លិខិតជាតិនិយម៖ អនាគតទំនាក់ទំនងកម្ពុជា-អាមេរិកយ៉ាងណា គួរក្រឡេកមើលបទពិសោធន៍ពីអតីតកាលឲ្យជាក់ច្បាស់សិន!

0
210

(ភ្នំពេញ)៖ មុនដំបូងបំផុតយើងត្រូវតែចងចាំជាសីលធម៌ ហើយក៏ត្រូវប្តេជ្ញាដោយការរលឹកដឹងជាប្រចាំឲ្យមុតមាំថា៖ «នៅក្នុងទំនាក់ទំនងអាមេរិក-កម្ពុជា គឺមិនត្រូវថ្លោះធ្លោយឲ្យជាន់ដានអតីតកាលជាដាច់ខាត»។ ពាក្យថា «យើង» គឺសំដៅដល់អ្នកនយោបាយអាមេរិក រួមទាំងមន្ត្រីទូតអាមេរិកនៅភ្នំពេញផងដែរ ដែលជាអ្នកពាំនាំការសម្រេចចិត្តទៅកាន់ទីក្រុងវ៉ាស៊ីងតោន និងរួមទាំងអ្នកនយោបាយខ្មែរផងដែរ។ សហរដ្ឋអាមេរិក មិនត្រូវនាំខ្មែរធ្លាក់នរកជាថ្មី ហើយប្រហែលជាមិនបណ្តោយឲ្យគេមើលឃើញថា ជាប្រទេសចក្រពត្តិសួនតួដែលមានរូបភាពអាក្រក់លើពិភពលោកនោះទេ។ កម្ពុជានិងអាមេរិក មានគម្រោងល្អៗជាច្រើនទាំងផ្នែកអភិវឌ្ឍន៍ និងពាណិជ្ជកម្ម ដែលជាឱកាសធ្វើរួមគ្នា ដើម្បីប្រយោជន៍ជាតិទៅវិញទៅមក។

ពិតណាស់ បើចង់រៀបចំទំនាក់ទំនងកម្ពុជា-អាមេរិក ឲ្យវិវត្តន៍ទៅយ៉ាងណា គឺទាល់តែមើលពីដំណើរ អតីតកាលខ្លះៗ។ យើងត្រូវយល់ដឹងថា ប្រទេសយើងទាំងពីរនេះ ត្រូវការប្រយោជន៍មិនដូចគ្នាទេ។ ពិសេសជាងនេះ កម្ពុជាត្រូវចងចាំថា «អាមេរិកជាប្រទេសមហាអំណាច» ដែលត្រូវការប្រយោជន៍ដ៏ធំមហាសាល។ ចំណែកឯកម្ពុជា គឺជាប្រទេសតូចដែលត្រូវការជាអាទិភាពបំផុតគឺសុវត្ថិភាពនិងសន្តិភាព ។ សុវត្ថិភាពរបស់ជាតិនិងប្រជាជនកម្ពុជា ក៏អាស្រ័យមុនដំបូងបំផុត គឺលើ «ស្មារតីជាតិនិយមដ៏ជ្រាលជ្រៅនិងដាច់ខាតរបស់ខ្មែរ» ក្នុងនោះរួមទាំងអ្នកនយោបាយខ្មែរសម័យថ្មីនេះផងដែរ។

ប្រវត្តិសាស្ត្រអតីតកាល បានបង្ហាញរួចហើយថា អាមេរិកប្រហែលជាពិបាក និងមិនអាចសម្រេចគោលដៅខ្លួនបានដោយងាយនោះទេ ប្រសិនបើអ្នកនយោបាយខ្មែរជំនាន់នោះ មិនចូលខ្លួនបម្រើរាល់ផែនការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់អាមេរិក នៅក្នុងនោះរួមទាំងការធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ផងដែរ។ កំហុសខាងនយោបាយនៅពេលនោះ ទីបំផុតបានបើកផ្លូវឱ្យមានសង្គ្រាមស៊ីវិល ការទម្លាក់គ្រាប់បែករាប់លានតោន និងការកើតឡើងនៃវាលពិឃាត អំពើប្រល័យពូជសាសន៍ ប៉ុល ពត។ លើសពីនេះ ប្រជាជនខ្មែរ ត្រូវជាប់ជំពាក់ថ្លៃញញួរដែលអាមេរិកដំក្បាលខ្មែរ នៅក្នុងតម្លៃទឹកប្រាក់ប្រមាណ៧០០លានដុល្លារ រហូតមកដល់បច្ចុប្បន្ន។

