លោកតា Lessie Benningfield Randle អាយុ ១០៦ ឆ្នាំ នៅតែអាចចាំបានថា ផ្ទះមួយដែលព័ទ្ធជុំវិញដោយអណ្តាតភ្លើង និងសាកសពដែលដាក់គំនរក្នុងឡានដឹកទំនិញ ជារឿងគួរភ័យរន្ធត់ ដែល ១០០ ឆ្នាំក្រោយមក បាននាំឱ្យមានការសន្យារបស់លោកប្រធានាធិបតី Joe Biden ឱ្យធ្វើការដើម្បីរកយុត្តិធម៌ពូជសាសន៍។ នៅក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រលោកតា Randle ថា “កាលនោះខ្ញុំនៅក្មេង ប៉ុន្តែខ្ញុំចាំបានថា រត់ហើយទាហានកំពុងចូល”។ ថ្ងៃច័ន្ទ គឺជាថ្ងៃគម្រប់ខួប ១០០ឆ្នាំ នៃការសម្លាប់រង្គាលមួយ ដែលផ្តោតលើសហគមន៍អាហ្រ្វិកអាមេរិក នៅក្នុងស្រុក Greenwood ដែលហៅក្រៅថា Black Wall។ បន្ទាប់ពីបុរសជនជាតិស្បែកខ្មៅម្នាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភលើនារីជនជាតិស្បែកស ដែលជាការចោទប្រកាន់ដែលមិនធ្លាប់មាន ក្រុមកុប្បកម្មស្បែកសបានបាញ់សម្លាប់ជនជាតិស្បែកខ្មៅ ប្លន់ផ្ទះ និងអគារជាង ១.០០០ ត្រូវបានបំផ្លាញ។ មនុស្សប្រមាណ ៣០០ នាក់ ត្រូវបានសម្លាប់ រាប់ពាន់នាក់គ្មានផ្ទះសម្បែង និងសហគមន៍ទាំងមូល ដែលជានិមិត្តរូបនៃជនជាតិអាមេរិកស្បែកខ្មៅ ត្រូវបានបំផ្លិចបំផ្លាញ។ លោក Biden បានប្រកាសកាលពីថ្ងៃច័ន្ទ នូវការចងចាំមួយថ្ងៃ ដោយអំពាវនាវឱ្យជនជាតិអាមេរិក “រួមគ្នា ដើម្បីលុបបំបាត់ការរើសអើងជាតិសាសន៍ និងជួយកសាងសហគមន៍ និងជីវិតដែលត្រូវបានបំផ្លាញឡើងវិញ”។ លោកបានទទួលស្គាល់តួនាទីរបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការដកហូតទ្រព្យសម្បត្តិ និងឱកាសពីសហគមន៍ស្បែកខ្មៅ។ លោក Biden បាននិយាយថា លោកនឹងដោះស្រាយភាពមិនស្មើភាពគ្នា នៃពូជសាសន៍ គឺ “ធានាថា គម្រោងហេដ្ឋារចនាសម្ព័ន្ធ បង្កើនឱកាស លើកកម្ពស់សមធម៌ពូជសាសន៍ និងយុត្តិធម៌ និងលើកកម្ពស់ការទទួលបានតម្លៃសមរម្យ”។ ព្រឹត្តិការណ៍ដែលទាក់ទងនឹងពិធីរំលឹកដល់ការសម្លាប់រង្គាល បានចាប់ផ្តើមមុនថ្ងៃខួប។ ការរំលឹកនេះ គ្រោងនឹងដាក់បញ្ចូលដំណើរទស្សនកិច្ចរបស់លោក Biden នៅថ្ងៃអង្គារនេះ និងការដាក់បង្ហាញសារមន្ទីរ Greenwood Rising ដែលមានតម្លៃ ២០ លានដុល្លារ៕ Reuters