ភ្នំពេញៈដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០គឺជាសមិទ្ធផល ប្រវត្តិសាស្ត្រ និងជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជាទាំងមូល ដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់មកហើយ។នេះជាការរបស់សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងនៅក្នុងពិធីប្រគល់ទទួលកែវដំណក់ប្រេងដំបូងរបស់កម្ពុជានៅព្រឹកថ្ងៃទី៩ខែមិថុនានេះនៅវិមានឈ្នះឈ្នះ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
រូបថតៈពិធីប្រគល់ទទួលកែវដំណក់ប្រេងដំបូងរបស់កម្ពុជានៅព្រឹកថ្ងៃទី៩ខែមិថុនានេះនៅវិមានឈ្នះឈ្នះ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ
សម្តេចពិជ័យសេនាទៀបាញ់បានបន្តថាក្នុងនាមគណៈកម្មការសាងសង់វិមានឈ្នះឈ្នះសូមសម្តែងការកោតសរសើរចំពោះថ្នាក់ ដឹកនាំ មន្ត្រី រាជការ នៃក្រសួងរ៉ែ និងថាមពល ដឹកនាំដោយលោករដ្ឋមន្ត្រី ស៊ុយ សែមដែលបានខិតខំយក ចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជាតាមរចនាបថខ្មែរ ទំនើបមានភាពស្រស់បំព្រង រស់រវើក និងបានបង្ហាញពីអត្ថន័យតាមក្បាច់ចម្លាក់នីមួយៗ និងឯកសារមួយចំនួនទៀត ប្រគល់ជូនគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះនាពេលនេះ ដើម្បីយកមកទុកដាក់ជាវត្ថុតឹកតាង ប្រវត្តិសាស្ត្រនៅវិមានឈ្នះ ឈ្នះ ក្នុងសារមន្ទីរមគ្គុទ្ទេសក៍តេជោសែន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២០។
រូបថតៈពិធីប្រគល់ទទួលកែវដំណក់ប្រេងដំបូងរបស់កម្ពុជានៅព្រឹកថ្ងៃទី៩ខែមិថុនានេះនៅវិមានឈ្នះឈ្នះ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ
ក្នុងឱកាសនេះ សម្តេចពិជ័យសេនាបានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធបន្តចូលរួមគាំទ្រអភិវឌ្ឍន៍សារមន្ទីរមគ្គុទេសក៍ តេជោសែនយើងនេះទៅតាមតួនាទីភារកិច្ចរៀងៗខ្លួនឲ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការផ្តល់វត្ថុតឹកតាង និងឯកសារពាក់ព័ន្ធ ដែលជាសមិទ្ធផលសំខាន់ៗសម្រេចបានជាប្រវត្តិសាស្ត្រ តាមរយៈនយោបាយឈ្នះ ឈ្នះ ដើម្បីក្រុមការងារតម្កល់ទុកក្នុងសារមន្ទីរវិមានឈ្នះ ឈ្នះ សម្រាប់ទុកជូនមនុស្សជំនាន់ក្រោយសិក្សារៀនសូត ដូចដែលក្រសួងរ៉ែ និងថាមពលបានប្រគល់ជូននាថ្ងៃនេះ ជាសក្ខីភាពស្រាប់។
ជាមួយគ្នានេះ សម្តេចក៏បានអរគុណចំពោះក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងរ៉ែ និងថាមពល ព្រមទាំងស្ថាប័នពាក់ព័ន្ធរៀបចំពិធីប្រគល់ ទទួលនាថ្ងៃនេះដំណើរការដោយ រលូនតាមកម្មវិធីគ្រោងទុក តាមវិធានការសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
រូបថតៈពិធីប្រគល់ទទួលកែវដំណក់ប្រេងដំបូងរបស់កម្ពុជានៅព្រឹកថ្ងៃទី៩ខែមិថុនានេះនៅវិមានឈ្នះឈ្នះ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ
