អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍ខ្លោងទ្វារតាកាវ នៃអតីតរាជធានីអង្គរធំជាបណ្តោះអាសន្ន ដើម្បីធ្វើការជួសជុល !

0
72

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង លេខ ៤០៨/២១ រ.ប សជណ ក្នុងការផ្តល់ព័ត៌មានដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះតទៅ អាជ្ញាធរជាតិអប្សរានឹងធ្វើការបិទចរាចរណ៍ខ្លោងទ្វារតាកាវ នៃអតីតរាជធានីអង្គរធំ ជាបណ្តោះអាសន្ន ដើម្បីធ្វើការជួសជុល រើថ្ម ដាក់ពង្រាយបំណែកថ្ម ផ្គុំថ្ម និងបំណែកចម្លាក់សម្រាប់ជួសជុលដែលចាំបាច់ត្រូវបិទខ្លោងទ្វារនេះ។ នៅក្នុងសេចក្តីជូនដំណឹង បានឱ្យដឹងដែរថា អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលខ្លោងទ្វារតាកាវនេះ ចាប់ពីខែមីនា ឆ្នាំ២០២១មកដល់បច្ចុប្បន្ន មិនទាន់រួចរាល់នៅឡើយទេ ។

ការបិទចរាចរណ៍នេះធ្វើឡើងក្នុងគោលបំណង ដើម្បីសម្រួលដល់ក្រុមការងារបច្ចេកទេស របស់អាជ្ញាធរជាតិអប្សរា ក៏ដូចជា ធានានូវសុខសុវត្ថិភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់នេះ។

អាជ្ញាធរជាតិអប្សរាសង្ឃឹមថា ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់នឹងយោគយល់ ហើយចូលរួមសហការបានយ៉ាងល្អប្រសើរ ដើម្បីភាពរលូន នៃដំណើរការអភិរក្សសម្បត្តិដូនតាទាំងអស់គ្នា។
សូមជម្រាបជូនថា ខ្លោងទ្វារតាកាវ ស្ថិតនៅទិសខាងលិច នៃអតីតរាជធានីអង្គរធំ ៕

ប្រភព: អាជ្ញាធរជាតិអប្សរា

LEAVE A REPLY

Please enter your comment!
Please enter your name here