បន្ទាប់ពីចាញ់បារ៉ែន០ទល់៨នោះក្រុមកម្ពុជាចាញ់អ៊ីរ៉ាក់ ១ទល់៤

0
78

ភ្នំពេញ៖បន្ទាប់ពីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះបារ៉ែន០ទល់៨ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ដោយលទ្ធផល ១ទល់៤ នៅក្នុងការប្រកួតសន្សំពិន្ទុ ក្នុងពូល C ជុំទី២ កាលពីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែន សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA World Cup Qatar 2022)។
នៅតង់ទី១ ក្រុមអ៊ីរ៉ាក់បាននាំមុខលើក្រុមកម្ពុជា ៣ទល់០ ដោយធ្វើសម្រេចនាទីទី១, នាទីទី២៣ និងនៅនាទី២៧ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ។ ចូលដល់ដើមវគ្គទី២ នៅនាទី៥៥ ក្រុមកម្ពុជាតាមបាន១គ្រាប់វិញ ១ទល់៣ ដែលធ្វើសម្រេចដោយកីឡាករ សឿយ វិសាល ដោយប្រើក្បាលបញ្ជូនបាល់បញ្ជូលទីបានយ៉ាងល្អ បន្ទាប់ពីទាត់បាល់ Free Kick ចេញពីកីឡាករ សេត រ៉ូស៊ីប។
ក្រុមអ៊ីរ៉ាក់ធ្វើសម្រេចបានគ្រាប់ទី៤របស់ខ្លួននៅជិតបញ្ចប់ការប្រកួតទៅហើយនាទី៩០បូក៣ដែលកីឡាករអ៊ីរ៉ាក់តែតបញ្ជូលទីបានសម្រេចបន្ទាប់ពីបញ្ជូនបាល់ជ្រុងបានយ៉ាងល្អពីមិត្តរួមក្រុម។ ចប់ការប្រកួត ក្រុមអ៊ីរ៉ាក់បានយកឈ្នះក្រុមកម្ពុជា ដោយលទ្ធផលបច្ចេកទេស ៤ទល់១។
ជ័យជម្នះនេះបានធ្វើឲ្យក្រុមអ៊ីរ៉ាក់រកបាន៣ពិន្ទុបន្ថែម ដោយឡើងទៅឈរលើកំពូលតារាងបណ្តោះអាសន្ន ក្នុងពូល C បន្ទាប់ពីឆ្លង កាត់៦ប្រកួត ឈ្នះ៤ និងស្មើ២ មាន១៤ពិន្ទុ ខណៈ៧ប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ស្មើ១ប្រកួត និងចាញ់៦ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ក្រុមក្នុងពូល Cនេះ។ ចំពោះក្រុមអ៊ីរ៉ង់ និងក្រុមបារ៉ែន កំពុងក្តោបក្តាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣បណ្តោះអាសន្ន ដោយមាន១២ពិន្ទុស្មើៗគ្នា។
ក្រុមកម្ពុជានៅសល់១ប្រកួតចុងក្រោយដោយត្រូវប៉ះជាមួយក្រុមខ្លាំងអ៊ីរ៉ង់នាថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១នៅកីឡដ្ឋាននៃប្រទេសបារ៉ែននេះដូចគ្នា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here