ប្រទេសវៀតណាមកំពុងប្រឈមនឹងការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ ជាពិសេស នៅក្នុងតំបន់ឧស្សាហកម្ម សេដ្ឋកិច្ច។ ថ្វីត្បិតថា ករណីឆ្លងជំងឺកូវីដ១៩ នៅវៀតណាម នៅមានកម្រិតនៅឡើយ បើប្រៀបធៀបនឹងប្រទេសជិតខាងផ្សេងទៀតក៏ដោយ ប៉ុន្តែវៀតណាមដែលមានប្រជាជនជិត ១០០លាននាក់ កំពុងយឺតយ៉ាវនៅឡើយ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន។ នៅពេលវ៉ាក់សាំង ជាដំណោះស្រាយតែមួយ ដើម្បីរួចចាកផុតពីវិបត្តិកូវីដ១៩ រដ្ឋាភិបាលវៀតណាមបានបើកយុទ្ធនាការ ស្វែងរកជំនួយសុប្បរសធម៌ពីសាធារណជន ដើម្បីអាចទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ វៀតណាមទើបចាក់វ៉ាក់សាំង បង្ការកូវីដ១៩ ដល់ប្រជាជនរបស់ខ្លួន បានតែជាង ១លាននាក់ប៉ុណ្ណោះ ក្នុងកាលៈទេសៈដែលប្រទេសកំពុងជួបរលកថ្មីនៃជំងឺកូវីដ១៩ និងបារម្ភពីវិបត្តិសេដ្ឋកិច្ច ដោយសារការកើនឡើងនៃករណីឆ្លងនៅតំបន់រោងចក្រឧស្សាហកម្ម រដ្ឋាភិបាលវៀតណាមបានជំរុញពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង ដល់ប្រជាជនរបស់ខ្លួនឲ្យបានច្រើននៅទូទាំងប្រទេស។ វៀតណាមមានគោលដៅចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួន ឲ្យបាន ៧០ភាគរយ នៃប្រជាជនសរុប នៅឆ្នាំ២០២១នេះ។ មានន័យថា វៀតណាមត្រូវការវ៉ាក់សាំង ប្រមាណ ១៥០លានដូស ដែលគិតជាតម្លៃ ប្រមាណ ១,១ពាន់លានដុល្លារ។ ប៉ុន្តែ រដ្ឋាភិបាលវៀតណាមបានត្រៀម ថវិកាប្រមាណ តែ ៦៣០លានដុល្លារប៉ុណ្ណោះ ដើម្បីទិញវ៉ាក់សាំង។ ដើម្បីបង្រ្គប់កញ្ចប់ថវិកា ដែលនៅខ្វះ ជិត ៥០០លានដុល្លារទៀត ដូច្នេះរដ្ឋាភិបាលវៀតណាមបានចាប់ផ្តើមយុទ្ធនាការ ស្វែងរកជំនួយថវិកា ពីគ្រប់ច្រក មិនថា ពីសហគមន៍អន្តរជាតិ និងប្រជាជនក្នុងស្រុកឡើយ។ កាលពីថ្ងៃសៅរ៍ នៅក្នុងសុន្ទរកថាផ្សាយផ្ទាល់ ដើម្បីចាប់ផ្តើមបើកយុទ្ធនាការ រៃអង្គាសថវិកាសម្រាប់ទិញវ៉ាក់សាំង នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មីនជីន បាននិយាយថា វិភាគទានរបស់សហគមន៍ និងសង្គមវៀតណាម សំខាន់ណាស់ សម្រាប់ដំណើរការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ។ កាលពីថ្ងៃអង្គារ វិភាគទានរបស់ប្រជាជន និងអង្គការជាង ២សែន បានធ្វើឲ្យអាជ្ញាធរប្រមូលថវិកាបានប្រមាណ ១៨១លានដុល្លារ។ តាមក្រសួងហិរញ្ញវត្ថុវៀតណាម នឹងមានថវិកាប្រមាណ ១៤០លានដុល្លារផ្សេងទៀត ដែលក្រុមហ៊ុន និងអ្នកជំនួញបានសន្យាបរិច្ចាគសម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕ AP