រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃពុធថា លោកប្រធានាធិបតី Joe Biden អាចនឹងប្រកាសសេចក្តីលម្អិតនៅថ្ងៃព្រហស្បតិ៍នេះ អំពីផែនការរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ការចែកចាយវ៉ាក់សាំងកូវីដ១៩ ចំនួន ៨០ លានដូស នៅទូទាំងពិភពលោក។លោកថ្លែងថា “ខ្ញុំចង់ឲ្យអ្នកដឹងផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃដ៏ខ្លីនេះ ប្រហែលជានៅថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីនឹងប្រកាសលម្អិតអំពីផែនការដែលបានដាក់បញ្ចូលគ្នា ដើម្បីចែកចាយវ៉ាក់សាំងចំនួន ៨០ លានដូសនៅជុំវិញពិភពលោក”។ លោក Blinken បានប្រកាសបែបនេះ នៅឯការជួបជុំមួយនៅស្ថានទូតអាមេរិកប្រចាំនៅប្រទេសកូស្តារីកា។ លោក Blinken បានបញ្ជាក់ជាថ្មីថា ផែនការចែកចាយវ៉ាក់សាំងរបស់អាមេរិកនឹងត្រូវបានសម្របសម្រួល ជាមួយកន្លែងចែកចាយវ៉ាក់សាំង COVAX និងផ្អែកលើតម្រូវការ “ដោយគ្មានរបៀបវារៈនយោបាយណាមួយចងភ្ជាប់ជាមួយឡើយ”។ “ដូចយើងកំពុងធ្វើដែរ យើងកំពុងខិតខំយ៉ាងខ្លាំងក្នុងការបង្កើនសមត្ថភាពផលិតនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក ដូច្នេះយើងអាចឈានមុខគេលើបញ្ហានេះ ហើយក្លាយជាអ្នកដឹកនាំក្នុងការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌពិភពលោក”។ លោក Blinken បាននិយាយទៀតថា គន្លងនៃការចាក់វ៉ាក់សាំង កាលពីប៉ុន្មានសប្តាហ៍មុន បង្ហាញថា មនុស្ស ៧០% -៨០% នៅទូទាំងពិភពលោកអាចនឹងមិនត្រូវបានចាក់វ៉ាក់សាំងទេ រហូតដល់ឆ្នាំ ២០២៤ ។ លោកមានប្រសាសន៍ថា “យើងអាចបង្កើនល្បឿននេះ ដោយយើងនឹងខិតខំបង្កើនល្បឿននេះឲ្យបានរហ័សបំផុត”។ ខ្ញុំគិតថា យើងមានឱកាសក្នុងការសម្រេចកិច្ចការនេះ នៅដំណាច់ឆ្នាំក្រោយ។ លោក Blinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅកូស្តារីកា កាលពីថ្ងៃអង្គារថា រដ្ឋបាលលោក បៃដិន នឹងផ្តោតលើការចែកចាយវ៉ាក់សាំងឱ្យបានស្មើភាពគ្នា និងមិនភ្ជាប់របៀបវារៈនយោបាយទៅនឹងដំណើរការនេះទេ ដែលរឿងដូចគ្នានេះ បានទទួលការរិះគន់ទៅលើប្រទេសចិនរួចទៅហើយ។ លោក Biden បាននិយាយថា រដ្ឋបាលរបស់លោកនឹងបញ្ជូនវ៉ាក់សាំង Pfizer Inc យ៉ាងហោចណាស់ ២០ លានដូស ទៅបរទេស និងបញ្ជូនវ៉ាក់សាំង BioNTech , Moderna និងវ៉ាក់សាំង Johnson & Johnson ចំនួន ៦០ លានដូស គ្រោងនឹងផ្តល់ទៅឱ្យប្រទេសដទៃទៀត។ រដ្ឋបាលរបស់លោក បៃដិន បានរងសម្ពាធក្នុងការចែករំលែកវ៉ាក់សាំង ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលពីប្រទេសឥណ្ឌា ដល់ប្រេស៊ីល ដែលអ្នកជំនាញផ្នែកសុខភាពភ័យខ្លាចថា មានមេរោគថ្មីដែលងាយនឹងឆ្លង ហើយអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងបង្ការជំងឺនេះទៀតផង៕ Reuters