បុរសជនជាតិបារាំងម្នាក់ ជាប់គុក ៤ ខែ បន្ទាប់ពីទះកំផ្លៀងប្រធានាធិបតីបារាំងលោក Macron

0
79

តុលាការបារាំងបានផ្តន្ទាទោសលោក Damien Tarel ជាបុរសដែលទះកំផ្លៀងប្រធានាធិបតីបារាំងលោក Emmanuel Macron ឲ្យជាប់ពន្ធនាគារ រយៈពេល ១៨ ខែ ដោយត្រូវព្យួររយៈពេល ១៤ ខែ។ បុរសនោះក៏ប្រឈមនឹងការពិន័យផ្សេងៗដែរ។ ជនសង្ស័យអាយុ ២៨ ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅមុខតុលាការ កាលពីថ្ងៃព្រហស្បតិ៍។ ការបើកសវនាការដំណើរការបានយ៉ាងលឿនបំផុត ក្រោយពីកើតឡើងតែ ពីរថ្ងៃ បន្ទាប់ពីឧប្បត្តិហេតុទះកំផ្លៀងលោក Macron។ លោក Tarel ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើមន្រ្តីសាធារណៈ ដោយបទល្មើសនេះ ត្រូវជាប់ពន្ធនាគារយ៉ាងតិច ៣ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៤៥,០០០ ផោន។ ព្រះរាជអាជ្ញាបានស្នើឱ្យតុលាការផ្តន្ទាទោសលោក Tarel ដាក់ពន្ធនាគារ រយៈពេល ១៨ ខែ ជាជាងដាក់ពិន័យលើរូបលោក ក៏ដូចជាតបតលោកជាមួយនឹងការពិន័យផ្សេងទៀត។ តុលាការបានសម្រេចឱ្យចុងចោទជាប់ពន្ធនាគារ រយៈពេល ៤ ខែ និងព្យួររយៈពេល ១៤ ខែ។ ក្នុងអំឡុងពេល ២ឆ្នាំនេះ គាត់នឹងត្រូវធ្វើការធ្ងន់ធ្ងរ និងការព្យាបាលរោគផ្លូវចិត្ត។ លោក Tarel ក៏ត្រូវបានហាមឃាត់មិនឱ្យកាន់កាប់អាវុធ រយៈពេល ៥ឆ្នាំ ក៏ដូចជា ត្រូវបានហាមឃាត់មិនឱ្យកាន់តំណែងសាធារណៈ និងត្រូវបានហាមឃាត់ក្នុងការអនុវត្តសិទ្ធិស៊ីវិលផ្សេងទៀត រយៈពេល ៣ឆ្នាំ។ ជនជាប់ចោទរូបនេះ បានពន្យល់ពីសកម្មភាពរបស់គាត់ ដែលត្រូវបានជំរុញដោយហេតុផលនយោបាយ ដោយលោកបានប្រាប់តុលាការថា តាមគំនិតរបស់គាត់ លោក Macron បានធ្វើឲ្យមានភាពស្អុយរលួយសម្រាប់ប្រទេសបារាំង ហើយការវាយប្រហារដ៏គួរឱ្យស្អប់ខ្ពើម គឺជាមធ្យោបាយតែមួយគត់ ដើម្បីផ្តល់ឲ្យទៅដល់លោកប្រធានាធិបតី។ លោកបានប្រាប់តុលាការថា “ខ្ញុំគិតថា លោក Macron តំណាងឱ្យភាពពុករលួយរបស់ប្រទេសយើង”។ ឧប្បត្តិហេតុទះកំផ្លៀងបានកើតឡើង កាលពីថ្ងៃអង្គារ នៅពេលដែលលោក Macron កំពុងទៅទស្សនកិច្ចនៅនាយកដ្ឋាន Drome ភាគអាគ្នេយ៍នៃប្រទេសបារាំង។ លោកប្រធានាធិបតីបានទៅជិតអ្នកឈរមើលនៅក្នុងភូមិ Tain-l’Hermitage ដើម្បីចាប់ដៃជាមួយប្រជាជន នៅពេលដែលលោកបានជួបជនសង្ស័យ។ លោក Tarel បានលូកដៃទៅកាន់លោក Macron ដោយដៃម្ខាងទៀតបានទះកំផ្លៀងតែម្តង។ ជនជាប់ចោទក៏បានស្រែកពាក្យស្លោករបស់អ្នករាជានិយម ឈ្មោះ “Montjoie Saint Denis“ និង “Down with Macron-ism” នៅពេលដែលគាត់ទះកំផ្លៀងប្រធានាធិបតី ហើយសន្តិសុខការពារលោក Macron បានចាប់ខ្លួនអ្នកវាយប្រហារ ដែលរួមជាមួយជនសង្ស័យម្នាក់ផ្សេងទៀត។ បុរសទី២ មិនត្រូវបានចោទប្រកាន់ក្នុងរឿងទះកំផ្លៀងនោះទេ តែបុរសនេះនឹងត្រូវប្រឈមមុខនឹងតុលាការ នៅឆ្នាំ ២០២២ ពីបទកាន់កាប់អាវុធខុសច្បាប់៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here