រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិនបានជួបប្រជុំដោយផ្ទាល់ កាលពីថ្ងៃទី៧ ខែមិថុនា នៅទីក្រុងឆុងឈីងភាគនិរតីប្រទេសចិន ដែលជាការប្រជុំគ្នាលើកដំបូង ចាប់តាំងពីជំងឺកូវីដ១៩ រាតត្បាតមក។ កិច្ចប្រជុំពិសេសរវាងអាស៊ាន និងចិន ធ្វើឡើងដើម្បីប្រារព្ធខួបទំនាក់ទំនង ៣០ឆ្នាំ រវាងភាគីទាំង២ ដោយក្នុងនោះប្រធានបទនៃកិច្ចពិភាក្សាមានចាប់ពីបញ្ហាផ្សេងៗនៃវិបត្តិកូវីដ១៩ រហូតទៅដល់សមុទ្រចិនខាងត្បូង ចំណែកឯស្ថានភាពនៅមីយ៉ាន់ម៉ាក៏លើកមកពិភាក្សាផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំរួមគ្នាដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន និងលោក Teodoro Locsin រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ដែលទទួលតួនាទីក្នុងការសម្របសម្រួលទំនាក់ទំនង រវាងអាស៊ាន-ចិន សម្រាប់ឆ្នាំ ២០២១។ តាមការចុះផ្សាយរបស់ក្រសួងការបរទេសចិន បានឲ្យដឹងថា បញ្ហាផ្សេងៗពាក់ព័ន្ធនឹងវិបត្តិកូវីដ១៩ ភាគីចិនបានសន្យាពន្លឿននូវការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងជួយអាស៊ានក្នុងការបង្កើនសមត្ថភាពក្នុងការស្រាវជ្រាវផលិត និងចែកចាយវ៉ាក់សាំងទៀតផង។ ចំពោះកិច្ចការស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដវិញ ភាគីទាំង ២ ប្ដេជ្ញាក្នុងការអនុវត្តយន្តការ និងកិច្ចព្រមព្រៀងនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP)។ ចំណែកឯរឿងសមុទ្រចិនខាងត្បូងវិញ នៅឯទីក្រុងឆុងឈីង ភាគីអាស៊ាន និងចិន លើកយករឿងនេះមកពិភាក្សាទាំងក្នុងកិច្ចប្រជុំថ្នាក់ឧត្ដមមន្ត្រី និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស។ នេះជាបញ្ហាដ៏រសើបមួយ សម្រាប់ទំនាក់ទំនងអាស៊ាន-ចិន ខណៈពេលថ្មីៗ មានការប៉ះទង្គិចផ្លូវការទូតមួយចំនួន រវាងប្រទេសសមាជិកអាស៊ានមានចំណែកនៅតំបន់ជម្លោះ និងប្រទេសចិន។ ក្រសួងការបរទេសចិនបានចុះផ្សាយថា ភាគីអាស៊ាន និងចិន បានព្រមព្រៀងចរចាលើ COC ឡើងវិញ។ ក្នុងនោះដែរ លោក វ៉ាង យី ក៏បានគូសបញ្ជាក់ថា ចិនមានឆន្ទៈក្នុងការពង្រឹងការចរចាលើរឿងនេះ ហើយអាស៊ាន និងចិន ត្រូវតែចៀសវាងនូវសកម្មភាពឯកតោភាគីណាមួយ ដែលបណ្ដាលឱ្យមានជម្លោះ។ ទាក់ទិននឹងរឿងមីយ៉ាន់ម៉ាវិញ រដ្ឋមន្ត្រីការបរទេសអាស៊ានយ៉ាងតិច ៣ ប្រទេស បានបង្ហាញភាពមិនសប្បាយចិត្តនឹងការអនុវត្តចំណុចឯកភាពទាំង ៥ របស់អាស៊ាន ចំពោះដំណោះស្រាយនៅមីយ៉ាន់ម៉ា។ ក្នុងកិច្ចប្រជុំនោះដែរ ភាគីមីយ៉ាន់ម៉ា គឺតំណាងដោយលោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេស ដែលតែងតាំងដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ ចំណែកឯលោក វ៉ាង យី ក៏បានបង្ហាញពីការគាំទ្រ និងឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការរបស់ចិន ក្នុងយន្តការរបស់អាស៊ានចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា។ ក្នុងនោះលោកក៏បានជំរុញឱ្យប្រទេសនានា ចៀសវាងនូវការដាក់ទណ្ឌកម្មដោយឯកតោភាគី និងការជ្រៀតជ្រែកមិនសមទំនង៕ ស៊ីនហួ