ត្រីមេពូជនៅតំបន់អភិរក្សបឹងពារាំង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប បានងាប់ជាបណ្តើរៗ ដោយសារទឹករីងរាក់

0
282

បឹងពារាំងដែលជាតំបន់អភិរក្សត្រីមេពូជចម្រុះក្នុងសង្កាត់ជ្រាវជាបឹងបិទជិត បន្ទាប់ពីបឹងទន្លេសាបត្រូវបានស្រកផុតនៅរដូវប្រាំង។ បឹងពារាំងនេះតែងតែរីងស្ងួតបន្តិចម្តងៗជារៀងរាល់ឆ្នាំធ្វើឱ្យត្រីមេពូជចម្រុះ នៅក្នុងតំបន់អភិរក្សបឹងពារាំងបានងាប់ជាបណ្តើរៗ ដោយសារតែទឹកក្នុងបឹងរីងស្ងួតលឿន ។

ករណីនេះ ខាងសហគមន៍ និងជលផលបញ្ជាក់ថា ដើម្បីជួយសង្គ្រោះបឋម មានតែវិធីបូមទឹកពីស្រះដែលទើបជីកបញ្ចូលទៅក្នុងបឹងឱ្យបានឆាប់ ដើម្បីសង្គ្រោះមេពូជត្រីដែលនៅសេសសល់។ ក្នុងករណីជួយមិនបានទៀត នឹងសុំគោលការណ៍ពីសាលាក្រុង ប្រើរថយន្តដឹកទឹកយកទៅបាញ់បញ្ចូលថែមទៀតប៉ុណ្ណោះ។

ប្រធានសហគមន៍បឹងពារាំង លោកគង់ មង្គល បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមិថុនាឆ្នាំ ២០២១នេះថា ត្រីមេពូជក្នុងបឹងពារាំងចាប់បានផ្តើមងាប់ចំនួនពីរយប់មកហើយ។ យប់ថ្ងៃទី០៣ ខែមិថុនាមានងាប់តិចតួច តែយប់ថ្ងៃទី០៤មិថុនានេះ ងាប់រហូតជិត១០០គីឡូក្រាមឯណោះ មួយយប់ត្រីងាប់ជាង៥០ ក្បាលស្មើជាង៧០គីឡូក្រាម។ លោកបន្តថា កត្តាដែលធ្វើអោយត្រីមេពូជចម្រុះងាប់លឿនបែបនេះ ដោយសារកត្តាអាកាសធាតុក្តៅខ្លាំងធ្វើអោយទឹករីងហួតលឿន។

លោកគង់ មង្គល អោយដឹងទៀតថា កន្លងមកសហគមន៍បានស្នើសុំទៅរដ្ឋបាលខេត្ត និងក្រសួងកសិកម្ម ជីកជាស្រះក្នុងបឹងនេះ ដើម្បីរក្សាទឹកក្នុងការអភិរក្សត្រីមេពូជដែរ។ តែដោយសារលិខិតដឹកជញ្ជូនអាចម៍ដីចេញមានការយ៉ឺតយ៉ាវ ទើបមិនអាចបន្តជីកទៀតកើត ហើយខ្វះទឹកក្នុងការសង្គ្រោះត្រីបែបនេះ។
លោកបញ្ជាក់ថា ប្រសិនបើនៅតែបែបនេះ ត្រីមេពូជ និងហ្វូងសត្វស្លាបទឹក អាចបន្តងាប់ថែមទៀតជាមិនខាន។ តែលោករំពឹងថា ថ្នាក់ដឹកនាំខេត្តនឹងជួយពន្លឿនក្នុងការផ្តល់លិខិតដឹកអាចម៍ដីចេញ ដើម្បីបានបន្តជីកស្តារបឹងនេះទៀត។


ជាមួយគ្នានេះដែរ លោកពត វណ្ណដេត នាយរងផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានអោយដឹងដែរថា ករណីត្រីមេពូជក្នុងបឹងពារាំងងាប់យ៉ាងច្រើននេះ ខាងលោកកំពុងសហការជាមួយសហគមន៍ បូមទឹកពីក្នុងស្រះបញ្ចូល ដើម្បីសង្គ្រោះបឋម។ ក្នុងករណី ជួយមិនបាន(ខ្វះទឹក)នោះនឹងសុំគោលការពីសាលាក្រុង ប្រើប្រាស់រថយន្តដឹកទឹកយកទៅបញ្ចូលថែមទៀត។ បើមិនចឹងទេ ត្រីមេពូជអាចងាប់បន្តរហូតដល់អស់ពីបឹងក៏ថាបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here