សវនការ​កាត់​ទោស​លោកស្រី អ៊ុងសាន ស៊ូជី នឹង​ចាប់បើក​ធ្វើ​នៅ​ថ្ងៃទី១៤ ខែ​មិថុនា

0
127

លោកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំ​​ភូមា​ ដែល​ក្រុមយោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង ​កាលពី​ថ្ងៃទី១ ខែ​កុម្ភៈ​ ឆ្នាំ២០២១ បានរង​ការ​ចោទ​ប្រកាន់​ចំនួន ​៦​ករណី មាន​តាំង​ពី​​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ទទួល​សំណូក ញុះ​ញង់​ឱ្យ​​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ និង​បទ​​រំលោភ​ការ​សម្ងាត់​រដ្ឋ។ ឥលូវ​ដល់​ពេល​ត្រូវ​កាត់​ទោស​ហើយ ដែលសវនការ​កាត់​ទោស​លោកស្រីនឹង​ចាប់​បើកធ្វើ​នៅ​ថ្ងៃទី១៤​ ខែមិថុនា ឆ្នាំ​២០២១​ សប្តាហ៍​ក្រោយនេះ។ នេះ​បើ​តាម​ក្រុម​មេធាវី​ការពារ​លោក​ស្រី ​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP កាលពី​ថ្ងៃចន្ទម្សិលម៉ិញ។ សវនការ​កាត់​ទោស​លោកស្រី អ៊ុងសាន ស៊ូជី​ លើ​សំណុំ​រឿង​ទី​មួយ នឹង​ត្រូវ​ចាប់​ផ្តើម​ នៅ​ថ្ងៃចន្ទ ទី១៤ ខែ​មិថុនា​ នៅ​តុលាការ​ក្រុង​ណៃពិដោរ។ ចំណែក​សំណុំ​រឿង​​ទីពីរ ដែល​តុលាការ​​បាន​ចោទ​ប្រកាន់លោកស្រី និង​អតីត​ប្រធានាធិបតីភូមាលោក វីន មីង ពី​បទញុះ​ញង់​ឱ្យ​មាន​ការ​​​បះបោរ​ នឹង​បើក​ធ្វើនៅ​ថ្ងៃអង្គារ​ ទី១៥ ខែ​មិថុនា​ នៅ​ក្រុង​ណៃពិដោរ​ដែរ។ សវនការ​កាត់​ទោស​លោកស្រី អ៊ុងសាន ស៊ូជី ទាំង​ពីរ​ករណី​​​នឹង​​ត្រូវ​ចប់​នៅ​ចុង​ខែ​កក្កដា ឆ្នាំ២០២១។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រីមេធាវី Min Min Soe ក្រោយ​ពី​បាន​ជួប​សន្ទនា​ជាមួយ​កូន​ក្តីលោកស្រី អ៊ុងសាន ស៊ូជី រយៈ​ពេល ​៣០​នាទី។ ចំណែក​បទ​ចោទ​ប្រកាន់ ​​​ដែ​លមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​គេ​ ស្តីពីការ​​​រំលោភច្បាប់​​សម្ងាត់​​រដ្ឋ (​ច្បាប់​កាលពី​សម័យក្រោម​​អាណានិគម) នឹង​ត្រូវ​តុលាការ​ក្រុង​រ៉ង់ហ្គូន ​កោះ​ហៅ​នៅពេល​ក្រោយ​។ នេះ​ជា​​សវនការ​ដែល​របប​ខុស​ច្បាប់​ភូមា​បានរៀបចំ​​​ប្រឌិត​​​ឡើង ​ដើម្បី​ទម្លាក់​ប្រជាប្រិយភាព​របស់​មេដឹកនាំ ​ដែល​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​កា​របរិហារ​របស់​អ្នក​សង្កេតការណ៍​។ ធ្លាប់​​ជាប់​ឃុំ​ឃាំង​ក្នុង​គេហដ្ឋាន ​អស់​រយៈ​ពេល ​១៥​ឆ្នាំ លោកស្រី អ៊ុងសាន ស៊ូជី ដែល​មាន​អាយុ ​៧៥​ឆ្នាំ​ទៅ​ហើយ ​អាចនឹងត្រូវ​ជាប់​ពន្ធនាគារជាច្រើនឆ្នាំ និង​ពុំអាច​ធ្វើ​នយោបាយ​បាន​ទៀត​ទេ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា ​លោកស្រីពិត​ជា​បាន​ប្រព្រឹត្ត​កំហុសមែន៕ AFP

 

LEAVE A REPLY

Please enter your comment!
Please enter your name here