ទី១- តើអតីតកាលបង្រៀនយើងអ្វីខ្លះអំពីទំនាក់ទំនង អាមេរិក-កម្ពុជា?៖ យើងសាកល្បងពិនិត្យបន្ថែមទៀត រាប់ចាប់ត្រឹមពីជំនាន់សម្តេចព្រះ នរោត្តម សីហនុ។ សម្តេច សីហនុ មិនសូវចូលចិត្ត អាមេរិក នោះទេ ហើយ អាមេរិក ក៏មិនសូវចូលចិត្តសម្តេច សីហនុ វិញដែរ។ អ្នកនយោបាយអាមេរិកធ្លាប់ហៅសម្តេច សីហនុ ថា «Play Boy»។ ទំនាក់ទំនងដែលមិនស៊ីគ្នានេះ ទីបំផុត ក៏កើតមានបាតុកម្ម ដុតស្ថានទូតអាមេរិក នៅទីក្រុងភ្នំពេញ។

ជាមួយគ្នានោះដែរ នៅក្នុងបរិបទនៃសង្គ្រាមត្រជាក់ នៃការប្រកួតឥទ្ធិពលរវាងប្លុកសេរី និងប្លុកកុម្មុយនិស្ត គឺសម្តេច សីហនុ បានប្រកាន់យក «គោលជំហរអព្យាក្រិត្យ» នៅក្នុងនយោបាយការបរទេសរបស់កម្ពុជា។ ក៏ប៉ុន្តែ ការខំដណ្តើមប្រៀបឈ្នះគ្នារបស់មហាអំណាច បានចាប់បង្ខំថ្នាក់ដឹកនាំកម្ពុជា មិនអាចអនុវត្តបន្ទាត់នយោបាយដោយឯករាជ្យ និងដោយងាយស្រួល តាមដែលខ្លួនចង់បាននោះទេ។ លើភាពជាក់ស្តែង អាមេរិក មិនឲ្យកម្ពុជាងាកទៅប្លុកកុម្មុយនិស្ត ហើយ កម្ពុជា ក៏មិនអាចរក្សាជំហរនៅអព្យាក្រិត្យដូចដែលខ្លួនចង់បាននោះពិតមែន។

ទីបំផុត អាស្រ័យដោយស្ថានការណ៍កាន់តែទុំជោ អាមេរិក បានគាំទ្រក្រុម លន់ ណុល និង សិរិមតៈ ឲ្យធ្វើរដ្ឋប្រហារទម្លាក់ សម្តេច សីហនុ ដើម្បីខ្លួនអាចប្រើប្រាស់ទឹកដីរបស់កម្ពុជា សម្រាប់ការបង្វែរទិសសមរភូមិប្រយុទ្ធ ដើម្បីខ្លួនអាចដកកងទ័ពចេញពីប្រទេសវៀតណាម។ ងាកមកកម្ពុជាវិញ! តើបានផលប្រយោជន៍អ្វី? ពិតណាស់ ដោយសារការគាំទ្ររបស់អាមេរិក គឺក្រុម លន់ ណុល និង សិរិមតៈ អាចធ្វើរដ្ឋប្រហារផ្តួលរំលំសម្តេចព្រះ នរោត្តម សីហនុ បានដោយជោគជ័យ។ ប៉ុន្តែ តើពួកគេអាចយកជោគជ័យនោះ មកបម្រើខ្មែរបានទេ? យកមកកសាងកម្ពុជាបានទេ? គឺមិនបានទេ ហើយការរំពឹងទុកគឺខុសស្រឡះ។ រឿងដ៏អាក្រក់ គឺខ្មែរស្អប់ខ្មែរកាន់តែខ្លាំង! ខ្មែរបែកបាក់កាន់តែខ្លាំង។

ករណីខាងលើនេះបញ្ជាក់ថា មិនមែនជាអ្វីដែលប្រទេសតូចដូចកម្ពុជាចង់នោះទេ ប៉ុន្តែគឺជាអ្វីដែល «មហាអំណាចចង់» ហើយគេមានលទ្ធភាព និងមធ្យោបាយគ្រប់គ្រាន់ក្នុងការសម្រេចគោលដៅរបស់គេ។ លើសពីនេះ អ្វីដែលជាមេរៀនសម្រាប់ខ្មែរគឺនៅត្រង់ថា «បើខ្មែរមិនលក់ក្បាល» ដូចករណី លន់ ណុល និង សិរិមតៈ នោះកម្ពុជាមិនអន្តរាយក្រោមអន្ទាក់ដុល្លារ និងអំណាចនយោបាយជាអ្នកដឹកនាំដែលគ្មានខ្លឹមសារនោះទេ។ តើអាមេរិកត្រូវការសិរិមតៈ? ប្រើចប់គឺចប់!។

