អភិបាលខេត្ត​កណ្តាល បញ្ជាក់​រឿង​ជម្លោះដីធ្លី រវាង​ក្រុម​យោធា ជាមួយ​ប្រជាពលរដ្ឋ ឈានដល់​ការផ្ទុះអាវុធ

0
315

ភ្នំពេញៈ សមត្ថកិច្ច កំពុងតែ​ស្រាវជ្រាវ ករណី​ជម្លោះដីធ្លី រវាង​ក្រុម​យោធា សាលា​បច្ចេកទេស តេ​ជោ ហ៊ុន សែន ជាមួយ​ប្រជាពលរដ្ឋ ប្រមាណ​ជាង ១០០​នាក់ ដែលមាន​ការប៉ះទង្គិច​គ្នា ឈានដល់​ការផ្ទុះអាវុធ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ រងរបួស​។ ករណី​ជម្លោះដីធ្លី​នេះ កើតឡើង​កាលពី​ម៉ោង​ជិត ១ រសៀល ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១ នៅ​ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា មាន​ប្រជាពលរដ្ឋ ចំនួន​ប្រមាណ​ជាង ១០០ នាក់ តំណាង​ឲ្យ ១៧០ គ្រួសារ ប្រដាប់​ដោយ​កាំបិត ដំបង និង ដប​សាំង ស្ថិតនៅក្នុង​ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល បាននាំគ្នា​ដុត​កង់ឡាន និង​បិទ​ផ្លូវជាតិ​លេខ​៥១ ដើម្បី​តវ៉ា​រឿង​ដីធ្លី ដែលមាន​ទំហំ​ជិត ៣០០ ហិកតា ដែលជា​កម្មសិទ្ធិ​របស់ សាលា​បច្ចេកទេស​តេ​ជោ ហ៊ុន សែន​។ ហើយ​ការបិទផ្លូវ តវ៉ា​នេះ បន្ទាប់ពី​ខាង​ភាគី​យោធា បាន​យក​ត្រាក់ទ័រ កាយ​ព្រំដី​របស់​សាលា ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ព្រម និង​បាន​យក​ដប​សាំង គប់​លើ​គ្រឿងចក្រ ខាង​យោធា ក៏​បាញ់​ភ្ជុ​ច​ដី ក៏​ផ្លាត​ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់ រងរបួស​។​

ទាក់ទង​ករណីនេះ លោក គង់ សុ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​មានប្រសាសន៍ នៅ​ល្ងាច​ថ្ងៃទី​៣ ខែមិថុនា​នេះ​ថាៈ ចំពោះ​ករណីនេះ សមត្ថកិច្ច កំពុងតែ​ស្រាវជ្រាវ និង​ទៅសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែល​រងរបួស កំពុងតែ​សម្រាក នៅ​មន្ទីរពេទ្យ​។​

​អភិបាលខេត្ត​កណ្តាល បានបញ្ជាក់​ថាៈ ក្រុម​យោធា គឺ​ការពារ​ដី​របស់​រដ្ឋ សម្រាប់​ផលប្រយោជន៍ ក្រសួងការពារជាតិ និង​ក្រសួងបរិស្ថាន នៅពេល​ពួកគាត់ កាយ​ព្រំដី ដើម្បី​កំណត់​ដី​រដ្ឋ ហើយ​គាត់ ក៏​ទប់​ស្មារតី​មិនបាន ហើយ​ប្រជាពលរដ្ឋ ឈូឆរ និង​មាន​អ្នក​បំផុស ស្រែក​ពីក្រោយ និង​មាន​ក្រុម​បង្កើត ជា​ចលនា​។ ឥឡូវ លោក​កំពុងតែ​ខិតខំ​ធ្វើការ សម្របសម្រួល​ដោះស្រាយ ហើយ​អាជ្ញាធរ កំពុងតែ​ខិតខំ​ធ្វើ​ហើយ​។​

​លោក​អភិបាលខេត្ត បាន​អះអាងថាៈ មានការ​ដុត​ឆេះ​គ្រឿងចក្រ របស់​ភាគី​ខាង​យោធា ដែល​បាន​យកមក កាយ​កំណត់​ព្រំដី​របស់​រដ្ឋ​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​ខេត្តកណ្តាល ស្តីពី​ការប្រមូលផ្ដុំ ការតវ៉ា​របស់ ប្រជាពលរដ្ឋ ឈានដល់​ការបិទ​ផ្លូវជាតិ​លេខ​៥១ នៅ​ចំណុច​ដី​រដ្ឋ (​ដីចម្ការ​បារាំង​) ស្ថិតនៅ ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល នៅ​ថ្ងៃទី​៣ ខែមិថុនា បាន​ឲ្យ​ដឹងថាៈ រដ្ឋបាលខេត្ត សូម​ជម្រាប​ជូនដំណឹង ដល់​ប្រជាពលរដ្ឋ នៅ​ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល ដែល​កំពុងធ្វើការ​តវ៉ា បិទផ្លូវ​ជាតិ​លេខ​៥១ ត្រង់ចំណុច​ដី​រដ្ឋ (​ដីចំការ​បារាំង​) ឱ្យបាន​ជ្រាបថា ដីចម្ការ​បារាំង ជា​ដី​រដ្ឋ ដែល​រាជរដ្ឋាភិបាល គ្រោង​រៀបចំ​មួយផ្នែក សម្រាប់​ប្រើប្រាស់ ជា​ប្រយោជន៍ វិស័យ​ការពារជាតិ និង​មួយផ្នែក​ទៀត ប្រើប្រាស់​សម្រាប់​វិស័យ​បរិស្ថាន ជាទី​តាំង​សម្រាប់ ទុកដាក់​សំរាម និង​សំណល់​រឹង ចុងក្រោយ​កម្រិត​តំបន់​។​

​ទន្ទឹមនេះ ក្រុមការងារ គណៈកម្មការ​អន្តរក្រសួង ដោះស្រាយ​ផលប៉ះពាល់ កំពុង​ខិតខំ​សិក្សា ស្រាវជ្រាវ ដើម្បី​ឈានដល់​ការដោះស្រាយ គោលនយោបាយ ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​អាស្រ័យ​ផល ពិតប្រាកដ ក្នុង​រង្វង់​ដីចំការ​បារាំង ទំហំ​ប្រមាណ ២៨០ ហិកតា ស្ថិតនៅ​ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្តកណ្តាល ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បើកផ្លូវ​ឱ្យមាន​ការធ្វើ​ចរាចរណ៍ ជាធម្មតា​ឡើងវិញ និង​សូម​មានការ​អត់ធ្មត់ ចូលរួម​ការសម្របសម្រួល ដោះស្រាយ ជាមួយ អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រុមការងារ​គណៈកម្មការ អន្តរក្រសួង ដោះស្រាយ​ផលប៉ះពាល់​។ ករណី​មិន​គោរព​តាម ការណែនាំ​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចាត់វិធានការ តាមផ្លូវ​ច្បាប់ ជា​ធរមាន​៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here