ផ្ទះ​បណ្តែត​ទឹក តាម​ដង​ទន្លេ បានចាប់ផ្តើម​រុះរើ ជា​បណ្តើរៗ​ហើយ ខណៈ​ថ្ងៃ​ឱសានវាទ កាន់តែ​ជិត​មកដល់

0
433

ប្រភព: រស្មីកម្ពុជាភ្នំពេញ​៖ ម្ចាស់ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូចៗ និង សំណង់​មិន​រៀបរយ តាម​ដង​ទន្លេ មួយចំនួន បាន​ស្ម័គ្រចិត្ត រុះរើ​ជា​បណ្តើរៗ​ហើយ នៅ​ថ្ងៃទី​៧ និង​ទី​៨ មិថុនា​នេះ ខណៈដែល​ថ្ងៃ​ឱសានវាទ នៃ​ការអនុវត្ត វិធាន​រដ្ឋបាល របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាន់តែ​ខិតជិត​មកដល់ បន្ទាប់ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ទុកពេល មួយ​សប្តាហ៍ ឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ម្ចាស់ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូចៗ និង​ម្ចាស់​សំណង់ មិន​រៀបរយ នៅលើ​ផ្ទៃ​ទន្លេ​ទាំងអស់ ត្រូវ​រុះរើ ឬ​ចល័ត​ចេញ​ជាបន្ទាន់ ពី​ទន្លេ ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ​នោះ ។​

​លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ​ឫស្សីកែវ បាន​មានប្រសាសន៍​ឱ្យដឹងថាៈ ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ នេះ លោក​បាន​ដឹកនាំ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ខណ្ឌ​ប្ញ​ស្សី​កែវ ដែលមាន​កម្លាំងចម្រុះ ចុះ​រដ្ឋបាល ត្រួតពិនិត្យ បែ​ត្រី និង​ផ្ទះ​បណ្តែត​ទឹក ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ប្ញ​ស្សី​កែវ ។ ក្នុង​ការចុះ​រដ្ឋបាល​ត្រួតពិនិត្យ នោះ ឃើញថា ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូចៗ និង​ម្ចាស់​សំណង់​មិន​រៀបរយ តាម​ដង​ទន្លេ បាន​ស្ម័គ្រចិត្ត​រុះរើ​បាន ៤​ទៅ​៥​កន្លែង​ហើយ ហើយ​ក្រៅពីនោះ ពួកគាត់ ក៏បាន​សន្យាថា នឹង​រុះរើ​ជា​បណ្តើរៗ​ទៀត ។​

​លោក​បាន​បន្ត​ត​ថា​៖ រដ្ឋបាល​ខណ្ឌ បានកំណត់​យក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ ខាងមុខនេះ ជា​ថ្ងៃ​ដែល អាជ្ញាធរ ប្រេ​ី​វិធានការ​រដ្ឋបាល ចុះទៅ​រុះរើ ដោយ​មិន​ទទួល​ការខុសត្រូវ រាល់​ការខូចខាត និង​ប្រឈមមុខ​ច្បាប់ ថែមទៀត​។​

​ចំណែក លោក រស់ សុ​ភ័​ក្រ អភិបាលរងខណ្ឌ​ច្បារអំពៅ បានបញ្ជាក់​ឱ្យដឹង នៅ​ថ្ងៃទី​៨ មិថុនា​នេះដែរ​ថាៈ ជុំវិញ​វិធានការ ទៅលើផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូចៗ និង​ម្ចាស់​សំណង់​មិន​រៀបរយ តាម​ដង​ទន្លេ​នេះ ចំពោះ​អាជ្ញាធរ ខណ្ឌ​ច្បារអំពៅ តែង​បាន​ចុះ​ផ្សព្វផ្សាយ និង​ប្រគល់ជូន​សេចក្តីជូនដំណឹង របស់​រដ្ឋបាល រាជធានី​ភ្នំពេញ ជូនទៅ​ពួកគាត់​គ្រប់គ្នា ដើម្បីឱ្យ​ពួកគាត់ រុះរើ​សំណង់​ទាំងអស់នោះ ចេញ​មុន ១ សប្តាហ៍​។ ប៉ុន្តែ​បើ​គិត​មកដល់​ត្រឹម ថ្ងៃទី​៨ មិថុនា​នេះ បងប្អូន ម្ចាស់ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូចៗ និង​ម្ចាស់​សំណង់ មិន​រៀបរយ តាម​ដង​ទន្លេ​មួយចំនួន បាន​រុះរើ​ជា​បណ្តើរៗ​ហើយ ពិសេស​គឺ​បែ​ត្រី​តែម្តង​។​

