ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ច្បាប់ “ប្រវត្តិសាស្ត្រ” ដើម្បី​ទប់​ទល់​ឥទ្ធិពល​សេដ្ឋកិច្ច​ចិន

0
268

ដើម្បីធានា​ថា​ សហរដ្ឋ​អាមេរិក គឺ​ជា​ជើងឯក​ពិភពលោក​ កាលពី​ថ្ងៃទី៨ ​ខែមិថុនា ឆ្នាំ២០២១ ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័តគម្រោង​​ច្បាប់​ ប្រកប​ដោយ​មហិច្ឆតា ​ទំហំ​ដល់​ទៅ​ ១៧០​ពាន់​លាន​ដុល្លារ សម្រាប់​​វិនិយោគវិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។ ​ផែនការនេះ​​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ច្បាប់​ដែល​មាន​លក្ខណៈ​​ “ប្រវត្តិសាស្ត្រ”  សម្រាប់​ទប់​ទល់​នឹង​ឥទ្ធិពល និង​គំរូ​​សេដ្ឋកិច្ចចិន។ ព្រឹទ្ធ​សភាអាមេរិក​បាន​​អនុម័ត​សេចក្តី ព្រាង​ច្បាប់​ ក្នុង​សំឡេង ៦៨​ ទល់​នឹង​ ៣២​ប្រឆាំង​។ ​គម្រោង​ច្បាប់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​មាន​លក្ខណៈ “​ប្រវត្តិសាស្ត្រ” ព្រោះ​​ជា​ផែនការ​វិនិយោគ​ ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វិទ្យាសាស្ត្របច្ចេកវិទ្យា​ តម្លៃ​ជាង​១៧០​ពាន់​លាន​ដុល្លារ។ ប្រធានាធិបតី​បាន​ផ្តួច​ផ្តើម​​គំនិត​វិនិយោគ​នេះ​ឡើង​ ដើម្បី​​អាចរក្សា​នាម​ជា​មហា​អំណាច ជា​ជើងឯក​ពិភពលោក​ ពោល ​គឺ​​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​របស់​ចិន។ គម្រោង​ច្បាប់​បាន​ជំរុញ ​និង​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន​សហគ្រាស​អាមេរិក​ ផលិត​គ្រឿងផ្សំ​អេឡិចត្រូនិក ក្នុងទឹកដីអាមេរិក ដូច​ជា ​សឺមីកុងឌុចទ័រ បន្ទះ​ឆីប (puces informatiques)​​​​ ដើម្បី​កាត់​បន្ថយ​ការ​រំពឹង​លើ​អ្នក​ក្រៅ​។ គ្រឿង​ផ្សំ​​អេឡិចត្រូនិក មាន​ប្រើដោយ​​ចាំបាច់ ​ក្នុង​វិស័យ​ឧស្សាហកម្មសំខាន់​ៗ​ រាប់​តាំង​ពី​ឧស្សាហកម្ម​យានយន្ត ទូរគមនាគមន៍ ឬឧស្សាហកម្ម​ឱសថ​ ដែលផលិត​ស្ទើរ​ទាំង​ស្រុង​នៅ​តំបន់​អាស៊ី។ ឆ្លើយ​តប​នឹង​តម្រូវការ​​​ពិភពលោកកាន់​តែ​ធំ​ ​​​គ្រឿង​ផ្សំអេឡិចត្រូនិក​ទាំង​អស់​​នេះ​បាន​​​​ក្លាយ​ជា​ចំណុច​យុទ្ធសាស្ត្រ។ ហើយ​ចិន​គ្រប់គ្រង​ ទីផ្សារ​ផលិត​កម្ម​​​ គ្រឿង​​ផ្សំ​អេឡិចត្រូនិក​ដ៏​​ចាំបាច់ និង​ជា​យុទ្ធសាស្ត្រ​​នេះបាន​ តាំង​ពី​យូរ​។ ផែនការ​ “ផលិត​២០២៥” ដែល​ចិន​បាន​ចាប់​អនុវត្ត​តាំង​ពី ​៥​ឆ្នាំ​មុនមក​ ហាក់​បាន​និង​កំពុងលើក​​ចិនឱ្យ​​នាំ​មុន​គេ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​អនាគត និង​គំរាមកំហែង​សន្តិសុខអាមេរិក សម្រាប់​ក្រសែ​ភ្នែក​អាមេរិក​​ ​ តាម​រយៈ​ការ​អភិវឌ្ឍន៍​លឿន​ស្លេវ​នៃ​​បច្ចេកវិទ្យា​ទូរគមនាគមន៍ចល័ត 5G។ បច្ចេកវិទ្យា ​5G ដែល​លោក ​ដូណាល់ ​ត្រាំ បាន​ចោទ​រួច​ទៅ​ហើយ​ថា ជា​ប្រភព​នាំ​ហានិភ័យ​ លួច​ការ​សម្ងាត់​ឧស្សាហកម្ម ឬ​​ អនាគត​ទៅ​ប៉េកាំង​ អាច​នឹង​កាត់​ផ្តាច់​ប្រព័ន្ធ​ទំនាក់ទំនង​ទូរស័ព្ទ​អាមេរិកបានទៀត។  ហេតុ​ដូច្នេះ​ហើយ ​បាន​ជា​អាមេរិក​មិនអាច​បង្អង់​បាន​ទៀត​ឡើយ។ ជាមួយ​នឹង​ទង្វើ​វាយប្រហារ​ដែល​អាមេរិក​បានជួបជា​ញឹក​ញយ​មួយ​រយៈ​ចុងក្រោយ​នេះទៀត មិនថា ​លោក ត្រាំ ​ឬ​ លោក ​បៃដិន ពិត​ជា​មាន​អារម្មណ៍​ចង់ទប់​ទល់​ចិន​ជាង​ពេល​ណាៗ​ទាំង​អស់៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here