កាលពីថ្ងៃអាទិត្យ ទី៦ ខែមិថុនា សមាជិកព្រឹទ្ធសភាអាមេរិកចំនួន ៣នាក់ ក្នុងនោះ មាន ២នាក់ មកពីគណបក្សប្រជាធិបតេយ្យ និងម្នាក់មកពីគណបក្សសាធារណរដ្ឋ បានទៅដល់ទឹកដីតៃវ៉ាន់ តាមជើងយន្តហោះយោធា។ គណៈប្រតិភូអាមេរិកទាំង ៣រូប បានប្រកាសពីការផ្តល់ជំនួយវ៉ាក់សាំងឲ្យតៃវ៉ាន់ ចំនួន ៧៥០ ០០០ដូស ខណៈដែលតៃវ៉ាន់កំពុងប្រឈមនឹងសន្ទុះកំណើនករណីឆ្លងកូវីដ១៩ និងចំពេលដែលតៃវ៉ាន់កំពុងខ្វះវ៉ាក់សាំង។ នៅអាកាសយានដ្ឋាន សុងឆាន ក្នុងទីក្រុងតៃប៉ិក ដែលយន្តហោះយោធា មួយគ្រឿង ដឹកសមាជិកព្រឹទ្ធសភាអាមេរិក ចំនួន ៣រូប បានចុះចត គឺលោកស្រី Tammy Duckworth លោក Christopher Coons និងលោក Dan Sullivan។ លោកស្រី Tammy Duckworth បានថ្លែងថា « យើងនៅទីនេះ ក្នុងនាមជាមិត្តរបស់តៃវ៉ាន់ ព្រោះយើងដឹងថាសព្វថ្ងៃ តៃវ៉ាន់កំពុងប្រឈមនឹងការលំបាកជាច្រើន។ នេះហើយជាហេតុផលសំខាន់នៃវត្តមានរបស់យើងទាំង ៣នាក់ មកពីគណបក្សទាំងពីរ»។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចំនួនករណីឆ្លងបានស្ទុះឡើងគួរឲ្យព្រួយបារម្ភ ដែលមានប្រមាណ ១០ ០០០នាក់ និងស្លាប់ ១៦៦នាក់ គិតត្រឹមថ្ងៃអាទិត្យ ទី៦ ខែមិថុនា។ ទាក់ទងនឹងវ៉ាក់សាំង តៃវ៉ាន់ដែលមានពលរដ្ឋចំនួន ២៣លានកន្លះនាក់ ទើបទទួលបានវ៉ាក់សាំង AstraZeneca តែចំនួន ៧២៦ ៦០០ដូស និងវ៉ាក់សាំង Moderna ចំនួន ១៥០ ០០០ដូសប៉ុណ្ណោះ។ ភាពយឺតយ៉ាវនៃការទទួលវ៉ាក់សាំង ត្រូវបានតៃវ៉ាន់ចង្អុលមុខ និងទម្លាក់ការទទួលខុសត្រូវដាក់ចិនដីគោក។ គួររម្លឹកថា អាមេរិកបានផ្តាច់ទំនាក់ទំនងការទូត ជាមួយតៃវ៉ាន់ ក្នុងឆ្នាំ ១៩៧៩ ដើម្បីទទួលស្គាល់ចិនដីគោកជាតំណាងចិនផ្លូវការតែមួយ។ តែក្នុងពេលជាមួយគ្នា អាមេរិកបន្តស្ថិតជាមិត្តចាក់ទឹកមិនលេចរបស់តៃវ៉ាន់ និងជាអ្នកផ្គត់ផ្គង់អាវុធទី១ ឲ្យតៃវ៉ាន់។ ក្រៅពីអាមេរិក ជប៉ុនក៏បានប្រកាសកាលពីថ្ងៃសុក្រ ទី៤ ខែមិថុនា ពីការផ្តល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួន ១,២លានដូស ឲ្យតៃវ៉ាន់៕ AFP