ថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ានដែលដឹកនាំដោយតំណាងប្រធានអាស៊ាន ឆ្នាំ២០២១ លោក ErywanYusorf រដ្ឋមន្ត្រីការបរទេសទី២ នៃប្រ៊ុយណេ និងលោក Lim Jok Hoi អគ្គលេខាធិការអាស៊ាន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយបានចូលជួបថ្នាក់ដឹកនាំនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ ជំនួបនេះ មិនទទួលបានការស្វាគមន៍ពីសំណាក់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ដែលដឹកនាំដោយក្រុមតំណាងរាស្ត្រស៊ីវិលនោះទេ។ យោងតាមការចុះផ្សាយរបស់លេខាធិការដ្ឋានអាស៊ាន បានឱ្យដឹងថា ថ្នាក់ដឹកនាំអាស៊ានទាំង ២ រូប បានទៅបំពេញ «ទស្សនកិច្ចការងារ» នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ៤ និងថ្ងៃទី៥ ខែមិថុនា។ ថ្នាក់ដឹកនាំទាំង ២ បានចូលជួបលោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា ព្រមទាំងរដ្ឋមន្ត្រីចំនួន ២ រូបរបស់ក្រុមយោធា គឺ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីសង្គមកិច្ច ហើយប្រធានគណៈកម្មការរៀបចំការបោះឆ្នោតនៅមីយ៉ាន់ម៉ា ដែលទើបតែតែងតាំងថ្មី។ ការបំពេញទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង ៣ យ៉ាងគឺ ទី១ អាស៊ានបានពិភាក្សាអំពីវិធីដែលអាស៊ានអាចជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការអនុវត្តចំណុចឯកភាពទាំង ៥ របស់អាស៊ាន ទី២ អាស៊ាន និងថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាបានពិភាក្សាក្នុងការស្វែងរកពីវិធី ដែលអាស៊ានអាចជួយសម្របសម្រួលកិច្ចចរចា រវាងគ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា និង ទី៣ ភាគីទាំងសងខាងបានពិភាក្សាពីលទ្ធភាពក្នុងការផ្គត់ផ្គង់ជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេលោក ErywanYusorf បានបញ្ជូនសមាសភាពបេក្ខភាពប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីឱ្យខាងមីយ៉ាន់ម៉ាជាអ្នកសម្រេច។ ប្រេសិតពិសេសរបស់អាស៊ានទៅកាន់មីយ៉ាន់ម៉ា អាចជាបេក្ខភាពមកពីប្រទេសថៃ។ នេះបើយោងព័ត៌មាន Channel News Asia ទទួលបាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏បានអំពាវនាវឱ្យដោះលែងអ្នកទោសនយោបាយទាំងអស់នៅមីយ៉ាន់ម៉ា ដោយរាប់បញ្ចូលទាំងស្ត្រី និងកុមារ ក៏ដូចជាជនបរទេសផងដែរ។ លោក Moe ZawOo អនុរដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាល NUG បាននិយាយក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃសុក្រថា «NUG បានទាក់ទងជាផ្លូវការទៅកាន់លេខាធិការដ្ឋានអាស៊ានជាច្រើនដងហើយ ដើម្បីសាកសួរពីផែនការក្នុងការអនុវត្តចំណុចឯកភាពទាំង ៥ របស់អាស៊ានលើមីយ៉ាន់ម៉ា ប៉ុន្តែមិនទទួលបានការឆ្លើយតបណាមួយពីអាស៊ាននោះទេ»។ លោកក៏បានបង្ហាញពីភាពខកចិត្តទៅលើអាស៊ាន ដែលមិនទាក់ទងទៅលើតំណាងរបស់ប្រជាជន។ លោកក៏បានបន្តថា៖ «យើងមានភាពជឿជាក់តិចតួចណាស់ ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន។ ក្ដីសង្ឃឹមទាំងប៉ុន្មានរបស់យើង ត្រូវបានបញ្ចប់។ ខ្ញុំមិនគិតថា អាស៊ានមានផែនការរឹងមាំពិតប្រាកដនោះទេ»៕ AFP