ជិត៣ខែដែល​ជាប់ឃុំ លោកស្រី​អ៊ុងសាន ស៊ូជី ​នៅតែ​​មិនអាច​​​ជួប​​ក្រុម​មេធាវី​​ការពារ​លោកស្រី​ទេ

0
394

លោក ​Min Min Soe មេធាវីម្នាក់ នៃក្រុមការងារការពារក្តីជូនលោកស្រី អ៊ុងសាន ស៊ូជី បានអះអាងថា លោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានគេអនុញ្ញាតឲ្យ​បង្ហាញមុខតាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ ជាថ្មីម្តងទៀត​ ក្នុងអង្គសវនាការ តុលាការក្រុងណៃពីដាវ កាលពីថ្ងៃចន្ទ ទី​២៦មេសា។ តាមរយៈរូបភាពវីដេអូ គឺលោកស្រីហាក់មានសុខភាពធម្មតាទេ តែមានរូបរាង្គចុះស្គមច្រើន។ នៅក្នុងអង្គសវនាកា លោកស្រីបាន​ទាមទារសុំជួប ជាមួយក្រុមមេធាវីដែលការពារក្តីជូនលោកស្រី ព្រោះថា​ជិត៣ខែមកហើយ លោកស្រី​មិនដែលបានជួប​នរណាម្នាក់ទាល់តែសោះ។ សមត្ថកិច្ច​ភូមា បាន​ឆ្លើយតបថា សម្រាប់ពេលនេះគេមិនទាន់អាចអនុញ្ញាតបានទេ ព្រោះគេកំពុងតែធ្វើការ​ មួយជំហានម្តង មួយជំហានម្តង។ លោក​ Min Min Soe បានលើកឡើងផងដែរថា លោកស្រី អ៊ុងសាន ស៊ូជី មិនត្រូវគេអនុញ្ញាត ឲ្យទទួលបានព័ត៌មាននានា និងមានទូរទស្សន៍មើលទេ។ មានន័យថា ជិត​៣ខែមកនេះ ប្រហែលជាលោកស្រី មិនបានដឹង អំពីស្ថានការណ៍ស្រុកទេស បាតុកម្ម និងការបង្រ្កាបសម្លាប់បាតុករនោះទេ។ សូមបញ្ជាក់ថា សវនាកាជំនំជំរះក្តី ​លើរូបលោកស្រីអ៊ុងសាន ស៊ូជី ត្រូវលើកទៅធ្វើនៅថ្ងៃទី ១០ ឧសភាបន្តទៀត។ តុលាការភូមា បានចោទលោកស្រី លើបទចោទប្រកាន់ចំនួន​៦ ដែលក្នុងនោះ មានដូចជាបទល្មើសរំលោភច្បាប់​កិច្ចការសម្ងាត់ជាតិ ដែលមានចំណាស់តាំងតែពីសម័យអាណានិគម និងបទល្មើសទទួលសំណូក មាន​ប្រាក់១លានដុល្លារ និងមាស១១គីឡូក្រាម។ ជាមួយ​នឹងបទចោទប្រកាន់ទាំងនេះ លោកស្រីអ៊ុងសាន ស៊ូជី អាចប្រឈមនឹងការហាមឃាត់ឲ្យឈប់ធ្វើនយោបាយ​ជារៀងរហូត និងអាចជាប់ឃុំយូរឆ្នាំថែមទៀតផង។ AP

កងកម្លាំង​កា​រ៉ែ​ន ចាប់​យក​ទីតាំង​យោធា​មី​យ៉ាន់​ម៉ា​នៅ​ជិត​ព្រំដែន​ថៃ

​      កងកម្លាំង​សហភាព​ជាតិ​កា​រ៉ែ​ន (KNU)​បាន​វាយ​ដណ្តើម​យក​បាន​ទីតាំង​មួយ​របស់​ទាហាន​មី​យ៉ាន់​ម៉ា​នៅជាប់​នឹង​ព្រំដែន​ថៃ​កាលពីដើម​ថ្ងៃ​អង្គារ​ទី​២៧​មេសា នេះ​បើ​តាម​​ការអះអាង​របស់​ប្រធាន​កិច្ចការ​បរទេស​របស់​ក្រុម​ប្រដាប់អាវុធ​នេះ​លោក ប៉ាដូ សរ ត នី​។​ លោក​បាន​និយាយថា ជំរំ​នេះ​ត្រូវបាន​ចូល​កាន់កាប់​និង​ដុត​ចោល ហើយ​ក្រុម​លោក​កំពុង​ពិនិត្យ​ការស្លាប់​និង​របួស​នៅ​ឡើយ​។​ សាក្សី​នៅ​ថៃ​បាន​រាយការណ៍​អំពី​ការប្រយុទ្ធ​គ្នា​ខ្លាំង​នៅ​ទីតាំង​យោធា​មួយ​ជិត​ព្រំដែន​ខាងកើត​របស់​ថៃ ក្នុង​តំបន់​មួយ​ដែល​ភាគច្រើន​កាន់កាប់​ដោយ​កងកម្លាំង​ជនជាតិភាគតិច​កា​រ៉ែ​ន​។​ យោធា​មី​យ៉ាន់​ម៉ា​មិន​បាន​និយាយ​យ៉ាងណា​ទេ​នៅ​ពេល​សុំ​ការបញ្ជាក់ ។​ AFP

