មន្ទីរវប្បធម៌ខេត្តក្រចេះគ្រោងរៀបចំផ្ទះសសរ១០០ធ្វើជាសារមន្ទីរខេត្តនៅពេលខាងមុខ

0
175

ក្រចេះ៖ មន្ទីរវប្បធម៌ខេត្តក្រចេះគ្រោងរៀបចំផ្ទះសសរ១០០ធ្វើជាសារមន្ទីរខេត្តនៅពេលខាងមុខ ដើម្បីបន្សល់ទុកជាបេតិកភណ្ឌជាតិ សម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់។

លោកស្រី ហ៊ុក ផល្លីនី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ មានប្រសាសន៍ថា កន្លងមកនេះមន្ទីរបានធ្វើការប្រមូលវត្ថុបុរាណពីវត្តចំណាស់ៗជាច្រើននិងវត្ថុបុរាណដែលបានបាក់បែកពីទីទួលប្រាសាទនានាដែលមានអាយុកាលរាប់រយឆ្នាំ យកមករក្សាទុកនៅសារមន្ទីរខេត្តដើម្បីដាក់តាំងបង្ហាញជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិបានចូលទស្សនា។ លោកស្រីបន្តថា បច្ចុប្បន្នក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំជាន់ខ្ពស់សារមន្ទីរជាតិបានគ្រោងដាក់ផ្ទះសសរ១០០ជាទីតាំងថ្មីជំនួសសារមន្ទីរខេត្តចាស់ បន្ទាប់ពីការតាំងពិព័រណ៍ផ្ទះសសរ១០០ចប់រួចរាល់នាពេលខាងមុខ។

សំឡេង៖ “ហើយតទៅមុខទៀត ក្រសួងមានគម្រោង ធ្វើជាសារមន្ទីរខេត្ត នៅពេលដែលចប់តាំងពិព័រណ៍ អ៊ីចឹងមន្ទីរវប្បធម៌ខេត្តនឹងបញ្ជូនវត្ថុបុរាណ ពីក្នុងសារមន្ទីរវប្បធម៌ ទៅដាក់នៅផ្ទះសសរ ១០០ ហ្នឹងតែម្តង គឺយើងធ្វើជាសារមន្ទីរវប្បធម៌នៅផ្ទះសសរ១០០។

លោកស្រី បន្ថែមថា ក្រុមការងារមន្ទីរ នឹងធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ក្រុងក្រចេះ ដ៏ចំណាស់មានទាំងផ្ទះសសរ១០០និងវត្ថុបុរាណចំណាស់ដទៃទៀត ដែលមានអាយុកាលជាង១០០ឆ្នាំឡើងទៅ”។

សូមបញ្ជាក់ថា ផ្ទះបុរាណសសរ១០០នេះ មានអាយុកាលជាង២០០ឆ្នាំស្ថិតនៅភូមិកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានរុះរើពីថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២០ មកសាងសង់ឡើងវិញនៅក្នុងបរិវេណខាងលិចវិហារបុរាណវត្តរការ កណ្តាលក្រុងក្រចេះដោយសាងសង់ចប់រួចរាល់នៅថ្ងៃទី១២ ខែមេសាឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here