ថៃបើក​យុទ្ធនាការ​ជាតិ ចាក់វ៉ាក់សាំងប្រឆាំង​កូវីដ១៩

0
251

នៅពេល​វិបត្តិ​កូវីដ​១៩ ​ទើប​ផ្ទុះ​ឡើង​ដំបូង ថៃមាន​ចំណាត់ការ​ល្អ ​ទទួលបាន​ការ​កោត​សរសើរ​ កាលពី​ឆ្នាំ២០២០ ប៉ុន្តែថៃ​បែរ​ជា​រង​ការ​រិះគន់​ខ្លាំង​ចំពោះភាព​យឺត​យ៉ាវ ​ក្នុងការ​ផ្តល់វ៉ាក់សាំង​បង្ការ​ដល់​ប្រជាពលរដ្ឋទៅវិញ។ យុទ្ធនាការជាតិ​​​​ចាក់​វ៉ាក់សាំង​​ប្រឆាំង​កូវីដ១៩ ទើប​ចាប់​ផ្តើមកាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ២០២១ តែ​ប៉ុណ្ណោះ។ នៅ​ពេល​នេះ​ ថៃ​មានវ៉ាក់សាំងប្រឆាំង​កូវីដ​១៩​ AstraZeneca ​ ចំនួន​ជិត ​ពីរ​លាន​ដូស ផលិត​នៅ​ក្នុង​ស្រុក​ដោយ​ក្រុមហ៊ុន ​​Siam Bioscience។ ​អំឡុង​ខែ​មិថុនា​នេះ ថៃ​នឹង​អាច​មាន​វ៉ាក់សាំង​សរុប​ចំនួន ​៦​លាន​ដូស។ ​​យុទ្ធនាការ​​​ចាក់វ៉ាក់សាំង​ថ្នាក់​ជាតិបាន​ចាប់​ផ្តើម ​ក្នុង​ខណៈ​ពេលដែល​​​រលក​ចម្លង​កំពុង​ចាប់​ស្ទុះ​ឡើង​ជា​ថ្មី ដោយ​មាន​អ្នក​ឆ្លង​ថ្មីចំនួន​ ២ ៦៧១នាក់ និង​ស្លាប់ ​២៣​នាក់​ កាលពី​ថ្ងៃអាទិត្យ​ ទី​៦ ខែមិថុនា។ អាជ្ញាធរ​បាន​សម្រេច​យក​លក្ខខណ្ឌ​អាយុ និង​មុខ​របប​ ជា​កត្តា​សំខាន់។ បុគ្គលិកពេទ្យ គ្រូបង្រៀន ​មាន​អាទិភាព​ទៅ​ចាក់​ថ្នាំ​បង្ការ​មុន​គេ​។ អ្នក​មាន​អាជីព ដូចជា ​អ្នកបើក​ឡាន​តាក់ស៊ីដែល​ប្រឈម​នឹង​ការ​ជួប​មនុស្ស ​ជួប​​​ទេសចរបរទេស​ច្រើន ក៏​ស្ថិត​នៅ​ក្នុង​ចង្កោម​អាជីព​អាទិភាព​អាច​ទៅ​ចាក់​ថ្នាំ​បង្ការ​មុន​គេ​ដែរ ព្រោះ ​​រដ្ឋាភិបាល​សង្ឃឹមថា ​វិស័យទេសចរណ៍​​ថៃ ដែល​ជា​បង្គោល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ នឹង​ចាប់​កំរើក​ឡើង​វិញ​ឆាប់ៗ។ ជាក់ស្តែង​ កោះភូកេត​ដ៏​ល្បី​ល្បាញ​របស់​ថៃ នឹងចាប់​បើក​​ទទួល​ភ្ញៀវ​ទេសចរ​ ជា​បណ្តើរៗ​ និង​បន្តិចម្តងៗ ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០២១​នេះ។ ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​រួច ​អាច​មក​កំសាន្ត និង​ដើរ​ហើរ​សេរី​​នៅ​លើ​កោះនេះ​ ដោយ​គ្មាន​ជាប់​ចត្តាឡីស័កទេ។ ​ប្រជាពលរដ្ឋ​នៅកោះ​ភូកេតភាគ​ខាង​ត្បូង​ប្រទេស​ថៃ បាន​ទទួល​ថ្នាំបង្ការ​រួច​ហើយ តាម​រយៈយុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ថ្នាក់​មូលដ្ឋាន ដោយ​ប្រើ​វ៉ាក់សាំង​ចិន។បើ​តាម​ផែន​ការ​របស់ក្រសួង​សុខាភិបាល​ថៃ ពី​ពេល​នេះរហូត​ដល់​ខែ​កញ្ញា ​ប្រជាពលរដ្ឋ​ចំនួន ៧០% នឹង​ទទួល​បាន​​​​វ៉ាក់សាំង​ យ៉ាង​ហោច​ណាស់ ​ម្នាក់​មួយដូសដំបូងដែរ។ ហើយ​​ចាប់​ពី​ខែ​កញ្ញាទៅ​​ ​ទើប​ថៃ​​អនុញ្ញាត​ឱ្យ​​នាំ​ចេញវ៉ាក់សាំង​កូវីដ​១៩​ ​ ដែល​ក្រុមហ៊ុន​ថៃ​បាន​ទទួល​សិទ្ធិ​​ពី​ក្រុមហ៊ុន​​​ AstraZeneca ផលិតនៅ​ក្នុង​ស្រុក​ សម្រាប់​ចែក​ចាយ​ទៅ​បរទេស៕ Reuters

 

LEAVE A REPLY

Please enter your comment!
Please enter your name here