តំណែងប្រធានអនុគណៈកម្មការវេជ្ជសាស្ត្រ និងដូពីងនៃ CAMSOCមានអ្នកជំនួស

0
497

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣(CAMSOC)បានបើកកិច្ចប្រជុំពិសេសមួយ កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ដើម្បី តែងតាំងលោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ជាប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងដូពីងនៃ CAMSOC ជំនួសលោកវេជ្ជបណ្ឌិត ស្តើង ជា ដែលបានទទួលមរណភាព។
លោកវេជ្ជបណ្ឌិតស្ដើង ជាគឺជាមនុស្សទី៤ដែលបានទទួលមរណភាពដោយសារជម្ងឺកូវីដ ១៩ ។លោកទទួលមរណភាពក្នុងវ័យ
៧៥ឆ្នាំកាលពីថ្ងៃទី២២មីនាឆ្នាំ២០២១នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ថា នេះជាកិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុនដើម្បីប្រកាសតែងតាំងប្រធានគណៈកម្មការវេជ្ជសាស្ត្រនិងដូពីងអមគណៈកម្មាធិការជាតិCAMSOCបន្ទាប់ពីទទួលបានការសម្រេច
ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣
( CAMSOC) កាលពីពេលថ្មីៗនេះ។
លោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ធ្លាប់មានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងការងារវេជ្ជសាស្ត្រកីឡា ។ គណៈកម្មការវេជ្ជសាស្ត្រ និងដូពីងនឹងបន្តជួយដល់ការថែរក្សាសុខមាលភាព ជួយដល់វិធានការបង្ការជំងឺកូវីដ-១៩ដល់កីឡាករ កីឡាការិនី ព្រមទាំងសហការជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡាផងដែរ ក្នុងការថែទាំសុខភាពក្រុមអត្តពលិក ក្នុងការហ្វឹកហាត់ និងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេសទៀតផង។
ក្រោយពីការប្រកាសតែងតាំងជាផ្លូវការនេះហើយលោកព្រឹទ្ធបុរសវេជ្ជបណ្ឌិតសុកសារឿននឹងទៅក្លាយជាសមាជិកពេញសិទ្ធិរបស់គណៈកម្មការវេជ្ជសាស្ត្រនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ទៀតផង ហើយពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លោកក៏នឹងក្លាយជាប្រធានគណៈកម្មការវេជ្ជសាស្រ្តស៊ីហ្គេម តាមលំនាំនៃបណ្តាប្រទេសនានា ដែលធ្វើម្ចាស់ផ្ទះដូចគ្នា។ ជាមួយគ្នានោះ ប្រធានវេជ្ជសាស្ត្រថ្មីរូបនេះក៏ត្រៀមខ្លួន ក្នុងការរៀបចំកីឡាករ កីឡាការិនី និងការចូលរួមប្រជុំជាមួយម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម នាចុងឆ្នាំ២០២១នេះដើម្បីដកស្រង់បទពិសោធន៍លើកិច្ចការវេជ្ជសាស្ត្រកីឡានិងសារធាតុដូពីងត្រឡប់មករៀបចំសម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជាផងដែរ។
លោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ក៏បង្ហាញនូវភាពរីករាយជាខ្លាំងជាមួយឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញបេសកកម្មថ្មីៗសម្រាប់វិស័យកីឡាកម្ពុជាហើយលោកនឹងជួយបណ្តុះបណ្តាលដល់គ្រូបង្វឹកជម្រើសជាតិនានានូវអ្វីដែលហៅថាវេជ្ជសាស្ត្រកីឡា ជួយដល់វិទ្យាសាស្ត្រកីឡា ហើយវេជ្ជសាស្ត្រកីឡាជួយដល់ការបង្កើនគុណផលកីឡា ក្នុងពេលហ្វឹកហាត់ ព្រមទាំងជួយដល់ការយល់ដឹងពីរបបអាហារូបត្ថម្ភរបស់កីឡាករកីឡាការិនីដែលត្រូវស្តារថាមពលកម្លាំងឡើងវិញក្រោយពេលហ្វឹកហាត់ជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here