ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់គុនខ្មែរបាន សម្រេចបង្កើត គណៈកម្មកាចំពោះកិច្ចមួយ ដើម្បីដឹកនាំពង្រឹងនូវការហ្វឹកហាត់របស់
ក្រុមអ្នកប្រដាល់ជម្រើស សម្រាប់ចូលរួម ប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នាចុងឆ្នាំនេះនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
លោករាជ សុផែន អគ្គលេខាធិការរង និងប្រធាបនគណៈកម្មការផែនការ និងឃោសនាព័ត៌មាន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ឲ្យដឹងថា គណៈកម្មការចំពោះកិច្ចនេះ មានភារកិច្ចតាមដាន ការហ្វឹកហាត់ដើម្បីពង្រឹង សមត្ថភាពអ្នកប្រដាល់ជម្រើសជាតិ មិនត្រឹនតែ
សម្រាប់ស៊ីហ្គេមឆ្នាំ២០២១ ប៉ុណ្ណោះទេ តែសម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះទៀតផង ។
កីឡាប្រដាល់ជម្រើសជាតិគុនខ្មែរ មានចំនួន១៣រូប ក្នុង៩ប្រភេទទម្ងន់ ដែលក្នុងនោះ មានអ្នកប្រដាល់ភុន ពិសិតទម្ងន់៤៥គីឡូក្រាម
កីឡាករសៃនី សៃណេតទម្ងន់៤៨គីឡូក្រាម ខាំ ខ្លានាងទម្ងន់៥១គីឡូក្រាម ។អ្នកប្រដាល់រិន ដាវីដ; កាន់ ម៉េងហុង និង ហ៊ឹម គឹមរៀងទម្ងន់៥៤
គីឡូក្រាមដូចគ្នា ។អ្នកប្រដាល់លី សុជាតិទម្ងន់៥៧គីឡូក្រាម ឃុន បូរ៉ាទម្ងន់៦០គីឡូក្រាម អ្នកប្រដាល់សោម ពិសិដ្ឋ និង ប៉ោ ភារិទ្ធដែលមានទម្ងន់៦៣,៥០គីឡូក្រាមដូចគ្នា អ្នកប្រដាល់ឡៅ ចិត្រា និង លនបញ្ញាទម្ងន់៦៧គីឡូក្រាមដូចគ្នា និង អ្នកប្រដាល់ឡៅ ចិន្ត្រា
ទម្ងន់៧១គីឡូក្រាម ។ចំពោះគ្រូបង្វឹកគឺលោកហេង ប៊ុនឃីម និងលោកសេន ប៊ុនថេន ។
សម្រាប់៣ប្រភេទទម្ងន់ ដែលមាន អ្នកប្រដាល់ទម្ងន់ជាន់គ្នានោះ លោករាជ សុផែនបានពន្យល់ថា នឹងត្រូវធ្វើការប្រកួតជម្រុះជា
បណ្ដើរៗ តែមិនមែនប្រកួតតែមួយលើក នឹងត្រូវបញ្ចប់នោះទេ គឺត្រូវឆ្លងកាត់ការប្រកួត ជម្រុះជាច្រើនលើក ដើម្បីឲ្យពួកគេមានឱកាសប្រជែង
គ្នាកាន់តែច្រើន ទើបសហព័ន្ធរកបានកីឡាករ ដែលមានគុណភាពពិតៗ ។
ប្រដាល់គុនខ្មែរជាប្រភេទកីឡា ដែលមានសក្ដានុពលខ្លាំងមួយ ដែលធ្លាប់ប្រជែង បានមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដោយ
នាគខ្មៅជាយដែនឃុន ឌីម៉ា ។ឯកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ នៅតែមានជំនឿចិត្តថា គុនខ្មែរនឹងរកបានមេដាយពីការប្រកួតកីឡាស៊ីហ្កេម បន្តទៀតជាមិនខានឡើយ ៕