ចិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Sinovac ដល់ក្មេង ចាប់ពីអាយុ ៣ឆ្នាំឡើងទៅ

0
270

ចិន​នឹង​ក្លាយ​ជាប្រទេស​ដំបូងគេក្នុងពិភពលោក ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការកូវីដ១៩ សម្រាប់​ចាក់កូនក្មេង អាយុចាប់ពី ​៣ឆ្នាំ​ឡើងទៅ។ តាម​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Sinovac អាជ្ញាធរ​ចិនបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់ នូវវ៉ាក់សាំង​បង្ការកូវីដ១៩ របស់​ក្រុមហ៊ុន Sinovac សម្រាប់​កុមារ ចាប់ពី​អាយុ ៣ឆ្នាំ ទៅ ១៧ឆ្នាំ។ គេ​នៅមិនទាន់​ដឹងថា តើ​ដំណើរការ​ចាក់វ៉ាក់សាំង សម្រាប់​កុមារ​នឹង​ចាប់ផ្តើម​ឡើង នៅពេលណានោះទេ។ បើតាម​ក្រុមហ៊ុន Sinovac គឺ​អាជ្ញាធរ​សុខាភិបាល​ចិន ដែល​ជា​អ្នកកំណត់​កាលបរិច្ឆេទ។ ក្រុមហ៊ុន​ Sinovac ​ទើប​បាន​បញ្ចប់​ដំណាក់កាល ធ្វើតេស្តសាកល្បងវ៉ាក់សាំង ជាមួយ កុមារ និង​ក្មេងជំទង់។ នៅ​ចុងសប្តាហ៍មុន ទូរទស្សន៍រដ្ឋ​ចិន CCTV បាន​ដកស្រង់​សំដីរបស់​មន្រ្តី​ក្រុមឆ្លើយតប​ជំងឺរាតត្បាត នៃក្រុមប្រឹក្សារដ្ឋ​ចិន ដែល​ថា វ៉ាក់សាំង​របស់ ​Sinovac មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធិភាព សម្រាប់​កុមារ។ តាមអ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ Sinovac លទ្ធផល​នៃប្រសិទ្ធិភាព​របស់​វ៉ាក់សាំង នឹង​ត្រូវ​ចុះផ្សាយ នៅក្នុង​ទស្សនាវដ្តីសុខភាព​ដ៏ល្បីឈ្មោះ Lancet ​នៅពេល​ឆាប់ៗ​ខាងមុខ។ វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Sinovac ​ស្ថិតក្នុង​ចំណោម​វ៉ាក់សាំង ចំនួន​៣ ដែល​អាជ្ញាធរ​ចិន​បើកភ្លើងខៀវ​ឲ្យ​ប្រើប្រាស់​សម្រាប់​មនុស្ស​ចាស់ ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ។ ប្រទេស​ចិន ដែលបាន​គ្រប់គ្រង​ស្ថានភាព​កូវីដ១៩ បានទាំងស្រុង ចាប់តាំង​ពី​ពាក់កណ្តាល​ឆ្នាំមុន បាន​ពន្លឿនយុទ្ធនាការ​ចាក់វ៉ាក់សាំង ដល់​ប្រជាជន​របស់ខ្លួន រហូត ដល់​បាន ៧៧៧​លាន​នាក់។ ដោយសម្រេចចាក់វ៉ាក់សាំងដល់​កុមារ ចាប់ពី​អាយុ ៣ឆ្នាំ ឡើងទៅ ប្រទេស​ចិនចង់​សម្រេច​គោលដៅរបស់ខ្លួន គឺ​ការចាក់វ៉ាក់សាំង​បង្ការកូវីដ១៩ ឲ្យបាន ៧០ភាគរយ​នៃ​ប្រជាជន​សរុប ជាង ១៤០០​លាននាក់ ពីពេលនេះ រហូត​ដល់​ចុងឆ្នាំ២០២១៕ AP

 

LEAVE A REPLY

Please enter your comment!
Please enter your name here