ភាពយឺតយ៉ាវក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា គឺជាការខកចិត្តមួយ

0
276

រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរីលោក វីវៀន បាឡាក់សាន់ណាន បាននិយាយកាលពីថ្ងៃចន្ទ ទី៧ ខែមិថុនាថា ការរីកចំរើនយឺតណាស់ដែលត្រូវបានធ្វើឡើង ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនេះ គឺជាការខកចិត្តដ៏ធំធេង។ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ស្ថិតក្នុងចំណោមបញ្ហាដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំពិសេស នៃរដ្ឋមន្ត្រីការបរទេស អាស៊ាន-ចិន នៅទីក្រុងឆុងឈីង ប្រទេសចិន។ លោកបណ្ឌិត Balakrishnan បានប្រាប់អ្នកយកព័ត៌មានរបស់ប្រទេសសិង្ហបុរីថា “យើងទាំងអស់គ្នាបានមូលមតិគ្នា ចំពោះការតម្រូវឲ្យមានការបញ្ឈប់អំពើហិង្សាជាបន្ទាន់ ការដោះលែងអ្នកជាប់ឃុំ និងការចរចាប្រកបដោយការស្ថាបនា ក្នុងចំណោមគូជម្លោះទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា”។ លោកថ្លែងថា “និយាយដោយត្រង់ចុះ យើងពិតជាមានការខកចិត្តចំពោះការរីកចំរើនយឺតយ៉ាវ។ ជាអកុសលយើងដឹងថា នៅតែមានជនស៊ីវិលដែលត្រូវបានគេធ្វើបាប ឬ សម្លាប់។ មិនមានការដោះលែងអ្នកជាប់ឃុំនយោបាយទេ ហើយក៏មិនមានសញ្ញាពិតប្រាកដនៃការសន្ទនា និងការចរចានយោបាយដែរ។ លោកបណ្ឌិត Balakrishnan បានបញ្ជាក់ជាថ្មីថា តួនាទីសំខាន់របស់អាស៊ាន គឺមិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងឡើយ ពីព្រោះ “មានតែប្រជាជនមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលអាចកំណត់អនាគតរបស់ខ្លួន”។ ប៉ុន្តែអាស៊ានបានត្រៀមខ្លួនជាស្រេច ដើម្បីជួយគាំទ្រ និងជួយសម្រួលដល់ការសម្របសម្រួល បើអាចធ្វើទៅបាន ប៉ុន្តែយើងត្រូវរង់ចាំ។ វាជាការខកចិត្ត ប៉ុន្តែសូមកុំបោះបង់ចោលក្តីសង្ឃឹម”។ ទាក់ទិនបញ្ហាសមុទ្រចិនខាងត្បូង លោកបណ្ឌិត Balakrishnan បានមានប្រសាសន៍ថា ស្ថានភាពនៅសមុទ្រចិនខាងត្បូង គឺជាឧទាហរណ៍មួយនៃបញ្ហាប្រឈមក្នុងទំនាក់ទំនងរវាងចិន និងអាស៊ាន។ លោកបានបន្ថែមថា ក្រុមមន្រ្តីបាននិងកំពុងព្យាយាមធ្វើឱ្យមានការរីកចម្រើនលើក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង។ តាមគម្រោង យើងត្រូវបញ្ចប់កិច្ចពិភាក្សានៅចុងឆ្នាំនេះ ប៉ុន្តែអ្វីៗត្រូវបានជាប់គាំងចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ បានកើតឡើងកាលពីឆ្នាំទៅ។ នៅព្រឹកនេះ ក្រុមមន្រ្តីបានជួបពិភាក្សាគ្នា ហើយទាំងអស់នេះ គឺជាការងារត្រៀមសំរាប់អ្វីដែលខ្ញុំសង្ឃឹមថា នឹងមានការរីកចំរើននៅប៉ុន្មានឆ្នាំខាងមុខ ដើម្បីអនុវត្តបានក្រមប្រតិបត្តិ ដែលនឹងធ្វើអោយប្រសើរឡើងនូវស្ថិរភាព សន្តិសុខ សន្តិភាព និងឱកាសសម្រាប់វិបុលភាពនៅទូទាំងអាស៊ីអាគ្នេយ៍ និងនៅក្នុងសមុទ្រចិនខាងត្បូង។ លោកបណ្ឌិត Balakrishnan ក៏បានទទួលស្គាល់ផងដែរ នូវ “កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព” រវាងចិន និងអាស៊ាន ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ដោយបានកត់សំគាល់ពីការផ្គត់ផ្គង់វ៉ាក់សាំងរបស់ចិន ដល់តំបន់អាស៊ាន។ លោកបាននិយាយថា ប្រទេសសិង្ហបុរី និងចិន កំពុងពិនិត្យមើលថា តើពួកគេអាចចាប់ផ្តើមការធ្វើដំណើរឡើងវិញដោយសុវត្ថិភាព នៅពេលជំងឺកូវីដ១៩ ស្ថិតនៅក្រោមការគ្រប់គ្រងបាន។ លោកវេជ្ជបណ្ឌិត Balakrishnan បាននិយាយកាលពីខែមេសាថា ប្រទេសសិង្ហបុរីបានស្វាគមន៍សំណើរបស់ចិន ស្តីពីការទទួលស្គាល់វិញ្ញាបនបត្រសុខភាព ដោយហៅវាថា ជាការផ្តួចផ្តើមទាន់ពេលវេលា នៅពេលដែលប្រទេសទាំងពីរបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង។ កាលពីថ្ងៃច័ន្ទ លោកបាននិយាយថា មានការពិភាក្សាស្តីពីការទទួលស្គាល់ទ្វេភាគីនៃវិញ្ញាបនប័ត្រវ៉ាក់សាំង ហើយភាគីទាំងសងខាងកំពុងរៀបចំការងារលម្អិត អំពីពិធីសារ សម្រាប់ការធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ៕ CNA

 

LEAVE A REPLY

Please enter your comment!
Please enter your name here