លោក Trump ប្រាប់លោក Biden ថា “កុំដេកលង់លក់” ក្នុងពេលជួបជាមួយលោក ពូទីន

0
115

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានជូនពរដល់អ្នកស្នងតំណែងគឺលោក ចូ បៃដិន ឲ្យមានសំណាងល្អនៅក្នុងជំនួបកំពូលរបស់លោក ជាមួយប្រធានាធិបតីលោក វ្លាឌីមៀ ពូទីន ហើយក៏បានផ្ញើរភាពកក់ក្តៅដល់មេដឹកនាំរុស្ស៊ីផងដែរ។ លោក ត្រាំ បាននិយាយថា “សូមសំណាងល្អចំពោះលោក បៃដិន ក្នុងការជួបជាមួយប្រធានាធិបតីលោក ពូទីន និងកុំដេកលក់ក្នុងពេលប្រជុំ ។ អតីតប្រធានាធិបតីអាមេរិករូបនេះ ក៏បានចែករំលែកបទពិសោធន៍ការងារវិជ្ជមានរបស់លោក ដែលធ្លាប់បានធ្វើជាមួយប្រធានាធិបតីរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុង Helsinki នាពេលកន្លងមកផងដែរ។ លោក ត្រាំ បានបញ្ជាក់ទៀតថា “ក្នុងនាមជាប្រធានាធិបតី ខ្ញុំមានការប្រជុំដ៏អស្ចារ្យ និងប្រកបដោយផ្លែផ្កាមួយនៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់ ជាមួយប្រធានាធិបតី ពូទីន របស់ប្រទេសរុស្ស៊ី។ បើទោះបីជាមានការបង្ហាញព័ត៌មានក្លែងក្លាយនៃកិច្ចប្រជុំក៏ដោយ សហរដ្ឋអាមេរិកបានទទួលផលវិជ្ជមានច្រើនពីការប្រជុំនោះ ។ លោក ពូទីន និងលោក Biden នឹងជួបប្រជុំគ្នានៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១៦ ខែមិថុនា ដើម្បីពិភាក្សាពីបញ្ហាទ្វេភាគីជាច្រើន រួមមានទាំង យុទ្ធសាស្ត្រសកល ការគ្រប់គ្រងអាវុធ បំពង់បង្ហូរប្រេង Nord ស្ទ្រីម ២ និងអ៊ុយក្រែន។ ការធ្វើអត្ថាធិប្បាយស្តីពីកិច្ចប្រជុំកំពូលដែលរំពឹងទុកនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា ទីក្រុងមូស្គូសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹងពិនិត្យមើលកំហុសអតីតកាលរបស់ខ្លួន មុនកិច្ចប្រជុំ។ អ្នកការទូតកំពូលរូបនេះ បានបន្ថែមថា ប្រទេសរុស្ស៊ីបើកចំហជានិច្ច សម្រាប់ “ការសន្ទនាដោយស្មោះត្រង់”។ ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺន នាពេលថ្មីៗនេះ ដោយសារការចោទប្រកាន់ជាបន្តបន្ទាប់ ប្រឆាំងនឹងទីក្រុងមូស្គូ ដូចជា ការចោទប្រកាន់ពីបទវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត និងការចោទថា រុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក។ ប្រទេសរុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់នេះហើយ៕ Sputnik

LEAVE A REPLY

Please enter your comment!
Please enter your name here