អាជ្ញាធរខេត្ដសៀមរាប ចាប់ផ្ដើមធ្វើការផាកពិន័យ ចំពោះអ្នកដែលមិនពាក់ម៉ាស់ និងពាក់ម៉ាស់មិនត្រឹមត្រូវ !

0
130

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះរបស់ខេត្ដ ដែលមានកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងក្រុមមន្ដ្រីសុខាភិបាល ចុះផាកពិន័យទៅលើប្រជាពលរដ្ឋ អាជីវករលក់ដូរ ដែលមិនពាក់ម៉ាស់ និងពាក់ម៉ាស់មិនត្រឹមត្រូវ នៅផ្សារលើធំថ្មី ក្រុងសៀមរាប ។

លោក ពិន ប្រាកដ បានមានប្រសាសន៍ថា មុននឹងចុះធ្វើការផាកពិន័យនេះ អាជ្ញាធរបានចុះណែនាំជាច្រើនលើកមកហើយ ប៉ុន្ដែអាជីវករ និងពលរដ្ឋមួយចំនួនតូចមិនអនុវត្ដតាមសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលនោះទេ ទើបពេលនេះអាជ្ញាធរខេត្ត បានចុះអនុវត្ដទៅតាមផ្លូវច្បាប់ ហើយបើតាមការសង្កេតឃើញថា មានអាជីវករ និងពលរដ្ឋប្រមាណ៥%ប៉ុណ្ណោះ ដែលពួកគាត់មិនពាក់ម៉ាស់ និងមិនអនុវត្ដតាមច្បាប់។

លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា នេះជាលើកទី១ ហើយសម្រាប់ការចុះផាកពិន័យនេះ ចំពោះអ្នកដែលអត់ពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ ហើយអាជ្ញាធរនឹងធ្វើការផាកពិន័យបន្ដទៀត ទៅលើអ្នកមិនអនុវត្ដតាមច្បាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់ប្រជាពលរដេ្ឋទាំងអស់ សូមអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល នូវវិធានការ ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នេះ ខណ:ដែលខេត្ដសៀមរាប មួយរយ:ចុងក្រោយនេះមានការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ បានកើតមានច្រើនជាបន្ដបន្ទាប់។ យោងតាមអនុក្រិត្យ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស់ តាមមាត្រា១៩ នៃអនុក្រឹត្យនេះចែងថា បុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ដែលក្រសួងសុខាភិបាល បានណែនាំនឹងត្រូវរងការផាកពិន័យពី ២០ម៉ឺនរៀល ទៅ១លានរៀល ប្រសិនបើបុគ្គលនោះមិនធ្វើតាមការព្រមានលើកទី១ ។ ចំណែកអ្នករៀបចំកម្មវិធីអ្វីមួយដែលមិនគោរពទៅតាមគោលការណ៍គម្លាតសង្គមត្រូវរងការផាកពិន័យពី ១លាន ទៅ៥លានរៀល ក្នុងករណីមិនធ្វើតាមការព្រមានលើកទី១ ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភ: គិតត្រឹមល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ២៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៩០នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន១៥៧នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ ដែលគាត់ទាំងពីរនាក់ ជាអ្នកជំងឺខូចតម្រងនោមធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុននឹងគាត់មានវិជ្ជមានជំងឺកូវីដ-១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here