រុស្ស៊ីបណ្តេញអ្នកការទូតយោធារបស់អ៊ីតាលីម្នាក់ចេញពីប្រទេស ដើម្បីជាការសងសឹក

ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទ ទី២៦ បានសម្រេចបណ្តេញភារៈយោធារបស់ស្ថានទូតអ៊ីតាលីប្រចាំទីក្រុងម៉ូស្គូម្នាក់ចេញពីប្រទេស ដើម្បីជាការសងសឹក។ ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅប្រទេស    រុស្ស៊ី គឺលោក Pascual Terracciano ត្រូវបានគេអញ្ជើញឱ្យទៅក្រសួងការបរទេសរុស្ស៊ី ដើម្បីជូនដំណឹងថា អ្នកតំណាងកងទ័ពជើងទឹកម្នាក់របស់ប្រទេសខ្លួនត្រូវតែចាកចេញពីប្រទេសរុស្ស៊ីក្នុងរយៈពេល ២៤ម៉ោង។ ការសម្រេចចិត្តនេះបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការបណ្តេញបុគ្គលិកពីរនាក់នៃស្ថានទូតរុស្ស៊ីប្រចាំទីក្រុងរ៉ូម កាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅ ជុំវិញរឿងអាស្រូវចារកម្មមួយ៕  xinhua

កិច្ចព្រមព្រៀងផលិតវ៉ាក់សាំង «១ពាន់លានដូស» របស់ក្រុមប្រទេស Quad ដើម្បីចែកចាយដល់អាស៊ីអាគ្នេយ៍ និងឥណ្ឌូ-ប៉ាស៊ីហ្វិកនៅតែដំណើរការ បើទោះបីជាឥណ្ឌាកំពុងជួបបញ្ហា

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ នៅថ្ងៃចន្ទ ទី២៦ បាននិយាយថា កិច្ចព្រមព្រៀងមួយរវាងសហរដ្ឋអាមេរិក និងប្រទេស (Quad) ក្នុងការផលិតវ៉ាក់សាំងចំនួន ១ពាន់លានដូស នៅក្នុងប្រទេសឥណ្ឌានៅមុនដំណាច់ឆ្នាំ២០២២ ដើម្បីផ្គត់ផ្គង់ដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ី នៅតែបន្តដំណើរការទៅមុខយ៉ាងរលូន បើទោះជាករណីឆ្លង COVID-19 នៅក្នុងប្រទេសឥណ្ឌាកើនឡើងយ៉ាងគំហុកក៏ដោយ។ កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងកាលពីខែមីនាកន្លងទៅ ក្នុងកិច្ចប្រជុំសន្តិសុខចតុភាគី ឬគេស្គាល់ថា Quad ដែលមានប្រទេសជាសមាជិកដូចជា សហរដ្ឋអាមេរិក, ឥណ្ឌា, ជប៉ុន និងអូស្ត្រាលី។ នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកបានយលព្រមថានឹងផ្ដល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុនផលិតឱសថឥណ្ឌា បាយអូឡូជីខល អ៊ី (Biological E) សម្រាប់ការផលិតវ៉ាក់សាំង ១ពាន់លានដូសនៅមុនដំណាច់ឆ្នាំ២០២២។ ចំណែកឯជប៉ុនក៏បានឯកភាពថា នឹងផ្ដល់ប្រាក់កម្ចីជាទឹកប្រាក់ដល់ឥណ្ឌា ដើម្បីពង្រីកសមត្ថភាពផលិត   វ៉ាក់សាំងផងដែរ ខណៈប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ធ្លាប់បានសង្កត់ធ្ងន់ថា វ៉ាក់សាំងទាំងនេះនឹងត្រូវបញ្ជូនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ឬតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក។ REUTERS

LEAVE A REPLY

Please enter your comment!
Please enter your name here