បន្ទាយមានជ័យៈ កសិករសហគមន៍ ចិញ្ចឹមកង្កែប នៅភូមិភ្នៀត សង្កាត់ភ្នៀត និងភូមិកំព្រីង សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានត្អូញត្អែរថាៈ នារដូវវស្សា ដែលសម្បូរត្រីសាច់ កង្កែប ក្តាម ធម្មជាតិ នាំអោយកង្កែបចិញ្ចឹម របស់ពួកគាត់ សល់ជាច្រើនតោន លក់មិនទាន់ចេញ ។
កសិករ បានប្រាប់សារព័ត៌មាន៖ ពួកគាត់ព្រួយបារម្ភដែរ ពីបញ្ហាប្រឈមនេះ ៖ ទី១ គ្មានប្រាក់ បង់ការប្រាក់ នៅធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ និងទី២ អត់ប្រាក់ ទិញចំណីឲ្យវាស៊ី ។
បងប្រុស ស្រី សុខា រស់នៅភូមិភ្នៀត សង្កាត់ភ្នៀត ជាកសិករចិញ្ចឹមបង្កែប បានរៀបរាប់ថា៖ គាត់បាន ប្រកបរបរ ចិញ្ចឹមកង្កែប ជាច្រើនឆ្នាំមកហើយ ហើយឆ្នាំនេះ បានចិញ្ចឹមកង្កែប ចំនួន៦ស្បៃ ។ ក្នុង១ស្បៃ ប្រហែល ១.០០០ ក្បាល យ៉ាងតិច។ បើឆ្នាំទៅមិញ គ្រាន់មានទីផ្សារ មានម៉ូយមកទិញ គាត់លក់បានតម្លៃពី ៧០.០០០ រៀល ទៅ ៨០.០០០ រៀល ក្នុង១ គីឡូក្រាម ។
ចំណែកឯបងប្រុស ពុធ ឈួង កសិករចិញ្ចឹមកង្កែប នៅភូមិភ្នៀត សង្កាត់ភ្នៀត នោះដែរ ក៏បានលើកឡើងថា៖ សព្វថ្ងៃ គាត់ចិញ្ចឹមកង្កែប ចំនួន ១១ ស្បៃ ក្នុង ១ ស្បៃ មិនតិចជាង ១.០០០ ក្បាល តែលក់មិនទាន់ចេញ។
ពួកគាត់ក៏បានសំណូមពរដល់អាជ្ញាធរក៏ដូចជាមន្ទីរជំនាញកសិកម្មនិងមន្ទីរពាណិជ្ជកម្មជួយរកទីផ្សារលក់លក់បង្កែបចេញ ដើម្បីយកលុយបង់ធនាគារនិងបានទិញ ចំណីឲ្យបង្កែបដែលនៅតូចៗបន្ថែមទៀត ។
លោក ហួត សាវឺ ចៅសង្កាត់ភ្នៀត បានបញ្ជាក់ថា៖ នៅក្នុងសង្កាត់ភ្នៀតនេះ មានកសិករចិញ្ចឹមកង្កែប ចំនួន ៥៨ គ្រួសារ ។ កសិករ មានការលំបាកដែរ ដោយលក់ផល មិនទាន់ចេញ ឬខ្វះទីផ្សារ ដែលធ្វើអោយ មានបញ្ហាក្នុងការរក ចំណូល ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងដោះស្រាយបំណុល ធនាគារ ឬស្ថាប័ន មីក្រូហិរញ្ញវត្ថុ។
មន្ត្រីអាជ្ញាធរមូលដ្ឋាន និងកសិករ បានសំណូមពរ ដល់អាជ្ញាធរក្រុង ខេត្ត និងថ្នាក់ ជាតិ ក៏ដូចជា មន្ទីរជំនាញ និងមន្ទីរពាក់ព័ន្ធ ជួយរកទីផ្សារកង្កែប ឬកន្លែងលក់ ដល់កសិករ ដែលបានខិតខំចិញ្ចឹមកង្កែបនេះ។
ទាក់ទិននឹងការស្តុកនេះ លោក ដុំ វណ្ណឌី អនុប្រធាន មន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយ មានជ័យ ទទួលបន្ទុកការិយាល័យជំនាញ នៅរសៀលថ្ងៃទី១៣ មិថុនា បាននិយាយ ថា៖ ពាក់ព័ន្ធបញ្ហាទីផ្សារ កង្កែបរបស់កសិករ នៅក្នុងសង្កាត់ភ្នៀត មន្ទីរ នឹងខិតខំ ជួយរកទីផ្សារ ជូនពួកគាត់។ ក្រុមការងារ នឹងសម្រួលកន្លែងលក់ដូរ ជូនបងប្អូន តាមរយៈ លោក សោម សុខា អនុប្រធានការិយាល័យ អភិវឌ្ឍន៍ ពាណិជ្ជកម្ម នៃមន្ទីរពាណិជ្ជកម្មខេត្ត (លេខទូរស័ព្ទ 017 84 54 84 )៕/V-PC
ប្រភព : រស្មីកម្ពុជា