិសពាយ័ព្យ ជិតស្រះទឹកព្រះ មានកូនស្រះមួយតូចមួយទៀត ទំហំ ៥០ម៉ែត្រ បួនជ្រុង ជម្រៅ ៤ម៉ែត្រ គេហៅថា #ស្រះលាងជើង ព្រោះ មុនពេលឡើងភ្នំ គេតែងទៅលាងជើងនៅស្រះនោះ ។
ក្រៅអំពីបុរាណវត្ថុ ដូចបានរៀបរាប់មកហើយនេះ នៅមានបុរាណវត្ថុខ្លះទៀត ជាផែនថ្មតាងផ្ទាំង គេហៅថា កីនាងទាវ, តែសព្វថ្ងៃ ឃើញនៅតែគោលៗ ប៉ុណ្ណោះ ព្រោះបាក់បែកខ្លះ សឹករលុបបាត់ខ្លះទៅហើយ ។ តាមព័ត៌មានពីអ្នកស្រុកនៅទីនោះថា កាលបារាំងទៅនៅទីនោះ វាបានគាស់យកសសរកីនាងទាវនោះ ទៅធ្វើជាជណ្ដើរចុះទៅស្រះខាងស្រី ។
រឿងព្រេងតំណាលពី ភ្នំជើងព្រៃនេះ ស្រង់ពីឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ លេខ ២៧-១៣៦ រៀបរៀងដោយលោក ដោក-ថេង លេខាធិការ សហករណ៍ ឧបភោគ បរិភោគ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ៕
#កំពង់ចាម #ស្រុកជើងព្រៃ #ប្រាសាទបុរាណ #សម័យចេនឡា #សម័យអង្គរ #សម័យកណ្តាល