ការរៀបធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣កម្ពុជានៅតែប្ដេជ្ញាចិត្តដដែល

0
46

ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំ
ពិកកម្ពុជាឯកឧត្តមវ៉ាត់ ចំរើនអះអាងថាកម្ពុជានៅតែរក្សាជំហរយ៉ាងរឹងមាំនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា
ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ តាមពេលពេលវេលាដែលបានកំណត់យកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការស៊ីហ្គេម។
ឯកឧត្តមលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំអនឡាញជាមួយបណ្តាប្រទេសទាំងអស់ដែលជាសមាជិកនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍កាលពីពេលថ្មីៗនេះនៅក្នុងឱកាសដែលម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១ចុងឆ្នាំ២០២១វៀតណាមបានលើកសំណើរពិភាក្សាអំពីការពន្យាពេលពីឆ្នាំ២០២១ទៅឆ្នាំ២០២២ ឬពន្យាពេលរយៈពេលវែង។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា ដោយសារតែការជូនដំណឹងរបស់ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម បានជូនដំណឹងអំពីការពន្យាពេលស៊ីហ្គេមឆ្នាំ២០២១នេះទើបធ្វើឲ្យមានការលើកឡើងនានានូវការលំបាកនានាក៏ដូចជាភាពមិនច្បាស់លាស់នៃដំណើរការស៊ីហ្គេម លើកទី៣១ ដែលគ្រោងពីថ្ងៃទី២១វិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។ ហេតុនេះទើបឯកឧត្តម ក្នុងនាមតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ជំហរជាថ្មីនៃដំណើរការឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (បន្ទាប់ពីស៊ីហ្គេមវៀតណាម) មិនប្រែប្រូល មិនបោះបង់គម្រោងផែនការ ដែលកំពុងខិតខំយ៉ាងខ្លាំងក្លារបស់កម្ពុជានោះឡើយ។
«បើចង់ប្រែប្រួលពេលវេលា ឬការកំណត់ផ្សេងៗ ទាល់តែយើងស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាយើងដូចគ្នា ពីព្រោះស៊ីហ្គេម គឺម្ចាស់ផ្ទះជាអ្នកសម្រេចលើការងាររៀបចំ និងនយោបាយផ្សេងៗទៀត។

ដូច្នេះហើយ យើងនឹងរង់ចាំមើលការសម្រេចរបស់ស៊ីហ្គេម ឆ្នាំ២០២១នៅវៀតណាមហើយវាចេះតែមានផលប៉ះពាលខ្លះៗហើយដោយសារអ្វីៗដែលយើងគ្រោងដែលនឹងត្រូវដើរទៅជាបន្តបន្ទាប់នៃដំណើរការស៊ីហ្គេម វាអាចនឹងផ្តល់ផលប៉ះពាល់ខ្លះនៃការលើកពេលស៊ីហ្គេម នៅវៀតណាមនេះ។
ឯកឧត្តមបង្ហាញនូវការជឿជាក់ថា វាមិនប៉ះពាល់អ្វីច្រើនទេ ដល់ដំណើរការស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣ ដូច្នេះហើយកម្ពុជាយើងនៅតែរក្សាជំហររឹងមាំនៃដំណើរការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ដដែល»។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)នៅតែបន្តធ្វើការងារជាប្រចាំ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងក្រោមការដឹកនាំពីឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ដើម្បីធ្វើយ៉ាងណាសម្រួចគោលដៅឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងនៃស៊ីហ្គេមលើកទី៣២និងព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ ជារួម គឺកម្ពុជានៅតែបន្តកិច្ចខិតខំប្រឹងប្រែងតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ដោយមិនរង់ចាំ ឬមិនទោមនស្សទៅនឹងសភាពការណ៍ប្រែប្រួល ឬមិនប្រែប្រួលរបស់ស៊ីហ្គេមរៀតណាមនោះទេ។
យើងដឹងថា កម្ពុជារឹងមាំនៅក្នុងផែនការរបស់យើង ហើយបណ្តាប្រទេសទាំងអស់ក្នុងអាស៊ីអាគ្នេយ៍សប្បាយចិត្ត អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជំហរនៃការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដោយកម្ពុជាកំពុងខិតខំធ្វើកិច្ចការយ៉ាងច្រើនប្រកបដោយភាពស្វាហាប់ ដែលនេះគឺជាការមើលឃើញរបស់អន្តរជាតិហើយយើងក៏រីករាយដែលថ្នាក់ដឹកនាំកម្ពុជាបានជំរុញឲ្យយើងបន្តធ្វើកិច្ចការទាំងអស់នេះជាប់ជាប្រចាំឥតងាករេឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here