នគរបាលស្រុកអន្លង់វែង បង្ក្រាបបានថ្នាំញៀនម៉ាទឹកកក ៧៣កញ្ចប់ និងWY ២៥៨គ្រាប់

0
315

ស្រ្តីជនជាតិវៀតណាមម្នាក់ ត្រូវបានកម្លាំងជំនាញអធិការនគរបាលស្រុកអន្លង់វែងឃាត់ខ្លួន ពីបទលាក់ទុក និងជួញដូរថ្នាំញៀនខុសច្បាប់កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ស៊ីម
វណ្ណៈ អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងប្រីយ៍ ចុះប្រតិបត្តិការស្រាវជ្រាវបង្រ្កាបករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី ងុកង្វៀង ភេទស្រី អាយុ ៤៥ឆ្នាំ ជាជនជាតិវៀតណាម រស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។

កម្លាំងជំនាញនៃអធិការនគរបាលស្រុកអន្លង់វែង បានចុះឆែកឆេរផ្ទះដែលជនសង្ស័យកំពុងស្នាក់នៅ ដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ សមត្ថកិច្ចរកឃើញ និងដកហូតបានវត្ថុតាងថ្នាំញៀនចំនួន ២ប្រភេទដូចជា៖ ថ្នាំញៀនមេតាំហ្វេតាមីន ម្សៅសថ្លា ហៅម៉ាទឹកកក ចំនួន ៧៣កញ្ចប់ និងថ្នាំញៀនមេតាំហ្វេតាមីនគ្រាប់ពណ៌ផ្កាឈូក (WY) ចំនួន ២៥៨គ្រាប់ ព្រមទាំងមានទូរស័ព្ទចំនួន២ គ្រឿង ប្រាក់រៀល ១៥ម៉ឺនរៀល និងសម្ភារៈសម្រាប់ប្រើប្រាស់ វេចខ្ចប់ គ្រឿងញៀនមួយចំនួនទៀត ។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញបានយកមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីសាកសួរ និងកសាងសុំណុំរឿងតាមនិតិវិធីច្បាប់ រួចបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here