​ដោយឡែក សម្រាប់​ខណ្ឌ​ព្រែក​ព្នៅ​វិញ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​រាជធានី ខាងលើ​នេះដែរ បើតាម​មន្ត្រីរដ្ឋបាល​ខណ្ឌ បានបញ្ជាក់​ឱ្យដឹងថា​៖ នៅក្នុង​មូលដ្ឋាន ខណ្ឌ​ព្រែក​ព្នៅ មានផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូចៗ និង​ម្ចាស់​សំណង់​មិន​រៀបរយ តាម​ដង​ទន្លេ ចំនួន ២៩២ កន្លែង ស្មើ​ចំនួន ៣០៨ គ្រួសារ ពួកគាត់​ទាំងអស់ ត្រូវបាន​អាជ្ញាធរ​ខណ្ឌ ប្រគល់​សេចក្តីជូនដំណឹង ដល់ដៃ​គ្រប់គ្នា​ហើយ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី មន្ត្រី​នោះ មិនបាន​បញ្ជាក់ ពី​ការរុះរើ​ផ្ទះទឹក​ទាំងនេះ បាន​ប៉ុន្មាន​នៅឡើយ​ទេ​។​

​គួររំលឹកថា​៖ យោងតាម​សេចក្តីជូនដំណឹង​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ចុះហត្ថលេខា ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖ កន្លងមក មាន​ជន​ឱកាសនិយម មួយចំនួន បាន​លប លួច​ធ្វើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូចៗ និង​សំណង់​មិន​រៀបរយ នៅលើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ បាន​ប្រែ ក្លាយជា​កន្លែង​ស្នាក់នៅ ដោយ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ ដែល​បង្ក​ឱ្យ​បាត់បង់ សណ្តាប់ធ្នាប់ ប៉ះពាល់ ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធ អេកូ​ឡូ​ហ្ស៊ី មាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​ការប្រើប្រាស់​ចំណី សម្រាប់ ចិញ្ចឹម​ត្រី និង​ការបញ្ចេញ កាកសំណល់ ការ​បន្ទោបង់ ពាសវាល ពាសកាល ក្នុង​ទន្លេ ធ្វើឱ្យ​ខូចខាត យ៉ាង ធ្ងន់ធ្ងរ ដល់​ជីវៈចម្រុះ ក្នុង​ទឹក ខូចគុណភាព ទឹក​បំពុលបរិស្ថាន និង​ប៉ះពាល់ ដល់​សោភ័ណភាព រាជ ធានី ភ្នំពេញ ព្រមទាំង​ប៉ះពាល់ ដល់​សុខភាព នៃ​ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់​ទឹក មិន​ស្អាត​ផងដែរ ។​

​សេចក្តីជូនដំណឹង បានឱ្យដឹង​ទៀតថា ចំពោះមុខ ដើម្បី​រក្សា​បរិស្ថាន ជីវៈចម្រុះ គុណភាព​ទឹក និង​លុបបំបាត់ បាតុភាព​អសកម្ម ខាងលើ​រដ្ឋបាល រាជធានី​ភ្នំពេញ តម្រូវឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូចៗ និង​ម្ចាស់​សំណង់ មិន​រៀបរយ នៅលើ​ផ្ទៃ​ទន្លេ ទាំងអស់ ត្រូវ​រុះរើ ឬ​ចល័ត ចេញ​ជាបន្ទាន់ ដោយ​ទុក​រយៈពេល ០១ (​មួយ​) សប្ដាហ៍ គិត​ចាប់ពី​កាលបរិច្ឆេទ ចេញ​សេចក្តីជូនដំណឹង នេះ​តទៅ ។ ផុត​រយៈ​ពេលនេះ រដ្ឋបាល រាជធានី​ភ្នំពេញ នឹង​ចាត់វិធានការ​រដ្ឋបាល ដោយ​ពុំ​ទទួលខុសត្រូវ រាល់​ការខូចខាត ឬ​ការបាត់បង់​ណាមួយ ឡើយ ហើយ​ក្នុងករណី​រឹងរូស អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ នឹង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ តាមផ្លូវ​ច្បាប់ ។ ទន្ទឹមនឹងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​បងប្អូន​ប្រជាពលរដ្ឋ ប្តូរ​ទម្លាប់​ពី​ការចិញ្ចឹម​ត្រី តាម បែ​លើ​ផ្ទៃ​ទន្លេ នៅ​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ មក​ចិញ្ចឹម​ត្រី តាម​ស្រះ​វិញ​៕/V​

ប្រភព: រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here