ក្រុមលោក Navalny ប្តេជ្ញាប្រយុទ្ធប្រឆាំង បន្ទាប់ពីរដ្ឋាភិបាលមូស្គូហៅក្រុមខ្លួនថា “ពួកជ្រុលនិយម”

0
565

ក្រុមអ្នករិះគន់ប្រឆាំងនឹងវិមានក្រឹមឡាំង ត្រូវចោទពីបទពុករលួយ បានប្តេជ្ញា កាលពីថ្ងៃទី១០ ខែមិថុនាដើម្បីប្រយុទ្ធប្រឆាំង បន្ទាប់ពីតុលាការបានហៅឈ្មោះក្រុមខ្លួនថាជា “ពួកជ្រុលនិយម”។ បណ្តាប្រទេសលោកខាងលិច និងសហគមន៍អឺរ៉ុបបានថ្កោលទោសយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចកាលពីយប់ថ្ងៃពុធប៉ុន្តែមន្ត្រីជាន់ខ្ពស់រុស្ស៊ីបានពណ៌នាអំពីក្រុមលោក Navalny ថា ជាភ្នាក់ងារដែលមានការសហការជាមួយទីក្រុងវ៉ាស៊ីនតោន។ ការសម្រេចរបស់តុលាការ គឺជាវិធានការចុងក្រោយប្រឆាំងនឹងការរិះគន់របស់ប្រធានាធិបតីវ្លាឌីមៀពូទីន។ អ្នកប្រឆាំងខ្លាំង ៗ របស់គាត់មួយចំនួនបានភៀសខ្លួនចេញពីប្រទេសហើយក្រុមសកម្មជនលេចធ្លោនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើនបានបិទទ្វារ។ សេចក្តីសម្រេចហាមឃាត់មូលនិធិប្រឆាំងអំពើពុករលួយ បញ្ជាឲ្យ (FBK) របស់លោក Navalny និងបណ្តាញការិយាល័យប្រចាំតំបន់ត្រូវបានបិទ។ សម្ព័ន្ធមិត្តសំខាន់ៗរបស់ Navalny នៅតែស្ថិតក្នុងប្រទេសរុស្ស៊ី ស្ថិតនៅក្រោមការឃ្លាំមើលការអនុវត្តច្បាប់យ៉ាងដិតដល់។ អ្នកខ្លះស្ថិតក្រោមការឃុំឃាំងក្នុងផ្ទះ និងជំនួយការសំខាន់ៗដទៃទៀត បាននិរទេសខ្លួន។ លោក Navalny ត្រូវបានជាប់ពន្ធនាគារ អស់រយៈពេលជាង ២ ឆ្នាំកន្លះ ដោយចាប់ផ្តើមពីខែកុម្ភៈ បន្ទាប់ពីលោកបានវិលត្រឡប់មកពីប្រទេសអាឡឺម៉ង់ ជាកន្លែងដែលលោកត្រូវទទួលការព្យាបាលក្រោយពីមានការបំពុលនៅស៊ីបេរី ដែលលោកបានស្តីបន្ទោសទៅលើវិមានក្រឹមឡាំង ជាអ្នកទទួលខុសត្រូវ។ មេដឹកនាំប្រឆាំងដ៏លេចធ្លោបំផុតរបស់ប្រទេសរុស្ស៊ីរូបនេះ ដែលស្ថិតក្នុងពន្ធនាគារមួយនៅខាងក្រៅទីក្រុងមូស្គូ បានទទួលការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្ស៊ី។ ក្រុមអ្នកគាំទ្រ និងប្រឆាំងលេចធ្លោរូបនេះ បាននិយាយថា យើងនឹងមិនដកថយពីគោលដៅ និងគំនិតរបស់យើងទេ។ នេះជាប្រទេសរបស់យើង ហើយយើងមិនមានប្រទេសផ្សេងទៀតសម្រាប់ជ្រកកោនទេ”។ កាលពីថ្ងៃព្រហស្បតិ៍ សហគមន៍អឺរ៉ុបបានថ្កោលទោសសេចក្តីសំរេចរបស់តុលាការថា ជាការខិតខំចុងក្រោយ ដើម្បី “គាបសង្កត់” ក្រុមប្រឆាំង។ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វា គឺជាការសម្រេចចិត្តគ្មានមូលដ្ឋាន ដែលបញ្ជាក់ពីគំរូអវិជ្ជមាននៃការបង្ក្រាបជាប្រព័ន្ធ ទៅលើសិទ្ធិមនុស្ស និងសេរីភាព ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសរុស្ស៊ី”។ រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោក ដូមីនិករ៉ាបា បានពណ៌នាសេចក្តីសម្រេចនេះថា ជាការ “វង្វេងស្មារតី” ខណៈដែលសហរដ្ឋអាមេរិកបានអំពាវនាវឱ្យទីក្រុងម៉ូស្គូ បញ្ឈប់ការបង្ក្រាប និងដោះលែងលោក Navalny។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្យាថា នឹងលើកយកបញ្ហាសិទ្ធិមនុស្ស ទៅជជែកជាមួយលោក ពូទីន នៅពេលដែលអ្នកទាំងពីរជួបគ្នានៅសប្តាហ៍ក្រោយ សម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងហ្សឺណែវ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយថា លោក Navalny