ព្រះប្រាង្គជើងព្រៃ & ព្រេងតំណាលរឿងភ្នំប្រុសភ្នំស្រី មួយផ្សេងទៀត នៃស្រុកជើងព្រៃ

0
790

ប្រាសាទភ្នំជើងព្រៃ ឬហៅតាមអ្នកស្រាវជ្រាវថា “ភ្នំធំ” មានទីតាំងស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ប្រាសាទនេះសាងឡើងនៅលើភ្នំធម្មជាតិ មានខឿនរាងជាថ្នាក់ៗចំនួនបីថ្នាក់ ធ្វើអំពីថ្មបាយក្រៀម បែរមុខទៅទិសខាងកើត ។ ប្រាសាទភ្នំជើងព្រៃ មានកំពែងបីជាន់ មានក្លោងទ្វារចេញចូលបួន ដែលកំពែងទីមួយជាកំពែងថែវព័ទ្ធជុំវិញ កំពែងពីរទៀតគ្រាន់ជាខ្លោងទ្វារប៉ុណ្ណោះ ។ នៅ​ក្នុងបរិវេណកំពែងទីមួយ មានកំពែងធ្វើអំពីថ្មបាយក្រៀមព័ទ្ធជុំវិញប្រាសាទ ដែលមានខ្លោងទ្វារចេញចូលពីរនៅខាងកើត និងនៅខាងលិចតួប៉មទោលធំមួយ មានច្រកចេញចូលពីរ បែរមុខទៅទិស​ខាងកើត បន្តដោយអន្តរាល មណ្ឌប ដែលមានញកពីរសងខាង និងមានបំណែកខ្លះនៃតួប៉មដែលបាក់រលំ ។

តួប៉មកណ្តាលប្រាសាទភ្នំជើងព្រៃ មានរាងបួនជ្រុងស្មើ កម្ពស់ ១២ម៉ែត្រ ។ តួប៉មនេះសង់ដោយតម្រៀបដុំថ្មបាយក្រៀម ជាជញ្ជាំងបួនផ្ទាំង ហ៊ុមព័ទ្ធបន្ទប់ខាងក្នុងដែលមានរាងបួនជ្រុងស្មើ នៅលើខឿនរាងកាកបាទ ។ នៅផ្នែកខាងលើគេបានយកដុំថ្មមកបង្រួមខ្នាត រួចដាក់តម្រួតជាជាន់ថ្នាក់ ដោយមានរាងស្តួចទៅលើដល់កំពូលដូចចេតិយ ។ ប្រាសាទនេះមានអន្តរាលសម្រាប់ភ្ជាប់ពីតួប៉មកណ្តាលទៅមណ្ឌបដូចយើងធ្លាប់ឃើញនៅប្រាសាទគុកនគរ ។

ក្រៅពីនេះមានមណ្ឌបកសាងឡើង​អំពីឥដ្ឋដែលភ្ជាប់ពីអន្តរាល មានកម្ពស់ទាបជាងតួប៉មកណ្តាល ចែកចេញជាបីបន្ទប់ ។ បន្ទប់កណ្តាល មានបង្កើតទម្រង់ជាជួរសសរពីរជួរធ្វើអំពីឥដ្ឋ តភ្ជាប់ពីច្រកចេញចូលខាងកើតនៃមណ្ឌបមកបន្ទប់កណ្តាល ។ សសរឥដ្ឋនេះភ្ជាប់គ្នាពីរៗនៅផ្នែកខាងលើ មានលក្ខណៈទូលាយដោយសារជញ្ជាំង​សសរឥដ្ឋសង់ឡើងរាងកោងបន្តុបជាថ្នាក់ៗជួបគ្នានៅផ្នែកខាងលើ ។ តាមរយៈការសិក្សារបស់អ្នក​ស្រាវជ្រាវបារាំង គឺលោក Lunet De Lajonquiére បានឲ្យយើងដឹងថា ប្រាសាទនេះទំនងមានហោរត្រៃមួយ​ធ្វើ​អំពីថ្មបាយក្រៀម ។ ប៉ុន្តែ អគារហោរត្រៃនោះបានរលំបាក់អស់ហើយ។ ថ្មអគារហោរត្រៃទំនងគេយកមកតម្រៀបធ្វើជាអគារមួយនៅខាងត្បូងមណ្ឌបដែលយើងឃើញសព្វថ្ងៃ។

សព្វថ្ងៃនៅជាប់នឹងប្រាសាទមានផ្តែរទ្វារចំនួនពីរសំខាន់ៗ ។ ផ្តែរនៅខាងកើតមានរូបព្រះឥន្រ្ទគង់នៅលើដំរីព្ធវ៌ត និងផ្តែរខាងលើមានរូបព្រះភិរុណឆ្លាក់នៅលើក្បាលរាហូ ។ តាមរយៈប្លង់ដែលបាន​រៀបរាប់ខាងលើ និងផ្តែរទ្វារទាំងពីរនេះ នាំឲ្យយើងដឹងថា សំណង់ប្រាសាទភ្នំជើងព្រៃ សាងឡើងនៅក្នុងរចនាបថឃ្លាំង នាស.វ.ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០០២-១០៤៩) ។ ប៉ុន្តែ មកដល់សម័យកណ្តាលនៅរវាងស.វ.ទី១៦-១៧ មានការកែប្រែតួប៉មកណ្តាលទៅជារាងចេតិយ ឬហៅថាព្រះធាតុ ។ នៅខាងក្នុងក៏មានព្រះពុទ្ធរូបមួយអង្គនៅសម័យកណ្តាល តែបាត់ព្រះសិរ គេបានយកព្រះសិរថ្មីមកជំនួស ។ ប្រការមួយទៀតគួរឲ្យចាប់អារម្មណ៍ នៅទីនេះយើងឃើញមាន​ផ្តែរទ្វាររចនាបថសំបូរព្រៃគុក ចំនួនពីរផ្ទាំង និងជើងទម្រមួយ ដែលស្ថិតនៅស.វ.ទី៧ នាសម័យចេន​ឡា ។ ម្ល៉ោះហើយ នាំឲ្យយើងអាចសន្និដ្ឋានបានថា ទីតាំងប្រាសាទភ្នំជើងព្រៃ ទំនងមានប្រាសាទចាស់​មួយស្រាប់នៅស.វ.ទី៧ ហើយក្រោយមកគេបានមកសាងសំណង់បន្ថែមក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ នាស.វ.ទី១១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និងក្រោយមកទៀតនៅស.វ.ទី១៦ឬ១៧ គេក៏បានមកកែប្រែសំណង់នេះទៅជា​រាងចេតិយ នៃលទ្ធិពុទ្ធសាសនាថេរវាទ ។

អត្ថបទសរសេរជាសង្ខេបដោយ ល. ម៉ង់ វ៉ាលី ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here