រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសហ្វីលីពីនបានពន្យារពេលជាថ្មីម្តងទៀតនូវសេចក្តីសម្រេចចិត្តមួយ ដើម្បីកាត់បន្ថយកិច្ចព្រមព្រៀងដ៏សំខាន់ ដែលគ្រប់គ្រងវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសហ្វីលីពីន ចំពេលមានសម្ពាធដែនសមុទ្រពីប្រទេសចិន។ មន្ទីរប៉ង់តាហ្គោនបានស្វាគមន៍សេចក្តីប្រកាសរបស់ទីក្រុងម៉ានីល ដែលជាការផ្អាកលើកទី៣ នៃសេចក្តីសម្រេចស្តីពីកិច្ចព្រមព្រៀងកម្លាំងធ្វើទស្សនកិច្ច(VFA)ដែលមានអាយុកាល ពីរទសវត្សរ៍មកហើយ ដែលនឹងត្រូវផុតកំណត់នៅខែសីហាខាងមុខ ប៉ុន្តែក្រុមអ្នកវិភាគបាននិយាយថា វានឹងមានការខកចិត្តនៅក្នុងប្រទេសទាំងពីរ ដែលមិនបានបន្តជាថ្មី។ រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីនលោក Teodoro Locsin បាននិយាយថា ការផ្អាកនេះនឹងមានរយៈពេល ៦ ខែទៀត ខណៈពេលដែលលោកប្រធានាធិបតី Rodrigo Duterte កំពុងសិក្សា ហើយភាគីទាំងពីរបានដោះស្រាយនូវកង្វល់របស់លោកបន្ថែមទៀត ទាក់ទងនឹងទិដ្ឋភាពពិសេសនៃកិច្ចព្រមព្រៀងនេះ។ ហ្វីលីពីន ជាសម្ព័ន្ធមិត្តសន្ធិសញ្ញាអាមេរិក ហើយកិច្ចព្រមព្រៀងយោធាមួយចំនួនពឹងផ្អែកលើ VFA ដែលផ្តល់នូវនីតិវិធី សម្រាប់ការបង្វិលកងទ័ពអាមេរិករាប់ពាន់នាក់ ចូល និងចេញពីហ្វីលីពីន សម្រាប់សមយុទ្ធ និងសង្គ្រាម។ ការមានសមត្ថភាពបង្វិលនៅក្នុងកងទ័ព គឺមានសារៈសំខាន់ មិនត្រឹមតែសម្រាប់ការពារប្រទេសហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រសម្រាប់សហរដ្ឋអាមេរិក នៅពេលនិយាយពីការប្រឆាំងនឹងឥរិយាបទកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Jonh Kirby បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អាមេរិកស្វាគមន៍ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលហ្វីលីពីន ក្នុងការផ្អាកជាថ្មីម្តងទៀត នូវកិច្ចព្រមព្រៀងនៃការធ្វើទស្សនកិច្ចកងកម្លាំង”។ ភាពជាដៃគូរបស់យើងមិនត្រឹមតែជួយដល់សន្តិសុខរបស់ប្រជាជាតិយើងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងបទបញ្ញត្តិផ្អែកលើច្បាប់ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងអស់នៅឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ៕ Reuters