កំពុងធ្វើការជាមួយរដ្ឋាភិបាលបរទេស។ លោកស្រី Maria Zakharova មានប្រសាសន៍ថា “នេះមានន័យថា ពួកគេពាក់ព័ន្ធនឹងរឿងនយោបាយ” ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនកំពុងការពារ“ភ្នាក់ងាររបស់ខ្លួន”។ លោកស្រី Maria Zakharova បាននិយាយថា “ពួកគេបង្ហាញពីភាពខ្នះខ្នែងខាងនយោបាយ ពីព្រោះវាប៉ះពាល់ទៅនឹងអ្នកដែលពួកគេបានគ្រប់គ្រង ជាអ្នកដែលពួកគេគាំទ្រខាងនយោបាយ”។ មន្ត្រីរុស្ស៊ីបានចោទប្រកាន់ម្តងហើយម្តងទៀត ចំពោះក្រុមប្រឆាំងថា បានធ្វើការ និងទទួលមូលនិធិពីផលប្រយោជន៍បរទេស។ កាលពីខែមេសា ព្រះរាជអាជ្ញាបានហៅអង្គការលោក Navalny ជា “ពួកជ្រុលនិយម” ដោយបញ្ជាក់ថា ពួកនេះកំពុងរៀបចំការបះបោរ ដោយមានការគាំទ្រពីលោកខាងលិច។ ដោយប្រកាសពីសេចក្តីសំរេចរបស់តុលាការក្រុងមូស្គូ កាលពីថ្ងៃពុធ អ្នកនាំពាក្យរបស់រដ្ឋអាជ្ញា បាននិយាយថា ក្រុមរបស់លោក Navalny បាន “ញុះញង់ឱ្យមានការស្អប់ខ្ពើម និងការរើសអើងចំពោះមន្រ្តីរដ្ឋាភិបាល និងបានធ្វើសកម្មភាពជ្រុលនិយមផងដែរ”។ សេចក្តីសម្រេចនេះ បានកើតឡើងនៅក្នុងពេលវេលាដ៏លំបាកមួយ សម្រាប់ពួកប្រឆាំងក្នុងប្រទេសរុស្ស៊ី ដោយវិមានក្រឹមឡាំងសម្រេចបញ្ចប់ជីវិតនយោបាយពួកប្រឆាំង ក្នុងអំឡុងពេលនៃការបោះឆ្នោតសភាក្នុងខែកញ្ញាខាងមុខ។ បណ្តាញការិយាល័យប្រចាំតំបន់របស់លោក Navalny បានជំរុញយុទ្ធនាការ “ការបោះឆ្នោតឆ្លាតវៃ” របស់លោក ដែលបានលើកទឹកចិត្តឱ្យអ្នកបោះឆ្នោតចេញទៅបោះឆ្នោតឱ្យបេក្ខជនដែលមិនមានទំនាក់ទំនងជាមួយវិមានក្រឹមឡាំង។ លោក Leonid Volkov ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Navalny ធ្លាប់ជាអ្នកចាត់ការដំណើរការបណ្តាញការិយាល័យទូទាំងប្រទេស ហើយឥឡូវនេះ ស្ថិតនៅក្នុងប្រទេសលីទុយអានី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការងារនេះនឹងបន្តទៅមុខទៀត។ លោកបាននិយាយនៅក្នុងវីដេអូយូធូបថា “ទោះបីទីស្នាក់ការកណ្តាលរបស់លោក Navalny លែងមានទៀតក៏ដោយ តែក្រុមការងាររបស់លោក Navalny នៅតែធ្វើការបោះឆ្នោតដោយឆ្លាតវៃដដែល”។ លោកបាននិយាយសំដៅដល់គណបក្សកាន់អំណាច ដែលមានសម្ព័ន្ធភាពជាមួយវិមានក្រឹមឡាំងថា “ភារកិច្ចរបស់យើងក្នុងការបោះឆ្នោតនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ គឺត្រូវឈ្នះតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែច្បាប់ដែលត្រូវបានចុះហត្ថលេខាដោយលោក ពូទីន នៅខែនេះ បានរារាំងបុគ្គលិក និងអ្នកគាំទ្រក្រុម “ជ្រុលនិយម” មិនឲ្យឈរឈ្មោះបោះឆ្នោតទេ ដែលនេះជាការបើកផ្លូវសម្រាប់បេក្ខជនដែលគាំទ្រដោយវិមានក្រឹមឡាំង។ អ្នកវិភាគនយោបាយឯករាជ្យលោក Valery Solovei បាននិយាយថា សេចក្តីសម្រេចកាលពីថ្ងៃពុធ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជនរុស្ស៊ីជាច្រើន។ លោកបាននិយាយថា “ទិដ្ឋភាពគ្រោះថ្នាក់បំផុតនៃការសម្រេចចិត្តនេះ គឺថាវាកំពុងតែដំណើរការទៅហើយ” ដោយកត់សម្គាល់ថា សូម្បីតែជនជាតិរុស្ស៊ីធម្មតា ដែលបានចូលមើលគេហទំព័ររបស់លោក Navalny ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឬ បរិច្ចាគធនធានរបស់គេសម្រាប់មូលនិធិ Navalny ក៏អាចជាប់ទាក់ទងដែរ៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here