ទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលមានទីតាំងនៅខេត្តសៀមរាប បានប្រគល់វត្ថុបុរាណចំនួន ៥ប្រភេទ ជូនដល់អាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុក

0
97

កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ ថ្នាក់ដឹកនាំ នៃទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានប្រគល់វត្ថុបុរាណចំនួន ៥ប្រភេទ ជូនដល់អាជ្ញាធរជាតិអប្សរា ក្រោមវត្តមានឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្ដមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធាយោធភូមិភាគ៤ ព្រមទាំងថ្នាក់ដឹកនាំ នៃអង្គភាពទាំងពីរជាច្រើនរូបទៀតបានចូលរួម។

ឯកឧត្ដមឧត្តមសេនីយ៍ឯក ពៅ ហេង បានមានប្រសាសន៍ថា វត្ថុបុរាណទាំង៥នេះ រួមមាន ៖ ១- សសរពេជ្យមួយកំណាត់តូច , ២- កំពូលប្រាសាទតាមជ្រុងនៃប្រាសាទធំ , ៣- ឆ្នាំងថ្នាំមួយ , ៤- ដុំហោជាងផ្នែកខាងលើ មានកំណាត់ព្រះសិររូបព្រះមួយផ្នែក និងទី ៥- បង្គោលព្រះទិសមួយដុំ ត្រូវបានកងទ័ពរកឃើញនៅតាមទីកន្លែងផ្សេងៗកាលពីពេលកន្លងមក ហើយការប្រគល់វត្ថុបុរាណជូនដល់អាជ្ញាធរជាតិអប្សរានាពេលនេះ គឺមិនមែនជាលើកទី១ទេ ដែលកងទ័ពបានប្រគល់វត្ថុបុរាណជូនស្ថាប័នជំនាញដូចជាអាជ្ញាធរជាតិអប្សរានេះដើម្បីយកទៅថែរក្សា និងអភិរក្សបន្តទៀត ដែលវត្ថុបុរាណទាំង៥នេះ ជាវត្ថុដ៏មានតម្លៃក្រៃលែងផ្នែកបុរាណវិទ្យា ត្រូវបានរកឃើញនារយ:ពេលកន្លងមក។

សូមជម្រាបជូនថា ក្រៅពីការទទួលវត្ថុបុរាណចំនួន ៥ប្រភេទនេះ ពីទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ នាពេលនោះ កន្លងមកអាជ្ញាធរជាតិអប្សរា ក៏ធ្លាប់បានទទួលវត្ថុបុរាណពីស្ថាប័នពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋនានាដែលបានប្រទះឃើញ និងស្ម័គ្រប្រគល់ជូនអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការថែរក្សា និងអភិរក្ស សម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ បានឃើញបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here