រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ​ពិភាក្សា​អំពី​អ៊ីរ៉ង់​ ជា​មួយ​រជ្ជទាយាទ ​អារ៉ាប៊ី សាអ៊ូឌីត​

0
303

​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោក​ Dominic Raab បាន​ជួប​ជា​មួយ​នឹង​រជ្ជទាយាទ ​អារ៉ាប៊ី សាអ៊ូឌីត​ ព្រះអង្គម្ចាស់​ Mohammed bin Salman នៅ​រាជធានី​រីយ៉ាដ​ ដើម្បី​ពិភាក្សា​អំពី​ប្រទេស​អ៊ីរ៉ង់ និង​ទំនាក់​ទំនង​ទ្វេភាគី ក៏​ដូច​ជា ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ​។ នេះ​បើ​តាម​ក្រសួង​ការបរទេស​អង់គ្លេស​។ ដំណើរ​ទស្សនកិច្ច​របស់​លោក​ Raab ធ្វើ​ឡើង ​នៅ​ពេល​ដែល​មហា​អំណាច​ពិភពលោក​កំពុង​ធ្វើ​ការ​ចរចា ​ដើម្បី​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ​​ ២០១៥ ដែល ​អារ៉ាប៊ី សាអ៊ូឌីត ​បាន​ជំទាស់ ​ដោយ​សារ​កិច្ចព្រមព្រៀង​មិន​បាន​ដោះស្រាយ​បញ្ហា​កម្មវិធី​មីស៊ីល​អ៊ីរ៉ង់​ និង​ការ​គាំទ្រ​ក្រុម​ប្រដាប់​អាវុធ​ក្នុង​តំបន់ ​ដូចជា ​នៅ​ក្នុង​ប្រទេស​យេម៉ែន​​។ សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អង់គ្លេស ​បាន​ដក​ស្រង់​សម្តី​​ លោក​ Raab បាន​និយាយ​ថា​៖ «ចក្រភពអង់គ្លេស​បញ្ជាក់​ជា​ថ្មី ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សន្តិសុខ​រួម​របស់​យើង រួម​ទាំង​ការ​គំរាម​កំហែង​ពី​អ៊ីរ៉ង់ និង​ជម្លោះ​ដែល​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស​យេម៉ែន​​»​។ អារ៉ាប៊ី សាអ៊ូឌីត​ ដែល​កំពុង​ជាប់​ក្នុង​ការ​ប្រកួត​ប្រជែង ​ជា​មួយ​សត្រូវ​អ៊ីរ៉ង់​ បាន​ជំរុញ​មហាអំណាច​ពិភពលោក​ឱ្យ​ទាមទារ​លក្ខខណ្ឌ​តឹង​រ៉ឹង និង​មាន​សុពលភាព​វែង​ជាង​មុន​ នៅ​ក្នុង​កិច្ច​ចរចា​នៅ​ទី​ក្រុង​វីយែន ប្រទេស​អូទ្រីស​ ដែល​ធ្វើ​ឡើង​ដើម្បី​សហរដ្ឋអាមេរិក​ និង​អ៊ីរ៉ង់​ឱ្យ​ត្រឡប់​មក​អនុលោម​តាម​កិច្ចព្រមព្រៀង​វិញ​។ អារ៉ាប៊ី សាអ៊ូឌីត​ ក៏​ដឹកនាំ​សម្ព័ន្ធភាព​យោធា​ក្នុង​ការ​ប្រយុទ្ធ ​ជា​មួយ​ក្រុម​ឧទ្ទាម​ហ៊ូទី ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅ​ប្រទេស​យេម៉ែ​ន ​ផង​ដែរ​៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here