សម្តេចពិជ័យសេនាបានបញ្ជាក់ថា តាមរយៈ “នយោបាយ ឈ្នះ ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេស ជាតិមានសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនមានសិទ្ធិ សេរីភាពបរិបូរណ៍ និងរស់នៅយ៉ាងសុខដុមរមនា ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ហើយកំពុងបន្តឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព និងប្រជាធិបតេយ្យ ឆ្ពោះទៅសម្រេចគោលដៅ តាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញ។ ជាក់ស្តែង នៅក្នុងរយៈពេលជិត២៣ឆ្នាំចុងក្រោយនេះ ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់ វិស័យគួរឲ្យកត់សម្គាល់ ក្នុងនោះវិស័យរ៉ែ និងថាមពល គឺជាវិស័យមួយរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។ ជាក់ស្ដែង ដំណក់ប្រេងដំបូងរបស់កម្ពុជា ដែល ទទួលបានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាការចាប់ផ្តើមជំហានដំបូងមួយដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅ បង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍ សំខាន់ៗនៃឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនេះ បាននាំមកនូវចំណូលថវិកាជាតិហើយផលសេដ្ឋកិច្ច ទទួលបានពីការបង្កើតនូវពិពិធកម្ម ខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត នឹងកសាងសមត្ថភាពជាតិក្នុងវិស័យ នេះថែមទៀតផង។ សមិទ្ធផលសម្រេចបានទាំងអស់នេះ បានឆ្លុះបញ្ចាំងឲ្យឃើញច្បាស់អំពីសមត្ថភាព និងប្រសិទ្ធភាពនៃការ ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈៀសវ និងប្រកបដោយគតិបណ្ឌិត ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងការចូលរួមយ៉ាងសកម្មរបស់ប្រជាជន ប្រកបដោយភាពម្ចាស់ក្នុងការថែរក្សាសមិទ្ធផលនៃសង្គមជាតិ តាមទិសស្លោក “អរគុណសន្តិភាព” “ស្រលាញ់ សន្តិភាព” “មានសន្តិភាពទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់”។
រូបថតៈពិធីប្រគល់ទទួលកែវដំណក់ប្រេងដំបូងរបស់កម្ពុជានៅព្រឹកថ្ងៃទី៩ខែមិថុនានេះនៅវិមានឈ្នះឈ្នះ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ
ក្នុងឱកាសនេះ សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងរ៉ែ និង ថាមពល ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការរុករក ស្រាវជ្រាវរកឃើញ និងធ្វើអាជីវកម្មធនធានរ៉ែ ប្រេងនៅ កម្ពុជា ស្របតាមគោលនយោបាយជាតិ ស្ដីពីធនធានរ៉ែ និងយុទ្ធសាស្ត្រ និងផែនការសកម្មភាពសំខាន់ៗ ដែលជា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានរ៉ែ ប្រកបដោយចីរភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងតម្ល ភាព ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ដែលបានកំណត់ថា “អភិវឌ្ឍន៍ធនធានរ៉ែ និងឧស្ម័ន ដើម្បីប្រែក្លាយធនធាននេះឲ្យទៅជាប្រភពថ្មីមួយទៀត នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា”។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ ២០២០ដែលជាថ្ងៃខួបលើកទី ២២ នៃ នយោបាយឈ្នះឈ្នះ បានប្រកាសថា ការរកឃើញដំណក់ប្រេងដំបូងគឺស្ថិត នៅប្លុកអេ(A)នៃឈូងសមុទ្រ កម្ពុជា រកឃើញដោយក្រុមហ៊ុន គ្រីស អេនណូជី ដែលបានខួងរណ្តៅប្រេងពីបាតសមុទ្រ នៃខេត្តព្រះសីហនុ ។ សមិទ្ធផលដែលបានពីអាជីវ កម្មប្រេងកាតកម្ពុជា និងត្រូវផ្តល់ជាអាទិភាពលើវិស័យអប់រំ វិស័យសុខាភិបាលហើយគាប់ ជួនខ្លាំងណាស់ជាមួយនឹងខួបលើកទី២២ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា មោទនភាពសម្រាប់កម្ពុជាជាប្រទេសតូច”។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីការបូមប្រេងពីបាតសមុទ្រស្ថិតនៅក្នុងប្លុកអេ(A)ដែលបានបូមចេញជាដំណក់ប្រេងលើកដំបូងនៅលើទឹកដីដ៏កម្សត់មួយនេះទើបសម្តេចតេជោ ជ្រើសរើសយកថ្ងៃទី២៩ខែធ្នូដែលជាថ្ងៃនៃការបញ្ចប់ សង្គ្រាមនាំមកនូវសន្តិភាពនិងការឯកភាពជាតិ ជាលើកដំបូងក្នុងរយៈពេលដ៏យូរលង់របស់កម្ពុជា ។បើគ្មានសន្តិភាពទេ វាក៏អត់មានផងដែរវនូវការឯកភាពជាតិ គ្មានទេនៅព្រឹត្តិការណ៏ដំណក់ប្រេងដំបូងនៅថ្ងៃ ទី២៩ធ្នូឆ្នាំ២០២០។
ទន្ទឹមនេះដែរនៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ដដែលលិខិតអបអរសាទររបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពលគោរពជូនសម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានថ្ងៃនេះ ជាលទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃជោគជ័យ របស់ជាតិកម្ពុជាទាំងមូលដែលយើងខ្ញុំព្រមទាំងប្រជាពលរដ្ឋ ទូទាំងប្រទេសបានទន្ទឹមរង់ចាំជាច្រើនជំនាន់ មកហើយ។
ថ្ងៃនេះកម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយដែរក្នុងចំណោមប្រទេសមួយចំនួនតូចក្នុងពិភពលោកដែលកូនខ្មែរ សម័យតេជោគួរមានមោទនភាព។ ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងរ៉ែនិងថាមពល យើងខ្ញុំសូមអបអរសាទរដោយ ស្មោះអស់ពីដួងចិត្តចំពោះសមិទ្ធផលថ្មីនៃនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបង្ហាញចេញ ជាផ្លែផ្កាក្នុងថ្ងៃនេះ។ ក្ដីស្រមៃជាយូរមកហើយបានក្លាយ ជាការពិតក៏អាស្រ័យដោយសន្តិភាពយូរអង្វែង ដែល សម្តេចតេជោបានកសាងនិងថែរក្សាដោយយកជីវិតជាដើមទុនលើសពីនេះទៅទៀតការដឹកនាំដ៏ភ្លឺស្វាងបានផ្តល់នូវទំនុកចិត្តសម្រាប់វិនិយោគិនជាតិនិងអន្តរជាតិ ក្នុងការដាក់ទុនដ៏សន្ធឹកសន្ធាប់និងជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជាក់ស្ដែងទោះជាវិស័យប្រេងកាតដែលត្រូវការវិនិយោគខ្ពស់ហើយត្រូវប្រឈមហានិភ័យខ្ពស់ដូចគ្នាក៏តួអង្គទាំងឡាយនៅ ក្នុងជោគជ័យថ្ងៃនេះ នៅតែជំនះបានដោយក្តីជឿជាក់ក្នុងចិត្តនិងក្នុងការដឹកនាំរបស់សម្ដេចតេជោ។ ដំណក់ប្រេងដំបូងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាកគំរាមកំហែងដោយមេរោគរាតត្បាត កូវីឌ-១៩ គឺជាសក្ខីភាពនៃការខំប្រឹងប្រែងអំណត់ព្យាយាមនិងពុះពារលុះត្រាសម្រេចបានរបស់រាជរដ្ឋាភិបាលនិងវិនិយោគិនដែលយើងខ្ញុំទាំងអស់គ្នាសូមចូលរួមកោតស្ញប់ស្ញែង៕