អង្គការសុខភាពពិភពលោក កាលពីថ្ងៃច័ន្ទ ទី៧ ខែមិថុនា បានអំពាវនាវឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ ១៩ ផ្តល់វ៉ាក់សាំងចំនួនពាក់កណ្តាលនៃបរិមាណដែលពួកគេផលិត ទៅក្នុងគម្រោងនៃការផ្តល់វ៉ាក់សាំងសម្រាប់ពិភពលោកទាំងមូល។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា ក្រុមប្រទេសផលិតវ៉ាក់សាំងគួរតែបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅលើ COVAX ដែលបានខិតខំ ដើម្បីទទួលបាននូវដូសវ៉ាក់សាំងដែលត្រូវបរិច្ចាគទៅប្រទេសក្រីក្រ។ លោក Tedros បានសម្តែងការខកចិត្ត ដែលប្រទេសក្រីក្រមួយចំនួនមិនអាចទទួលបានវ៉ាក់សាំង ជាពិសេស សម្រាប់បុគ្គលិកសុខាភិបាល មនុស្សចាស់ និងប្រជាជនដទៃទៀតដែលងាយរងគ្រោះបំផុត ដោយជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ។ លោក Tedros បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងជាសកល ដើម្បីចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១០ ភាគរយនៃចំនួនប្រជាជននៃប្រទេសក្រីក្រទាំងអស់នោះ នៅត្រឹមខែកញ្ញា។
លោក Tedros បានប្រាប់អ្នកសារព័ត៌មានថា “ចុងសប្តាហ៍នេះ មេដឹកនាំ G7 នឹងជួបប្រជុំកំពូលប្រចាំឆ្នាំរបស់ពួកគេ”។ “ ប្រទេស G7 នេះ មានសមត្ថភាពដើម្បីសំរេចបានគោលដៅទាំងនេះ។ រហូតមកដល់ពេលនេះ ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិ បានផ្តល់ភ្លើងខៀវ ដល់វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយ AstraZeneca, Johnson និង Johnson, Moderna, Pfizer-BioNTech, Sinopharm និង Sinovac ។ COVAX ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការសុខភាពពិភពលោក មានបំណងទិញវ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ សម្រាប់ប្រជាជនចំនួន ៣០ ភាគរយ សម្រាប់ប្រើប្រាស់ក្នុងប្រទេសក្រីក្រ ចំនួន ៩១ នៅក្នុងពិភពលោក។ លោក Tedros មានប្រសាសន៍ថា “ការចែកចាយវ៉ាក់សាំងមិនស្មើភាពគ្នានឹងធ្វើឱ្យវីរុសបន្ដរីករាលដាល ហើយការចាក់វ៉ាក់សាំងក៏មិនមានប្រសិទ្ធភាព”។ ការចាក់វ៉ាក់សាំងមិនស្មើគ្នា គឺជាការគំរាមកំហែងដល់ប្រជាជាតិទាំងអស់៕ Reuters