លោក Trump ទាមទារឱ្យប្រទេសចិនចំណាយប្រាក់ចំនួន ១០ ពាន់លានដុល្លារ ក្នុងសំណងកូវីដ១៩ ទូទាំងពិភពលោក

0
26

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងពីជ័យជំនះលើការរិះគន់របស់លោក ដោយនិយាយថា លោកត្រូវបានគេបង្ហាញឱ្យឃើញថា ត្រឹមត្រូវលើបញ្ហាតួនាទីរបស់ចិន ចំពោះការឆ្លងរាតត្បាត ជំងឺកូវីដ១៩ ហើយលោកបានបញ្ជាក់ម្តងទៀតនូវការទាមទាររបស់លោក ឱ្យបក្សកុម្មុយនិស្តចិនសងសំណង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា បក្សកុម្មុយនិស្តចិនគួរតែបង់ប្រាក់ចំនួន ១០ ពាន់លានដុល្លារ ជា “សំណងសកល” សម្រាប់ការបង្កើតឲ្យមានព្រឹត្តិការណ៍ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ លោកក៏បានចំអកដល់ប្រធានទីប្រឹក្សាវេជ្ជសាស្ត្ររបស់សេតវិមាន គឺលោកបណ្ឌិត Anthony Fauci ដោយលោកមានប្រសាសន៍ថា៖ “លោកវេជ្ជបណ្ឌិត Fauci ចូលចិត្តនិយាយថា លោក គឺជាអ្នកវិទ្យាសាស្ត្រ នៅពេលដែលលោកគ្រាន់តែជាអ្នកប្រឌិតរឿងបែបវិទ្យាសាស្ត្រប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍នេះបានកើតឡើង បន្ទាប់ពីរបាយការណ៍ដែលបានលើកឡើងថា កូវីដ១៩ ប្រហែលជាបានបែកធ្លាយពីវិទ្យាស្ថានវូហាន ជាការចោទប្រកាន់ដែលគាំទ្រដោយលោក Trump ។ លោក Fauci បានជាប់ទាក់ទងនឹងរឿងវូហាននេះ ដោយមានការចោទប្រកាន់ថា លោកជួយបំផ្លាញទ្រឹស្តីដែលថា វីរុសនេះធ្លាយចេញនៅមន្ទីរពិសោធន៍។ លោក Trump បាននិយាយថា “ឥឡូវនេះ មានលក្ខណៈជាឯកច្ឆ័ន្ទហើយ ដែលខ្ញុំត្រូវបានបង្ហាញឱ្យឃើញថា ត្រឹមត្រូវជាថ្មីម្តងទៀតថា របាយការណ៍ដំបូងរបស់អង្គការសុខភាពពិភពលោក ស្តីពីមន្ទីរពិសោធន៍វូហាន គឺមានកំហុស ហើយត្រូវតែធ្វើឱ្យបានច្បាស់លាស់ម្តងទៀតដោយការស៊ើបអង្កេតដែលមានតម្លាភាព”។ យើងនិយាយត្រូវអំពីវីរុសចិនតាំងពីដំបូង ហើយឥឡូវពិភពលោកទាំងមូលមើលឃើញវាហើយ”។ បន្ទាប់មក អតីតប្រធានាធិបតីរូបនេះ បានបង្វែរការចាប់អារម្មណ៍ទៅលើលោក Fauci ដែលប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញកាលពីឆ្នាំមុនថា ត្រូវបានវាយប្រហារដោយលោក Trump ចំពោះការផ្តល់ដំបូន្មានមិនត្រឹមត្រូវ អំពីការប្រុងប្រយ័ត្នការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។ អ្វីដែលគួរឱ្យហួសចិត្តនោះ អ៊ីមែលបានបង្ហាញថា លោក Fauci បានដឹងកាលពីខែកុម្ភៈ ឆ្នាំ ២០២០ ថា កុមារមានអត្រាទាបបំផុតនៃការឆ្លងមេរោគកូវីដ១៩ ហើយលោកបានព្រមានប្រឆាំងនឹងការបើកសាលារៀនឡើងវិញ នៅរដូវស្លឹកឈើជ្រុះ ដែលនេះគឺជាការប្រឆាំងនឹងបំណងប្រាថ្នារបស់លោក Trump តែម្តង ។ លោក Fauci បាននិយាយកាលពីថ្ងៃពុធនៅក្នុងបទសម្ភាសន៍ជាមួយ MSNBC ថា ការកើនឡើងនៃការរិះគន់លើរូបលោក គឺមិនមែនបញ្ហាឡើយ តែគេមិនគួរវាយប្រហារទៅលើវិទ្យាសាស្ត្រទេ៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here