ការដែលមនុស្សម្នាប្រារឰពិធីបុណ្យវិសាខបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គល អភិ លក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ ៖
១-ទ្រង់ប្រសូតចាកឧទរមាតា
២-ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញ្ញាណ
៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន
សម្ដេចព្រះបរមសាស្ដ្រាចារ្យនៃពុទ្ធសាសនិក ទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង និងទ្រង់បរិនិព្វាន សុទ្ធតែនៅក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ទាំងអស់ខុសតែឆ្នាំប៉ុណ្ណោះ ។ ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញខាងពុទ្ធសាសនាបានចងក្រងជាគាថាទុកដូច្នេះថា ៖ អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ
ប្រែសេចក្ដីថា ៖ ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ខុសតែឆ្នាំ) ។ ជាប្រពៃណី ពិធីបុណ្យវិសាខបូជា មនុស្សម្នាតែងនាំគ្នាប្រារព្វធ្វើក្នុងវេលារាត្រី ព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី” មានសេចក្ដីថា ខែពេញបូណ៌មី ។
សូមគុណបុណ្យព្រះពុទ្ធ និងគុណព្រះធម៌ ក្នុងថ្ងៃ១៥កើត ខែពិសាខ ចូលពុទ្ធសករាជ២៥៦៥ ជួយបវាសបញ្ជៀសចេញឱ្យឆ្ងាយនូវជម្ងឺរាតត្បាតចង្រៃ កូវីដ-១៩ ពីព្រះរាជាណាចក្រកម្ពុជាឱ្យអស់ក្នុងពេលឆាប់ៗនេះកុំបីខាន៕