ទី២- ខ្មែរត្រូវយល់ដឹងនិងចងចាំថា «ខ្មែរស្អប់ណាស់ ជនដែលលក់ក្បាលឲ្យបរទេស»៖ តើមានន័យដូចម្តេច? អ្នកនយោបាយខ្មែរខ្លះនៅពេលនោះ គឺត្រឹមតែជាឧបករណ៍បម្រើភូមិសាស្ត្រនយោបាយបរទេសតែប៉ុណ្ណោះ។ បន្ទាប់ពីនោះ កំហឹងជាតិនិយមបានកើតឡើង។ ប្រជាជនកម្ពុជាស្អប់ពួក លន់ ណុល ដែលលក់ក្បាលឱ្យបរទេស។ ការតស៊ូប្រជាជនបានចាប់ផ្តើម រហូតដល់យកឈ្នះលើពួក លន់ ណុល។ ក្រោយជ័យជម្នះ ពួក ប៉ុល ពត បានបើក «ការបោសសម្អាត»មុនគេលើពួក លន់ ណុល ហើយអនុវត្តបន្តដល់ឫសគល់។ គឺខ្មែរសម្លាប់ខ្មែរ បរទេសឃ្លាតឆ្ងាយទៅបាត់ ហើយឈរឱបដៃសើចមើលទុក្ខវេទនាខ្មែរពីចម្ងាយ។

មេរៀនអតីតកាលនេះ ខ្មែរបច្ចុប្បន្នមិនត្រូវមើលរំលង មិនត្រូវភ្លេច ហើយកុំឲ្យជ្រើមជ្រួលទៅនឹងការសរសើររបស់បរទេស។ ខ្មែរគួរចងចាំថា នៅក្នុងផ្នត់គំនិតបរទេស អ្នកគ្មានតម្លៃស្មើនឹងគេទេ។ គេជាប្រទេសមហាអំណាច ជាប្រទេសអ្នកមាន។ កឹម សុខា! ឃើញបរទេសអង្គុយជិត ថតរូបជាមួយ មិនមែនមានន័យថា គេសរសើរឧត្តមគតិរបស់អ្នកទេ។ គេយល់ថា អ្នកជាឧបករណ័ថ្មីមួយទៀត ដែលគេអាចប្រើប្រាស់បាន ដើម្បីយកទៅជល់ជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន និងដើម្បីជែងភូមិសាស្ត្រនយោបាយជាមួយមហាអំណាចចិនប៉ុណ្ណោះ។ ប៉ុន្តែ បើអ្នកគិតថា ដើម្បីបានអំណាច ទោះធ្វើឆ្កែបរទេសក៏សុខចិត្តដែរ នោះអ្នកក៏គួរត្រូវព្រមទទួលយកការផ្តន្ទាទោសក្នុងនាមជា «ជនក្បត់ជាតិ» ផងចុះ។ បើអ្នកបណ្តោយខ្លួនធ្វើជាឧបករណ៍ឲ្យបរទេសមកដំខ្មែរប៉ុណ្ណា នោះគឺពួកអ្នកទេ ដែលនឹងត្រូវរងកំពិតមុនគេ តាមហ្នឹងទៅចុះ។

ខ្មែរសម័យថ្មី! សូមកុំភ្លេចអតីតកាលដ៏មានតម្លៃសម្រាប់ពិចារណា។ វាក៏មិនមែនរឿងកសាងប្រជាធិបតេយ្យឬសិទ្ធិមនុស្សនោះដែរ ប៉ុន្តែគឺជាកាស្វែងរកជនជាឧបករណ៍ សម្រាប់ប្រើក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសម្រាប់បម្រើផលប្រយោជន៍របស់គេ។ ដំណើររបស់មហាអំណាច នឹងបន្តប្រកួតគ្នា ដើម្បីប្រយោជន៍របស់គេ មិនឈប់ឈរទេ។ បើគេប្រើអ្នកអស់សាច់ហើយ ប៉ុន្តែបេសកកម្មរបស់គេនៅតែមិនទាន់ចប់ នោះគេក៏នៅតែស្វែងរកអ្នកថ្មីមកបន្តប្រើជាឧបករណ៍ជំនួស រហូតបំណងរបស់គេបានចប់ក្នុងដំណាក់កាលមួយ។ ដូច្នេះ គេមានបំណងនិងប្រយោជន៍របស់គេ។ តែយើងជាខ្មែរទេ ដែលត្រូវស្គាល់បំណង និងបុព្វហេតុជាតិរបស់ខ្លួនឲ្យច្បាស់ផងដែរ។ នៅក្នុងកាលៈទេសៈណាក៏ដោយ បើឧត្តមគតិជាតិរបស់យើងជ្រាលជ្រៅ ច្បាស់លាស់ និងដាច់ខាត នោះបរទេសក៏មិនអាចនាំខ្មែរឲ្យធ្លាក់នរកជាថ្មីនោះដែរ។ លើសពីនេះ កម្ពុជា គួររៀនប្តូរផ្នត់គំនិតនយោបាយ មកក្នុងប្រយោជន៍សេដ្ឋកិច្ច ស្ថិរភាពជាតិ ឯករាជ្យ និងអធិបតេយ្យជាតិ គឺប្រហែលជាវិធីល្អក្នុងការធ្វើឲ្យប្រទេសជាតិបន្តមានការរីកចម្រើន វិបុលភាព ហើយជៀសផុតពីភាពជាឧបករណ៍ភូមិសាស្ត្រនយោបាយបរទេសដែលកំពុងឡើងកម្តៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here