មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ចំនួនសត្វត្មាត បន្តធ្លាក់ចុះជារៀងរាល់ឆ្នាំ ដែលគួរព្រួយបារម្ភ

0
206

(ព្រះវិហារ)៖ សត្វត្មាតជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការបាត់ពូជពីលើសកលលោក ខណៈចំនួនសត្វត្មាតនេះ នៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានាខិតខំប្រឹងប្រែងការពារ និងអភិរក្សក៏ដោយ។ នេះជាការបញ្ជាក់របស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន អំឡុងចូលរួមជំរឿនសត្វត្មាត ឆ្នាំ២០២១ នាថ្ងៃទី១០ ខែមិថុនា។

សត្វត្មាត មានវត្តមាននៅកម្ពុជា មានតែ៣ប្រភេទ គឺទី១៖ ត្មាតភ្លើង, ទី២៖ ត្មាតត្នោត និងទី៣ ត្មាតផេះ។ សត្វត្មាត ជាប្រភេទជិតផុតពូជបំផុតពីផែនដី ប៉ុន្តែមានវត្តមាននៅខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តក្រចេះ នៃប្រទេសកម្ពុជា។

លោក នេត្រ ភក្រ្តា បានឱ្យដឹងថា នៅឆ្នាំ២០២០ កន្លងទៅ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការអន្តរជាតិនានា ធ្វើជំរឿនសត្វត្មាតចំនួន៥ដង ក្នុង១ឆ្នាំ។ តាមលទ្ធផលជំរឿនសត្វត្មាតទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០ ចំនួនសត្វត្មាតច្រើនបំផុតមានត្រឹម ១២៩ក្បាលប៉ុណ្ណោះ ក្នុងប្រទេសកម្ពុជា ហើយពួកវារស់នៅជាហ្វូងហើយស៊ីសាកសពជាអាហារ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «មូលហេតុដែលនាំឱ្យសត្វត្មាតនៅប្រទេសកម្ពុជា មានការធ្លាក់ចុះខ្លាំង ដោយសារការគំរាមកំហែង ខ្លាំងបំផុតពីការបំពុលរបស់មនុស្សការបាត់បង់ជម្រកការខ្វះខាតចំណីអាហារការបរបាញ់ តាមរយៈការដាក់អន្ទាក់ និងការបំពុល»។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា «មន្រ្ដីឧទ្យានុរក្ស បានរកឃើញវត្តមានសត្វត្មាតចំនួន ៦១ក្បាល កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះរួមមាន៖ ត្មាតផេះ ចំនួន ៤០ក្បាល, ត្មាតភ្លើង ចំនួន២ក្បាល និងត្មាតត្នោត ចំនួន១៩ក្បាល នៅអាហារដ្ឋានត្មាត ក្នុងភូមិដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប នៅពេលផ្តល់ចំណីប្រចាំខែ»។

លោកបានគូសបញ្ជាក់បន្ថែមថា៖ «លទ្ធផលបឋមនៃការធ្វើជំរឿនសត្វត្មាត នៅក្នុងដែនជម្រកសត្វព្រៃឆែប តែមួយនៅថ្ងៃទី៩ ខែមិថុនា នេះ មន្រ្ដីជំនាញបាននឹងកំពុងបូកសរុបលទ្ធផលក្រោយបញ្ចប់ការធ្វើជំរឿន និងចេញផ្សាយរបាយការណ៍ក្នុងពេលឆាប់ៗនេះ»។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបន្តថា ជំរឿនសត្វតា្មត គឺជាការអង្កេតតាមដានជីវៈចម្រុះក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ដើម្បីដឹងថា តើនៅក្នុងតំបន់ការពារធម្មជាតិមានវត្តមានសត្វព្រៃ ជីវៈចម្រុះអ្វីខ្លះ ដើម្បីងាយស្រួលក្នុងការរៀបចំផែនការ ការពារ និងអភិរក្សឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាឱ្យបាននូវជីវៈចម្រុះដែលកម្ពុជាមាន។

លោករដ្ឋលេខាធិការ បានឱ្យដឹងថា ជំរឿនសត្វត្មាត នៅប្រទេសកម្ពុជា ធ្វើឡើងដោយការប្រមូលទិន្នន័យពី ៤ទីតាំងផ្សេងគ្នានៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ហើយត្រូវបានអនុវត្ត និងចូលរួមដោយក្រុមការងារសត្វត្មាតកម្ពុជា (CVWG) ដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife International) អង្គការ WWF មជ្ឈមណ្ឌលអង្គរ ដើម្បីអភិរក្សជីវៈចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) នៅខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។

បើតាមលោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងខេត្តព្រះវិហារ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ WCS បានអនុវត្តសកម្មភាពអភិរក្សនៅតាមតំបន់ការពារធម្មជាតិ តាមរយៈការផ្តល់ចំណីបន្ថែម ១ខែ ២ដង ដល់សត្វត្មាត និងការពារសម្បុកពងកូន អភិវឌ្ឍន៍ នូវការយល់ដឹងស៊ីជម្រៅនៃកត្តាប្រឈមដល់សត្វត្មាតក្នុងខេត្តព្រះវិហារ។

លោក បានបន្តថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២១ មានការរៀបចំការផ្តល់ចំណីបន្ថែម តាមរយៈការធ្វើ «អាហារដ្ឋានត្មាត» ចំនួន១០ដង ដើម្បីតាមដានចំនួនសត្វត្មាត។ សត្វត្មាត ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក តែនៅមានវត្តមាននៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here