ហិង្សា​អាច​ផ្ទុះ​ឡើង ​ខណៈ​លោក​ Nethanyahu ប្រឈម​នឹង​ការ​ធ្លាក់​ពី​តំណែង

0
298

ប្រធាន​ភ្នាក់ងារ​សន្តិសុខ​ផ្ទៃ​ក្នុង​អ៊ីស្រាអែល​ បាន​ធ្វើ​ការ​ប្រាប់​ឱ្យ​ប្រុង​ប្រយ័ត្ន​ជា​មុន​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៥ ខែមិថុនា​ អំពី​អំពើ​ហិង្សា​ដែល​អាច​កើត​ឡើង​ អំឡុង​ពេល​ដែល​ភាព​តានតឹង​នយោបាយបាន​កើន​ឡើង​យ៉ាង​ខ្លាំង​ ខណៈ​លោក​នាយក​រដ្ឋមន្ត្រី​ Benjamin Nethanyahu ប្រឈម​នឹង​ការ​ធ្លាក់​ពី​តំណែង​។ ការ​គ្រប់​គ្រង​រយៈ​ពេល​ ១២ ឆ្នាំ​របស់​លោក​ Nethanyahu នឹង​ត្រូវ​បាន​បញ្ចប់​ បន្ទាប់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ Yair Lapid បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធថា ​លោក​បាន​ជោគជ័យ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​។ លោក​ Nethanyahu បាន​និយាយ​ថា ​រដ្ឋាភិបាល​ថ្មី​នេះ​ ដែល​មិន​ទាន់​បាន​ធ្វើ​ពាក្យ​សម្បថ​ចូល​កាន់​អំណាច​ គឺ​ជា​ «រដ្ឋាភិបាល​ឆ្វេង​និយម​ដ៏​គ្រោះ​ថ្នាក់​» ហើយ​អាច​ប៉ះពាល់​ដល់​ស្ថិរភាព​ និង​សន្តិសុខ​ជាតិ​។ ក្រុម​ស្តាំ​​និយម​ខ្លះ ​បាន​បញ្ចេញ​កំហឹង​ទៅ​កាន់​លោក Naftali Bennett ដែល​ជា​ប្រធាន​គណបក្ស​ជាតិ​និយម​តូច​មួយ និង​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ក្រោម​កិច្ចព្រមព្រៀង​ចែក​រំលែក​អំណាច ​ជា​មួយ​លោក​ Lapid ដោយ​សារ​ មុន​ពេល​បោះឆ្នោត​លោក​ Bennett បាន​ធ្វើ​ការ​សន្យា​ថា​ នឹង​មិន​ចូល​រួម​ក្នុង​រដ្ឋាភិបាល​ចម្រុះ ​ជា​មួយ​លោក​ Lapid ឬ​ គណបក្ស​ជនជាតិ​អារ៉ាប់​ទេ​។ លោក​ Bennett បាន​ទទួល​សារ​គំរាម​កំហែង​ហិង្សា​លើ​ខ្លួន​លោក​ជា​ច្រើន​ នៅ​លើ​បណ្ដាញ​សង្គម​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ​លោក Nadav Argaman ប្រធាន​ភ្នាក់ងារ​សន្តិសុខ​ Shin Bet ថា៖ «ថ្មីៗនេះ ​យើង​បាន​រក​ឃើញ​ការ​កើន​ឡើង​នូវ​សុន្ទរកថា ហិង្សា​និយម​ និង​ញុះញង់ ដែល​កាន់​តែ​ខ្លាំង​ឡើង ជា​ពិសេស​នៅ​ក្នុង​បណ្ដាញ​សង្គម​»។ លោក​បាន​បន្ត​ទៀត​ថា​៖ «សុន្ទរកថា​បែប​នេះ ​អាច​ត្រូវ​បាន​ក្រុម ឬ ​បុគ្គល​មួយ​ចំនួន​យល់​ឃើញ​ថា ​ជា​ការ​អនុញ្ញាត​ឱ្យ​មាន​សកម្មភាព​ហិង្សា និង​ខុសច្បាប់ ដែល​អាច​បង្ក​អន្តរាយ​ដល់​រាង​កាយផង​ដែរ​»។ ចាប់​តាំង​ពី​លោក Bennett បាន​ប្រកាស​ថា​ លោក​បាន​ចូល​រួម​ជា​មួយ​លោក​ Lapid ភ្នាក់ងារ​សន្តិសុខ​បាន​បង្កើន​ការ​ការពារលោក ខណៈ​ក្រុម​ស្ដាំ​និយម​ធ្វើ​បាតុកម្ម​នៅ​គេហដ្ឋាន​របស់​លោក​ និង​សមាជិក​បក្ស​លោក​៕ AFP

 

LEAVE A REPLY

Please enter your comment!
Please enter your name here