រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលគ្រឿងឧបភោគ បរិភោគ និងម៉ាស ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក

0
94

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងម៉ាស ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ត្បូងឃ្មុំ កំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម សម្រាប់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋមដែលកំពុងធ្វើចត្តាឡីស័ក និងចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅខេត្តត្បូងឃ្មុំ ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម អ៊ុក ប៊ុនឈឿន បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាពិសេសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្ញើជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងជូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាង យកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាព របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ។
ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្តដែលបានខិតខំបំពេញការងារយ៉ាង សកម្មនាពេលកន្លងមក ពិសេសបានអនុវត្តន៏ការណែនាំនូវវិធានការនានាជាច្រើន ដើម្បីបង្ការ និងទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ព្រមទាំងធ្វើការក្រើនរំលឹកដល់អាជ្ញាធរខេត្តត្បូងឃ្មុំត្រូវបន្តការអនុវត្តន៏គ្រប់វិធានការប្រុងប្រយ៏ត្នខ្ពស់ថែមទៀត ។

ឆ្លៀតក្នុងឳកាសនោះឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់កុំបំពាន កុំប្រមាថ និងកុំធ្វេសប្រហែសឱ្យសោះ ព្រោះបច្ចុប្ប្នន្ននៅទូទាំងប្រទេសកម្ពុជា នៅមានតំបន់មួយចំនួននៅតែប្រឈមខ្លាំងដដែល ដូច្នេះយើងត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ព្រមទាំងអនុវត្តឱ្យបានតាមវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារសុខភាព និងអាយុជីវិតរបស់យើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តសប្បុរសរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដែលបាននាំយកអំណោយមកប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ នេះជាវប្បធម៌នៃការចែករំលែក និងការជួយគ្នាទៅវិញទៅមក ក្នុងពេលវេលាដែលវីរុសកូវីដ ១៩ រីករាលដាលជាសកល ។
ចំពោះអំណោយទាំងនោះរួមមាន៖ ទឹកត្រី ១០០យួរ ទឹកស៊ីអុីវ១០០យួរ ទឹកសុទ្ធ១០០កេស ត្រីខ១០០យួរ មី១០០កេស និងម៉ាសចំនួន៤០០០ម៉ាស ៕
សាន វិឡែម

LEAVE A REPLY

Please enter your comment!
Please enter your name here