ឥណ្ឌូណេស៊ីនិយាយថា អាស៊ានត្រូវតែតែងតាំងប្រេសិតមីយ៉ាន់ម៉ា ជាបន្ទាន់

0
191

រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី បានអំពាវនាវដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ សូមប្រកាសជាផ្លូវការនូវប្រេសិតទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងមានបញ្ហា គឺជាងមួយខែ បន្ទាប់ពីប្លុកអាស៊ាននេះបានព្រមព្រៀងគ្នា ដើម្បីព្យាយាមបញ្ចប់ភាពចលាចល បន្ទាប់ពីរដ្ឋប្រហារយោធាមួយ។ អាស៊ានកំពុងដឹកនាំកិច្ចប្រឹងប្រែងការទូតដ៏សំខាន់លើបញ្ហាមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ បានធ្វើឱ្យប្រទេសនេះមានភាពវឹកវរ ដោយមានការសម្លាប់មនុស្សរាប់រយនាក់ ដោយកម្លាំងសន្តិសុខ ហើយមនុស្ស រាប់ពាន់នាក់ផ្សេងទៀត ត្រូវជាប់ពន្ធនាគារក្នុងការតវ៉ាប្រចាំថ្ងៃ ការធ្វើកូដកម្ម និងការរីករាលដាលនៃជម្លោះនៅក្នុងប្រទេសនេះ។ ការរីកចម្រើនជាក់ស្តែងបានកើតឡើងតិចតួចណាស់ ចាប់តាំងពីអាស៊ានបានបើកកិច្ចប្រជុំមួយ នៅរដ្ឋធានីរបស់ឥណ្ឌូនេស៊ី កាលពីខែមេសាថា ខ្លួនបានឈានដល់ “ការមូលមតិគ្នា” ជាមួយរដ្ឋជាសមាជិក ដែលគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា។ រដ្ឋមន្រ្តីក្រសួងការបរទេសលោកស្រី Retno Marsudi បានប្រាប់សន្និសីទសារព័ត៌មានតាមវីដេអូនៅទីក្រុងហ្សាការតាថា “ការតែងតាំងប្រេសិតពិសេស ត្រូវតែធ្វើឡើងជាបន្ទាន់ ហើយការប្រាស្រ័យទាក់ទងជាមួយគ្រប់ភាគីទាំងអស់ ត្រូវតែបន្តរក្សាឲ្យបាន”។ ប្រភពការទូតបាននិយាយថា ប្រធាន និងអគ្គលេខាធិការនៃប្រទេសអាស៊ានទាំង ១០ គ្រោងធ្វើដំណើរនៅទីនោះក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីតាមដានពិនិត្យរាល់ការងារដែលបានឯកភាពគ្នា ៥ ចំណុច ដែលប្លុកអាស៊ាននេះបានយល់ស្រប។ ចំណុចទាំងនោះ រួមមាន ការបញ្ចប់អំពើហិង្សា ការសន្ទនាប្រកបដោយការស្ថាបនាក្នុងចំណោមភាគីទាំងអស់ ដែលមានជម្លោះនៅមីយ៉ាន់ម៉ា។ ក្រុមមេដឹកនាំរដ្ឋប្រាហារមិនយល់ព្រមក្នុងការសន្ទនាជាមួយកងកម្លាំងប្រឆាំង ដែលបានបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលជាគូប្រជែងរបបយោធាទេ ដោយបានដាក់ឈ្មោះក្រុមនេះថា ជាភេរវករ និងជាជនក្បត់ជាតិ។ លោកស្រី Retno បាននិយាយថា “កិច្ចពិភាក្សាដែលមានបញ្ចូលគ្រប់ភាគីទាំងអស់គួរតែត្រូវបានលើកទឹកចិត្ត ដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងដើម្បីនាំលទ្ធិប្រជាធិបតេយ្យត្រឡប់មកមីយ៉ាន់ម៉ាវិញ ស្របតាមឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា”៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here